The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គ​ស្នងការ​បង្កើត​ផ្នែក​អន្តោប្រវេសន៍​ចំនួន​ ៨៩ កន្លែង

អគ្គ​ស្នងការ​បង្កើត​ផ្នែក​អន្តោប្រវេសន៍​ចំនួន​ ៨៩ កន្លែង

ជនអន្តោប្រវេសន៍​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ត្រូវ​ឃាត់​ខ្លួន​នៅ​កោះពេជ្រ​ពី​ខែ​មុន​។
ជនអន្តោប្រវេសន៍​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ត្រូវ​ឃាត់​ខ្លួន​នៅ​កោះពេជ្រ​ពី​ខែ​មុន​។ រូបថត សហការី

អគ្គ​ស្នងការ​បង្កើត​ផ្នែក​អន្តោប្រវេសន៍​ចំនួន​ ៨៩ កន្លែង

ភ្នំពេញៈ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​​​​បង្កើត​​ផ្នែក​អន្តោប្រវេសន៍​សរុប​ចំនួន ៨៩ ចំណុះ​​​ឲ្យ​​​អធិការដ្ឋាន​នគរបាល​​ក្រុង ស្រុក ខណ្ឌ ចំនួន​ ១៩៧ នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី និង​ខេត្ត​ដើម្បី​សម្រួល​​ការងារ និង​គ្រប់គ្រង​អន្តោប្រវេសន៍​តាម​មូលដ្ឋាន​ជាមួយ​នឹង​ការ​ពង្រឹង​ច្បាប់​ការពារ​​ជនបរទេស​ស្រប​ច្បាប់ ​និង​ផ្តន្ទាទោស​ជនបរទេស​​មិន​ស្រប​ច្បាប់។

យោង​តាម​សេចក្តី​សម្រេច​របស់ លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​​ជាតិ​ចុះ​ថ្ងៃ​ទី ១៧ ខែ​កក្កដា​ឆ្នាំ​ ២០១៥ ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​អនុវត្ត​សេចក្តី​សម្រេច​នេះ​ផង​ដែរ​ឲ្យ​ដឹង​ថា​ភារកិច្ច និង​​របៀបរបប​ធ្វើ​ការងារ​របស់​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ​នីមួយៗ​នឹង​ត្រូវ​កំណត់​ដោយ​សេចក្តី​សម្រេច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ឯកភាព​ពី​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ហើយ​ផ្នែក​អន្តោប្រវេសន៍​នីមួយៗ​នឹង​ត្រូវ​ដឹកនាំ​ដោយ​នាយ​ផ្នែក​ ១ រូប និង​នាយ​ផ្នែក​រង ១ រូប​ជា​ជំនួយការ។ បើ​តាម​សេចក្តី​សម្រេច​​នេះ​ផ្នែក​អន្តោប្រវេសន៍​ដែល​ត្រូវ​បង្កើត​ឡើង​ចំនួន ៨៩ នេះ​ខ្លះ​ត្រូវ​បាន​តម្រូវ​ឲ្យ​អនុវត្ត​ការងារ​ក្នុង​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ លើស​ពី​មួយ​ក្នុង​ចំណោម​អធិការដ្ឋាន​ទាំង ១៩៨។

លោក សុខ ផល អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ការ​បង្កើត​​ផ្នែក​អន្តោប្រវេសន៍​នេះ​គឺជា​រចនាសម្ព័ន្ធ​ថ្មី​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គិត​ចាប់ពី​ថ្នាក់​កណ្តាល​ដល់​ថ្នាក់​មូលដ្ឋាន ខេត្ត និង​ក្រុង ស្រុក ខណ្ឌ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោក​ថា៖ «ពី​មុន​នៅ​តែ​ខេត្ត​ខ្សែ​រយៈ​មិន​គ្រប់​មិន​​មាន​តាម​បណ្តា​ស្រុក​នានា​បើ​យើង​បង្កើត​បែប​នេះ​ទៅ​ងាយ​​ស្រួល​ចំពោះ​បញ្ហា​ខ្លះ​កើត​ក្នុង​ស្រុក​នានា​មន្ត្រី​ទទួល​បន្ទុក​នៅ​ទី​នោះ​អាច​ធ្វើ​ការងារ​ភ្លាមៗ​មិន​ចាំបាច់​រង់ចាំ​មន្ត្រី​ពី​ខេត្ត​ចុះ​ទៅ​មូលដ្ឋាន​។ តួនាទី​ចម្បង​របស់​​ផ្នែក​ទាំង​នេះ​គឺ​ការ​ធ្វើ​ជំរឿន​ជនបរទេស​បែងចែក​ជនបរទេស​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ពលករ​បរទេស និង​រួម​ចំណែក​ការពារ​សុវត្ថិភាព​ដល់​ជនបរទេស»។

ប្រធាន​ផ្នែក​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃសីឡា បាន​ឲ្យ​ដឹង​ថា​ផ្នែក​អន្តោប្រវេសន៍​នឹង​អាច​ជួយ​ឲ្យ​ការ​ប្រមូល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​របស់​ជនបរទេស​តាម​មូលដ្ឋាន​កាន់តែ​ច្បាស់លាស់ និង​ជាក់លាក់។

លោក​ថា៖ «កន្លង​មក​នៅ​ខេត្ត​នីមួយៗ​យើង​មាន​តែ​ការិយាល័យ​អន្តោប្រវេសន៍​មួយ​ប៉ុណ្ណោះ​អ៊ីចឹង​ហើយ​មាន​ការ​លំបាក​ពេល​ចង់​បាន​ទិន្នន័យ​ច្បាស់លាស់​ព្រោះ​យើង​ចង់​ក្តាប់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​នឹង​ជនបរទេស​ទាំងអស់​កុំ​ឲ្យ​មាន​ការ​លំបាក​ពេល​មាន​ស្ថានទូត​គេ​សួរ​នាំ​ពី​ជនជាតិ​របស់​គេ​យើង​អត់​ដឹង​ខ្វះ​នូវ​ព័ត៌មាន​មាន​ភាព​ចន្លោះ​ប្រហោង​ការងារ​»។

លោក អ៊ុក ហៃសីឡា កាលពី​ម្សិលមិញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ចូន​ចេញ​នូវ​ជនជាតិ​វៀតណាម​ចំនួន ៣៣ នាក់​ដែល​​មិនមាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណេរ។

លោក​ថា​ អ្នក​ទាំង ៣៣ នាក់​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​រតនគិរី និង​ខេត្ត​ព្រះសីហនុ។

លោក ហៃសីឡា បាន​បញ្ជាក់​ថា​៖ «បើ​គិត​ចាប់ពី​ដើម​ខែ​កក្កដា​រហូត​មក​ទល់​ថ្ងៃ​អង្គារ​គឺ​ជនជាតិ​វៀតណាម​ជាង​ ១០០ ​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន និង​បណ្តេញ​ចេញ​ទៅវិញ​ពួកគេ​ភាគច្រើន​មក​កម្ពុជា​រស់នៅ និង​ប្រកបរបរ​លក់​កាហ្វេ​ធ្វើ​សំណង់​និង​ជាង​ឈើ​ជាដើម»​។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​លោក អំ សំអាត បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​យន្តការ​ថ្មី​តែ​ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​តាម​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ​លោក​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​បង្ហាញ​ឆន្ទៈ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​លុប​បំបាត់​អំពើ​ពុករលួយ។

លោក​ថា៖ «ការ​អនុវត្ត​ច្បាប់​មិនមែន​ចេះ​តែ​រក​ឃើញ​បញ្ជូន​ចេញ​ទេ​ពួកគាត់​ត្រូវ​មាន​ឆន្ទៈ​ទប់ស្កាត់​ការ​ហូរ​ចូល​ដោយ​អនាធិបតេយ្យ​ដែល​ជា​ដើម​ហេតុ ​និង​ត្រូវ​មាន​អព្យាក្រឹតភាព​មិន​ត្រូវ​លាក់​បាំង ឬ​ឃុបឃិត​គ្នា​ឲ្យ​ជនបរទេស​ចូល​តាម​អំពើ​ចិត្ត​នោះ​ទេ»។

ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​ការ​គ្រប់គ្រង​ទៅលើ​ជនអន្តោប្រវេសន៍​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​កាលពី​ដើម​ខែ​នេះ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ៦ ​ខែ ដើម​ឆ្នាំ​ ២០១៥ ​​នេះ​ជនអន្តោប្រវេសន៍​​ខុស​ច្បាប់ ១២០០ ​នាក់​ត្រូវ​បាន​​បណ្តេញ​ចេញ​ពី​កម្ពុជា​ក្នុង​នោះ ៩៨ ភាគរយ​ជា​ជនជាតិ​វៀតណាម៕

អត្ថបទគួរចាប់អារម្មណ៍