ភ្នំពេញៈ អគ្គិភ័យ ដែល​បាន​ឆាប​ឆេះ​ផ្សារ​ច្បារ​អំពៅ តាំ​ងពី​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី ១៥ ឈាន​ចូល​ថ្ងៃ ១៦ ខែ​មីនា​មក​នេះ បាន​បណ្តាល​ឲ្យតូប​ចំនួន ១៤៤៧ ខូចខាត​ ដែល​អាជ្ញាធរ​ឲ្យ​ដឹង​ថា​ ករណី​នេះ​បណ្តាល​មក​ពី​ «ឆ្លង​ចរន្ត​អគ្គិសនី»។

យោង​តាម​របាយការណ៍ពី​នគរ​បាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ ២ ដែល​មាន​លោក ទេព បូរ៉ា ជា​នាយ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា​នៅ​យប់​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែមីនា ឆ្នាំ២០១៨ មាន​អគ្គី​ភ័យ​ឆេះ​ផ្សារ​ច្បារ​អំពៅ​ ដែល​ឋិត​នៅ​ភូមិ​កណ្តាល​ សង្កាត់​ច្បារ​អំពៅ ​២ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​ ។

តាម​របាយ​ការណ៍​នេះ​ មូល​ហេតុ​ឆេះ​ បណ្តាល​មក​ឆ្លង​ចរន្ត​អគ្គីសនី ​ម្តុំ​តូប​ខាង​កើត​ផ្សារ​ ។ តូប​ដែល​ឆេះ ​សរុប​ចំនួន ៥៨៨ តូប ក្នុងនោះ​ឆេះ​តូប​ខាង​ក្នុង​ផ្សារ​ចំនួន​ ៣៤០ ​តូប​ នឹង​ឆេះ​តូប​ក្រៅ​ផ្សារ​ចំនួន​ ២៤៨​ តូប​ ដែល​​ជា​តូប​សង់​អំពី​ថ្ម​ប្រក់​ស័ង្ក​សី​មាន​ទំហំ​តូប​និមួយៗ​ស្មើ ​២ ​ម៉ែត្រ​។

រថយន្ត​ពន្លត់​អគ្គិភ័យ រាប់​សិប​គ្រឿង ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដើម្បី​ពន្លត់នេះ​ផងដែរ។

លោក​ ទេព បូរ៉ា នាយនគរបាល​ប៉ុស្តិ៍ច្បារ​អំពៅ​ ២ ថ្លែង​ថា ៖ «ក្នុង​ប្រតិបត្តិ​ការពន្លត់​អគ្គិភ័យ​ផ្សារ​ច្បារ​អំពៅ ដែល​សមត្ថកិច្ច បាន​គ្រប់​គ្រង​​ស្ថាន​ការណ៍​ទាំ​ងស្រុង​បាន នៅ​វេលាម៉ោង​ប្រមាណ ៣ និង ១០ នាទី រសៀលនេះ»៕