
ភ្នំពេញៈ ក្រោយពីមានការរអ៊ូរទាំ ពីប្រជាពលរដ្ឋ ជុំវិញការដាច់ចន្តរអគ្គិសនីញឹកញាប់ ដែលបានបង្កការលំបាកដល់ការរស់នៅ ខណៈដែលអាកាសធាតុកំពុងក្តៅហួតហែងយ៉ាងខ្លាំងនោះ អគ្គិសនីកម្ពុជា បានអំពាវនាវ សុំឲ្យអ្នកមានលទ្ធភាព ប្រើប្រាស់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ជាជំនួយនៅចន្លោះពីម៉ោង៨ព្រឹកដល់ម៉ោង៩យប់។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៣ ថា ស្របពេលសេដ្ឋកិច្ចនៅកម្ពុជា មានការកើនឡើង តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីក៏មានការកើនឡើង ក្នុងកម្រិតមួយខ្ពស់ផងដែរ ដែលប្រការនេះ ធ្វើឲ្យការផ្គត់ផ្គង់ មានការខ្វះខាត។
លោកបានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងថា៖«បញ្ហាកង្វះខាតនេះ គឺបណ្ដាលមកពីភាគីប្រទេសវៀតណាម បានលក់ថាមពលមកឲ្យកម្ពុជា មិនគ្រប់តាមកិច្ចសន្យាចំនួន ២៥០ មេហ្គាវ៉ាត់ គឺគេលក់ឲ្យកម្ពុជាត្រឹមតែ ១៧០ មេហ្គាវ៉ាត់ ប៉ុណ្ណោះ»។
ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់បណ្ដាអតិថិជនទាំងអស់ ឲ្យជួយសន្សំសំចៃ ដោយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនចាំបាច់ និងសុំឲ្យអតិថិជនធំៗជួយប្រើប្រាស់ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ជំនួសឲ្យការប្រើប្រាស់ប្រភពពីអគ្គិសនីកម្ពុជា ក្នុងអំឡុងពេលតម្រូវការខ្ពស់ ដែលចាប់ផ្ដើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៩យប់ ដើម្បីបង្វែរថាមពលដែលបានសន្សំសំចៃនេះ យកទៅផ្គត់ផ្គង់ជូនបណ្ដាអតិថិជនតូចៗ ជាពិសេសអតិថិជនលំនៅឋានដែលពុំមានម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ។ ប៉ុន្ដែ វិធានការនេះ គឺអនុវត្ដក្នុងរយៈពេលខ្លី ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ ២០១៣។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា កំពុងចាត់វិធានការមួយចំនួនបន្ថែម ដើម្បីបន្ថយនូវរយៈពេលនៃការកាត់ចរន្ដតាមបណ្ដាលំនៅឋានរបស់ អតិថិជន ដែលក្នុងនោះរួមមាន ការបង្កើនសមត្ថភាពផ្គត់ផ្គង់ ដោយបន្ថែមរយៈពេលផលិតពី ៦ ម៉ោង ទៅ ១១ម៉ោងចេញពីវារីអគ្គិសនីកំចាយនិងគិរីរម្យ។ បន្ថែមប្រភពផ្គត់ផ្គង់ថ្មី កម្លាំង១៥មេហ្គាវ៉ាត់ ពីប្រទេសថៃ មកផ្គត់ផ្គង់នៅភ្នំពេញ ផ្លូវជាតិលេខ ៤ តំបន់ថ្នល់ទទឹង។
លោក រតនៈ បានបញ្ជាក់ថា ចាប់ពីខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះទៅអគ្គិសនីកម្ពុជា នឹងដាក់ឲ្យដំណើរការរោងចក្រធ្យូងថ្មទី១ នៅក្រុងព្រះសីហនុ រួមជាមួយវារីអគ្គិសនីដែលមានស្រាប់ និងវារីអគ្គិសនីថ្មីមួយទៀត ដែលនឹងធ្វើឲ្យស្ថានភាពផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ក៏ដូចជាខេត្ដមួយចំនួន មានសភាពល្អប្រសើរឡើងវិញជាអតិប្បរមា៕