
បង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា។ ហុង មិនា
ភ្នំពេញៈ បន្ទាប់ពីរងការរិះគន់តាមបណ្តាញសង្គមពីអតិថិជនជុំវិញភាពមិនប្រក្រតីនៃនាឡិកាស្ទង់ដែលកើនគីឡូភ្លើងដែលនាំឱ្យតម្លៃប្រើប្រាស់ថាមពលអគ្គិសនីកើនទ្វេដងនោះ អគ្គិសនីកម្ពុជាបានបកស្រាយថាក្នុងរដូវក្តៅនេះតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីបានកើនឡើងជាងខែត្រជាក់ ព្រោះវាពាក់ព័ន្ធនឹងឧបករណ៍ដែលបំប្លែងពីក្ដៅទៅត្រជាក់។
មួយរយៈចុងក្រោយនេះ អតិថិជនជាច្រើនបានបង្ហោះវិក្កយបត្រភ្លើង ដោយបានត្អូញត្អែរពីរឿងនាឡិកាស្ទង់អគ្គិសនីដើរលឿនខុសប្រក្រតីដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។
អតិថិជនមួយរូបលោក វណ្ណ សុគន្ធា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប៉ុន្មានខែចុងក្រោយនេះតម្លៃភ្លើងបានហក់ឡើងខ្ពស់ ស្របពេលដែលផ្ទះធ្លាប់បានបើកអាជីវកម្មបានបិទដំណើរការក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩។
លោកថា៖ «ផ្ទះខ្ញុំបើកលក់ដូរ..ប៉ុន្តែក្នុងរយៈពេល ២ ខែនៃការលក់ ដោយសារជំងឺកូវីដយើងក៏លក់មិនសូវទៀងទាត់ ប៉ុន្តែបែរជាការប្រើប្រាស់ភ្លើងមានកើនឡើងជាង ៦០ ម៉ឺនរៀល ២ ខែជាប់គ្នា ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ខែចុងក្រោយនេះខែមីនា-មេសា កើនដល់ជាង ៨៧ ម៉ឺនរៀល ស្របពេលខែចុងក្រោយលោកបិទអាជីវកម្មមួយរយៈ»។
លោកបានត្អូញត្អែរថាភាពមិនប្រក្រតីនៃនាឡិកាស្ទង់ដែលនាំឱ្យកើនឡើងគីឡូនាពេលនេះ ពិតណាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។
លោកថា៖ «ដំណាក់កាលនេះ រាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ បិទការធ្វើដំណើរ បិទការចាកចេញពីផ្ទះ យើងក៏បានផ្អាកអាជីវកម្ម ប៉ុន្តែនៅពេលយើងបិទអាជីវកម្ម ថ្លៃឈ្នួលផ្ទះគេមិនផ្អាកទេហើយពេលមានបញ្ហាតម្លៃភ្លើងឡើងខ្ពស់ហួសពីការស្មានទៀតវាកាន់តែធ្វើឱ្យយើងមានការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ណាមួយថ្លៃភ្លើង ថ្លៃជួលផ្ទះ»។
បើតាមលោក សុគន្ធា ៖ «ជាការពិតពួកគាត់ (អគ្គិសនីកម្ពុជា) បានពន្យល់តាមទូរស័ព្ទ និងបញ្ជូនក្រុមការងារមកពិនិត្យនៅផ្ទះតាមលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈ និងបានពន្យល់ក្បោះក្បាយ ប៉ុន្តែគាត់នៅតែបញ្ជាក់ថាវានៅតែអស់ថ្លៃ ដោយសារយើងប្រើប្រាស់ច្រើនត្រង់ចំណុចនេះ ដោយសារបច្ចេកទេស ខ្ញុំក៏អត់យល់ដែរ មានតែបង់លុយតាមហ្នឹង ហើយខ្ញុំនឹងតាមដានបន្តទៀត ប្រសិនបើនៅតែមានការកើនឡើងខ្ញុំនឹងរិះរកវិធី ដើម្បីជួបក្រុមការងារអគ្គិសនី ឬស្នើតាមបែបបទនីតិវិធី»។
ចំណែកអតិថិជនម្នាក់ទៀតដែលបានបង្ហោះវិក្កយបត្រភ្លើងនៅលើបណ្តាញសង្គមដែរនោះបានថ្លែងថា៖ «រាល់ខែអស់ ២០ ម៉ឺនទេ ប៉ុន្តែអំឡុងពេលកូវីដអស់ ៣០ ម៉ឺនរៀល មានអ្នកណាគេឡើងភ្លើងដូចខ្ញុំអត់»។
ទន្ទឹមនេះដែរ អ្នកស្រី យិ សុភ័ណ្ឌ រស់នៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថាជាការកត់សម្គាល់គាត់ចំណាយទៅលើការប្រើប្រាស់អគ្គិសនីអស់ជាង ៤០ ម៉ឺនរៀលប៉ុណ្ណោះក្នុង ១ ខែ ប៉ុន្តែខែមេសានេះ កើនឡើងទ្វេដងពោលគឺជាង ៨០ ម៉ឺនរៀល។
លោកស្រីថា៖ «ពីមុនក្នុង ១ ខែប្រើអស់ច្រើនបំផុត ៤៦ ម៉ឺន ប៉ុន្តែជាក់ស្តែងខែមេសានេះអស់ជាង ៨០ ម៉ឺន អ៊ីចឹងវាឡើងគុណ និយាយរួមខ្ញុំអត់មានប្រើអីច្រើនទេ ឬបន្ថែមឧបករណ៍អីទេ គឺប្រើប្រាស់ដូចរាល់ដងអ៊ីចឹង គឺមានម៉ាស៊ីនត្រជាក់ ២ ទូទឹកកក ម៉ាស៊ីនហាត់ប្រាណ ម៉ាស៊ីនទឹកក្តៅ ប៉ុន្តែម៉ាស៊ីនត្រជាក់អត់បើក ១ ថ្ងៃពេញទេ គឺបើកតែពេលយប់ពេលចូលគេង»។
យ៉ាងណាក្ដី ទាក់ទងនឹងករណីនេះ អគ្គិសនីកម្ពុជាបានលើកឡើងថា ៖ «ទោះបីយើងប្រើប្រាស់សម្ភារក្នុងផ្ទះធម្មតាមិនប្រែប្រួលក៏ដោយក៏ប៉ុន្តែនៅក្នុងរដូវក្តៅនេះតម្រូវការប្រើប្រាស់ថាមពលកើនឡើងជាងខែត្រជាក់គឺពាក់ព័ន្ធនឹងឧបករណ៍ដែលបំប្លែងពីក្ដៅទៅត្រជាក់ដូចជាកង្ហារ ម៉ាស៊ីនត្រជាក់ ទូទឹកកកប្រើប្រាស់យូរជាងមុន»។
អគ្គិសនីកម្ពុជាបន្តថា នៅខែត្រជាក់ ថាមពលប្រើប្រាស់មានការថយចុះ ព្រោះមានការប្រើប្រាស់កង្ហារ និងម៉ាស៊ីនត្រជាក់តិចម៉ោងក្នុងថ្ងៃ។ ម្យ៉ាងទៀតខែត្រជាក់បើកលេខតូចក៏ត្រជាក់ដែរ។ ដូច្នេះរាល់ការប្រែប្រួលគីឡូភ្លើងកើនឡើងជាងមុន ដោយសារតែការប្រើប្រាស់របស់អតិថិជនមានតម្រូវការច្រើនជាងមុនហើយពាក់ព័ន្ធនឹងរដូវក្តៅឧបករណ៍ដែលដើរដោយថាមពលអគ្គិសនីធ្វើការច្រើនជាងរដូវត្រជាក់។
បើតាមអគ្គិសនីកម្ពុជា «បញ្ហាតម្រូវការអគ្គិសនីនៅតាមផ្ទះនីមួយៗរបស់បងប្អូនប្រជាពលរដ្ឋតែងតែកើតមានឡើងក្នុងរយៈពេលខែ មីនា មេសា ឧសភា និងមិថុនា ដោយសារតែរដូវក្តៅនេះ»៕