ភ្នំពេញៈ ចាប់ពី​ខែឧសភា​នេះ​ទៅ​អគ្គិសនី​កម្ពុជា បានប្រកាស​នឹង​ចេញ​វិក្កយបត្រ​ភ្លើង​តែម្ដង​ក្នុង​រយៈពេល ៣ ខែ​ជាប់​គ្នា សម្រាប់​អតិថិជន ដែល​កំពុង​ស្ថិត​នៅក្នុង​តំបន់​ក្រហម​ ឬ​តំបន់​បិទខ្ទប់ ដោយហេតុ​ភ្នាក់ងារ​អគ្គិសនី​កម្ពុជា​ពុំ​អាច​ចូលទៅ​បំពេញភារកិច្ច​ក្នុង​តំបន់​ទាំងនោះ​បាន​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដើម្បី​ផ្ដល់​វិក្កយបត្រ​ប្រចាំខែ​តាម​ធម្មតា។

លោក កែវ រតនៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគ្គនាយក​អគ្គិសនី​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បណ្តោះអាសន្ន​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ខែឧសភា​នេះ​ទៅតាម​តំបន់​ជាក់ស្តែង រហូតដល់​ពេលដែល​រាជរដ្ឋាភិបាល​ប្រកាស​ការបញ្ចប់​តំបន់​បិទខ្ទប់។

លោក ថ្លែងថា៖ «យើង​ចូល​អត់​ចុះ តំបន់​ក្រហម​ទាំងអស់​មិនមែន​ថា​ភ្នាក់ងារ​អគ្គិសនី​ចូល​មិនបាន​ទាំងអស់​ទេ ប៉ុន្តែ​កន្លែង​ខ្លះ​ហានិភ័យ​ខ្លាំង​គឺ​ចូល​មិនបាន ហើយ​ការធ្វើ​បែបនេះ ដើម្បី​កុំ​បងប្អូន​យើង​បង់​តម្លៃ​អគ្គិសនី​ថ្លៃ»។

លោក​បាន​អះអាង​ថា តារាង​នៃ​ការប្រើប្រាស់​អគ្គិសនី​ដែល​បានកំណត់​ហើយ​ដូចជា បរិមាណ​នៃ​ការប្រើប្រាស់​ក្នុង​មួយខែ ចាប់ ១០ គីឡូវ៉ាត់​ចុះក្រោម​តម្លៃ ៣៨០ រៀល​ក្នុង​គីឡូវ៉ាត់ម៉ោង។ ពី ១១ គីឡូ​ដល់ ៥០ គីឡូ តម្លៃ ៤៨០ រៀល។ ពី ៥១ គីឡូ ដល់ ២០០ គីឡូ តម្លៃ ៦១០ រៀល និង​អ្នកប្រើប្រាស់​ចាប់ពី ២០១ គីឡូ​ឡើងទៅ​តម្លៃ ៧៣០ រៀល ដែល​តារាង​នេះ​គឺ​រដ្ឋ​មាន​កម្មវិធី​ផ្តល់​អត្រា​អនុគ្រោះ​ក្រោម​ថ្លៃដើម មានន័យថា​រដ្ឋ​បំពេញ​ខាត​ឱ្យ​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រួចហើយ។

លោក កែវ រតនៈ ថ្លែងថា៖ «អគ្គិសនី​កម្ពុជា​ពុំ​អាច​បញ្ចុះតម្លៃ​ភ្លើង​បានទេ ទោះ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ក្តី ដោយសារ​តម្លៃ​ដែល​បានដាក់​ចេញ​នោះ រដ្ឋ​បាន​បំពេញ​ថ្លៃ​ខាត​រួចទៅហើយ»។

ទោះយ៉ាងណា​ក៏ដោយ​លោក រតនៈ អះអាង​ថា ការចេញ​វិក្កយបត្រ​ភ្លើង ៣ ខែ​ជាប់​គ្នា​នេះ មិន​មាន​ន័យថា អគ្គិសនី​កម្ពុជា​កំណត់​យក​បរិមាណ​នៃ​ការប្រើប្រាស់​ភ្លើង​សរុបមក​គិត​ជា​តម្លៃ​ដែល​បានកំណត់​ក្នុង​តារាង​នោះទេ គឺ​ចែកជា​មធ្យមភាគ គិត​តម្លៃ​ប្រើប្រាស់​ជា​ប្រក្រតី​ប្រចាំខែ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​អគ្គិសនី​កម្ពុជា អត់​មាន​ជម្រើស​អី​ក្រៅពី​ចេញ​វិក្កយបត្រ​បណ្តោះអាសន្ន ៣ ខែ​ឱ្យ​ទៅ​គាត់ អីចឹង​បើ​គាត់​មាន​លទ្ធភាព​បង់​តាម​ហ្នឹង​ស៊ីសង​តាម​ការជាក់ស្តែង ប៉ុន្តែ​បើ​នៅ​ខ្វះ​អាច​បំពេញ​នៅតាម​ក្រោយ»។

លោក​បាន​បញ្ជាក់ថា វិធាន​បណ្ដោះអាសន្ន​បែបនេះ​មិន​មាន​ន័យថា​អ្នកប្រើប្រាស់​អគ្គិសនី​ដែល​មិន​បង់​តម្លៃ​នេះ​ត្រូវ​ផ្តាច់​ភ្លើង​ដែរ។

លោក រតនៈ ថ្លែងថា៖ «យើង​គ្មាន​គោលការណ៍​ផ្តាច់​ភ្លើង​នៅ​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង​ឡើយ ជាពិសេស​សម្រាប់​បងប្អូន​ដែល​ជា​អ្នក​ប្រកបរបរ​ទទួលទាន​តូចតាច ជា​កម្មករ-កម្មការិនី ពលករ សិស្ស-និស្សិត ដែល​ជួល​បន្ទប់​ទេ»។

អគ្គិសនី​កម្ពុជា​បាន​គូសបញ្ជាក់ថា ការយក​មធ្យមភាគ ៣ ខែ ដើម្បី​ចេញ​វិក្កយបត្រ​បណ្ដោះអាសន្ន​នេះ ពុំមែន​ជា​ការកេងចំណេញ​ពី​អតិថិជន​ណាម្នាក់​ឡើយ តែ​ជា​ការសម្រួល​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បិទខ្ទប់​កុំឱ្យ​បង់​តម្លៃ​ភ្លើង​ថ្លៃ​ជាង​មុន។

ទាក់ទង​តំបន់​ក្រហម​នេះដែរ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​ថ្ងៃទី ៨ ឧសភា បាន​សម្រេច​មិន​យក​ថ្លៃ​ប្រើប្រាស់​ទឹកស្អាត​រយៈពេល ៣ ខែ សម្រាប់​កម្មករ កម្មការិនី សិស្ស និស្សិត ដែល​កំពុង​ស្នាក់នៅ​ក្នុង​តំបន់​បិទខ្ទប់។ ការសម្រេច​នេះ​តប​តាម​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើឱ្យ​រដ្ឋាករទឹក ស្វយ័ត​ក្រុងភ្នំពេញ ពិនិត្យ​លទ្ធភាព​ផ្តល់​ការអនុគ្រោះ​នេះ។

បច្ចុប្បន្ននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​តំបន់​ក្រហម​នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដូចជា ខណ្ឌ​មានជ័យ មាន ៣ សង្កាត់ ខណ្ឌ​ទួលគោក មាន ៣ សង្កាត់ ខណ្ឌ​ពោធិ៍សែនជ័យ មាន ២ សង្កាត់ ខណ្ឌ​ឫស្ស៊ីកែវ មាន ១ សង្កាត់ ខណ្ឌ ៧មករា មាន ១ សង្កាត់ និង​ខណ្ឌ​ច្បារអំពៅ មាន ១ សង្កាត់។ ដោយឡែក​រដ្ឋបាលខេត្ត​កណ្តាល​បាន​កំណត់​តំបន់​អគារ​វប្បធម៌​ក្នុង​ភូមិសាស្ត្រ​ភូមិ​តាខ្មៅ២ នៃ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ជា​តំបន់​ក្រហម៕

វីដេអូ៖