
កម្លាំងសមត្ថកិច្ច និងកម្មករកំពុងបាញ់ទឹកពន្លត់ភ្លើង។ រូបថត នគរបាល
ភ្នំពេញៈ អគ្គិភ័យមួយបានបំផ្លិចបំផ្លាញឃ្លាំងស្តុកពូកមួយកន្លែង ឆេះពូកចំនួន ៥០០ ដុំអស់ទាំងស្រុង នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី ១៦ ខែមីនា ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
លោក នេត្រ វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ឃ្លាំងស្តុកពូកមួយកន្លែង ក្នុងសង្កាត់កាកាបដែលមានអ្នកគ្រប់គ្រងឈ្មោះ សុខ សារ៉ន ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុងពីម្សិលមិញ។
ការឆេះនេះបណ្ដាលមកពីការឆ្លងចរន្តអគិ្គសនី។ ឃ្លាំងស្តុកពូកនេះមានទំហំ ៧៥០ ម៉ែត្រការ៉េ ធ្វើពីដែកប្រក់ស័ង្កសី ដែលក្នុងឃ្លាំងនេះមានស្តុកពូកប្រហែល ៥០០ ដុំ ដែលត្រូវបានឆេះអស់ទាំងស្រុង ប៉ុន្តែមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
លោកឱ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលមានរយៈពេល ១ ម៉ោង គត់ការិយាល័យអគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យពីស្ថាប័នរដ្ឋ និងឯកជនផ្សេងទៀតបានប្រើប្រាស់ទឹកអស់ ២៨ ឡាន ស្មើនឹង ១២៦ ម៉ែត្រគុប។ យ៉ាងណាក៏ដោយ លោកមិនអាចប៉ាន់ស្មានថា ការខូចខាតនេះមានទំហំទឹកប្រាក់ប៉ុន្មានទេ ដោយសារតែខាងម្ចាស់គ្រប់គ្រងឃ្លាំងមិនបានរាយការណ៍។
លោក ជ្រេង ធី នាយប៉ុស្តិ៍កាកាប ២ ឱ្យដឹងថា ឃ្លាំងនេះស្តុកពូកដែលផលិតនៅក្នុងរោងចក្រក្បែរនោះ តែការឆេះនោះមិនបានរាលដាលដល់កន្លែងផលិតទេ។ «កន្លែងផលិតនៅជិតនោះ ដោយសារតែរថយន្តបាញ់ទឹកមកទាន់ពេលវេលា ស្រុះគ្នាបាញ់ពន្លត់ កុំអីហានិភ័យកាន់តែខ្ពស់ដល់ផ្ទះនៅក្បែរនោះទៀត»។
ប៉ុន្តែលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យដែលបានទៅដល់កន្លែងកើតហេតុដែរនោះថ្លែងថា តាមការអង្កេតរបស់លោក ឃ្លាំងនេះ ប្រហែលជាមិនមានសម្ភារអ្វីផ្សេងទៀតក្រៅពីពូកនោះទេ។
លោកថ្លែងថា៖ «វាឆេះមួយឃ្លាំងទៅ វារលំធ្លាក់មក។ ពេលយើងចូលទៅបាញ់ទឹកខាងក្នុងអត់ឃើញមានអីច្រើនផង។ អត់មានក្រណាត់ទេឃើញតែរបស់ ១ គរនៅកៀនម្ខាង។ ពេលយើងបាញ់អស់ទៅវាឈប់ឆេះទៅ ហើយជ្រុងម្ខាងឃើញមានជ័រ»៕