ភ្នំពេញៈ ដើម្បី​ចូលរួម​លើក​ទឹកចិត្ត​ដល់​កសិករ​ក្នុង​ការលើក​កម្ពស់​ផលិតភាព​កសិកម្ម អគ្គិសនី​កម្ពុជា​តាមរយៈ​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម​បាន​សម្រេច​បញ្ចុះ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​សម្រាប់​កសិករ​បូមទឹក​ធ្វើ​កសិកម្ម នៅពេល​យប់​ក្នុង​អត្រា​​ ៤៨០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​។

ទន្ទឹមនឹងនេះ​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០២០ ​ក៏​បាន​ស្នើ​ដល់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ជួយ​ជំរុញ​ការផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម​ចូលរួម​អនុវត្ត​ផែនការ​នេះ​ឲ្យ​បាន​ទូលំទូលាយ​។

យោង​នីតិវិធី​កែសម្រួល​លើក​ទី​ ១ សម្រាប់​ផ្ដល់​ការផ្គត់ផ្គង់​អគ្គិសនី ដើម្បី​បូមទឹក​ធ្វើ​កសិកម្ម​បាន​បង្ហាញថា ការប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម ដែល​អាច​ទទួល​បាន​ការអនុគ្រោះ​ថ្លៃ​មក​នៅក្នុង​កម្រិត​ ៤៨០ ​រៀល​ ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​នោះ​ គឺ​ការប្រើប្រាស់​អគ្គិសនី​សម្រាប់​ការបូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់​ក្នុង​ចន្លោះ​ម៉ោង ៩:០០ ​យប់ ដល់​ម៉ោង ៧:០០ ​ព្រឹក​។ ចំពោះ​ការប្រើប្រាស់​អគ្គិសនី​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ចន្លោះ​ម៉ោង ៧:០០ ​ព្រឹក​ដល់​ម៉ោង ៩:០០ ​យប់​គឺ​មិន​ទទួល​បាន​ការអនុគ្រោះ​ថ្លៃ​អគ្គិសនី​ឡើយ​​ពោល​គឺ​ត្រូវ​បង់​តាម​អត្រា​ថ្លៃ​ប្រើប្រាស់​អគ្គិសនី​ធម្មតា​។

ការផ្គត់ផ្គង់​អគ្គិសនី​ដល់​អ្នកប្រើប្រាស់​សម្រាប់​ការបូមទឹក​ធ្វើ កសិកម្ម ចែកចេញ​ជា ២ ​ប្រភេទ​រួមមាន «​ការផ្គត់ផ្គង់​ដែលមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ ១ ​សម្រាប់​អ្នក ប្រើ​ ១ ​នាក់ និង​ការផ្គត់ផ្គង់​ដែល​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់ ១ សម្រាប់​អ្នកប្រើប្រាស់​ច្រើន​នាក់​»​។

ជុំវិញ​ករណី​នេះ​លោក ថេង សាវឿន ​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នីតិវិធី​នៃ​ការតភ្ជាប់​បណ្ដាញ​ចរន្ត​អគ្គិសនី​ប្រើប្រាស់​សម្រាប់​ការបូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ក្នុងនោះ​បាន​តម្រូវ​ឲ្យ​មាន​ការធានា​អះអាង​ឲ្យ​បាន​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា​ការភ្ជាប់​ចរន្ត​អគ្គិសនី​នោះ​គឺ​ពិតជា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​សុទ្ធសាធ ហើយ​ត្រូវ​ប្រាកដ​ថា ទីតាំង​នោះ​មាន​ប្រភពទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។

លោក​ សាវឿន បាន​ថ្លែងថា​៖ «​ទោះជា​បែបណា​ក្ដី​យើង​រីករាយ​ចំពោះ​ផែនការ​អនុគ្រោះ​ថ្លៃ​អគ្គិសនី​សម្រាប់​ការបូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់​របស់​អគ្គិសនី​កម្ពុជា​នាពេលនេះ​»​។

បើតាម​លោក​​ សាវឿន ការធ្វើ​កសិកម្ម​របស់​ប្រជាកសិករ​នាពេល​បច្ចុប្បន្ន​មិន​ពឹង​ផ្អែក​ទៅលើ​ទឹកភ្លៀង​ដូច​កាលពីមុន​ទៀតឡើយ​។ តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ភាវូបនីយកម្ម កសិករ​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ «​ធ្វើស្រែ​ប្រវាស់​មេឃ​» ​ទាំងស្រុង ដោយ​គ្រួសារ​កសិករ​ខ្លះ បាន​កែប្រែ​ដីស្រែ​របស់​ពួកគេ​រហូតដល់ ៦០ ​ភាគរយ​ពី​ការដាំដុះ​ដំណាំ​ស្រូវ​មក​ដាំដុះ​ដំណាំ​រួមផ្សំ និង​បន្លែ​សុវត្ថិភាព​គ្រប់​ប្រភេទ​ជាមួយ​ការប្រើ​ប្រព័ន្ធ​តំណក់ទឹក​តាម​បច្ចេកវិទ្យា​ថ្មី និង​ប្រើ​គ្រឿងចក្រ​ភ្ជួរ​រាស់​ដី​ជំនួស​សត្វពាហនៈ​ (​គោ ក្របី​)​។

ទន្ទឹមនឹង​នេះ​លោក សាវឿន បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ភាវូបនីយកម្ម​របស់​កសិករ​ខ្មែរ​យើង​នាពេល​បច្ចុប្បន្ន ខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ​បង្កើន​ការស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​សម្រួល​ដល់​ការផ្គត់ផ្គង់​ទឹក​ដល់​ដីស្រែ​កសិកម្ម​របស់​ប្រជាកសិករ និង​សូម​បន្ត​ការបញ្ចុះ​តម្លៃ​ប្រេងសាំង និង​ម៉ាស៊ូត​»​។

ទោះជា​បែបណា​មក​ទល់ពេល​នេះ​គេ​នៅ​មិនទាន់​ដឹង​អំពី​តួលេខ​របស់​កសិករ​ដែល​ប្រើប្រាស់​អគ្គិសនី សម្រាប់​ការបូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់​នៅឡើយ​ទេ ខណៈ​ក្រសួង​កសិកម្ម​កំពុង​ជំរុញ​ណែនាំ​ដល់​មន្ទីរ និង​អង្គភាព​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះ​ស្រង់​ស្ថិតិ និង រៀបចំ​បំផុស​ចលនា​កសិករ​ដែល​ប្រើប្រាស់​អគ្គិសនី​សម្រាប់​បូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់ ដើម្បី​រៀបចំ​តភ្ជាប់​ចរន្តអគ្គិសនី​តាម​ការណែនាំ​របស់​អគ្គិសនី​កម្ពុជា​។

លោក ស្រី វុឌ្ឍី អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែងថា ផែនការ​កាត់​បន្ថយថ្លៃ​អគ្គិសនី សម្រាប់​ការបូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើក​ទឹកចិត្ត​ដល់​កសិករ​។

លោក​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​នៅ​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​អំពី​ចំនួន​សហគមន៍​កសិករ​ដែល​ប្រើប្រាស់​អគ្គិសនី សម្រាប់​បូមទឹក​ធ្វើ​កសិកម្ម​នៅពេល​យប់​នោះទេ ប៉ុន្តែ​ក្រសួង​កសិកម្ម​កំពុង​ជំរុញ​ដល់​មន្ទីរ​កសិកម្ម​រាជធានី-ខេត្ត និង​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​កសិកម្ម​ទាំងអស់​ចូលរួម​សហការ​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី-ខេត្ត ដើម្បី​ផ្សព្វផ្សាយ​នូវ​ផែនការ​ទាំងនេះ​ដល់​កសិករ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការលើកកម្ពស់​ផលិតភាព​កសិកម្ម​នៅ​កម្ពុជា​»៕