ភ្នំពេញៈ ចក្រភព​អង់គ្លេស​បាន​បន្ត​ផ្តល់​ថវិកា​ ៤,៣ ​លានដុល្លារ​អាមេរិក​ ដើម្បី​បញ្ចប់​កម្មវិធី​សកម្មភាព​មីន​សកល​នៅ​កម្ពុជា​ (GMAP2) ​ដែល​នឹង​ចាប់ផ្តើម​ពី​ខែមេសា​ឆ្នាំនេះ រហូត​​ដល់​ខែមីនា​ឆ្នាំ ក្រោយ​មុនពេល​ការចាប់ផ្តើម​កម្មវិធី GMAP ​ជា​លើក​ទី​ ៣ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ឆ្នាំ​ ២០២១ ដដែល​។

ក្នុង​កម្មវិធី​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា នៅឯ​​និវេសនដ្ឋាន​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​អាជ្ញាធរ​មីន​កម្ពុជា​ថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ថវិកា​ចំនួន ៤,៣ ​លាន​ដុល្លារ​អាមេរិក​បន្ថែម​ជួយ​ដល់​កម្មវិធី​សកម្មភាព​មីន​សកល​ទី​ ២ (GMAP2) ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ដែល​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​ ២០២១ មុននឹង​ចាប់ផ្តើម​បន្ត​កម្មវិធី​សកម្មភាព​មីន​សកល​ទី​ ៣ នៅក្នុង​ឆ្នាំ​ ២០២១ នោះ​។

លោកស្រី ឯកអគ្គរាជទូត​​បាន​បន្ថែមថា​៖ “​កម្ពុជា និង​ចក្រភព​អង់គ្លេស​មាន​បេសកកម្ម​រួមគ្នា​ក្នុង​ការចូលរួម​សង្គ្រោះ​​ជីវិត មនុស្ស​ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​ដោយសារ​មីន​នៅ​កម្ពុជា​។

ដោយឡែក​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ ​នៃ​អាជ្ញាធរ​មីន​ក៏​ត្រូវបាន​អាជ្ញាធរ​មីន​បាន​ដក​សម្តី​ក្នុង​ព្រឹត្តិការណ៍​នោះដែរ ដោយ​លោក​បាន​ថ្លែងថា ចក្រភព​អង់គ្លេស​បាន​ចូលរួម​សកម្មភាព​សម្អាត​មីន​ចាប់តាំងពី​ ១៩៩២ នៅលើ​ផ្ទៃដី​ជាង​ ១២២ ​គីឡូ​ម៉ែត​ក្រឡា​ដោយបាន​រកឃើញ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​ ៧ ​ម៉ឺន​គ្រាប់​។

បើតាម​អាជ្ញាធរ​មីន​ក្នុង​ឱកាស​នោះ​លោក លី ធុជ ក៏​​បាន​ស្នើ​សុំ​ឲ្យ​ចក្រភព​អង់គ្លេស​បន្ត​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ (២០១៨-២០២៥) ​ដើម្បី​​ឈានឆ្ពោះ​ទៅរក​កម្ពុជា​គ្មាន​គ្រាប់មីន​ (​មីន​ប្រឆាំង​មនុស្ស​ និង​មីន​ប្រឆាំង​រថក្រោះ​) ត្រឹម​ឆ្នាំ​ ២០២៥ ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​គឺជា​បេសកកម្ម​ដ៏មោះមុត​របស់​យើង​ទាំងអស់​គ្នា​។ ​ខ្ញុំ​សូម​ស្នើសុំ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ និង​ភាគី​ពាក់ព័ន្ធ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​មីន និង​ប្រជាជន​កម្ពុជា ដើម្បី​ខិតខំ​ធ្វើការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ ២០២៥»​។

លោក​បាន​បន្តថា​៖ «​យើង​អាច​ប្រារព្ធ​ [​ព្រឹត្តិការណ៍​នេះ​] ​ទាំងអស់​គ្នា ពីព្រោះ​យើង​បាន​បោសសម្អាត​មីន​ទាំងអស់​គ្នា​ដើម្បី​ធ្វើឲ្យ​កម្ពុជា​គ្មាន​មីន​។ ​នៅពេល​យើង​ធ្វើការ​ទាំងអស់​គ្នា​ថ្ងៃ​ថ្មី​នឹង​មកដល់​»​។

នៅក្នុង​សុន្ទរកថា​របស់លោក​​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃអាទិត្យ​លោក លី ធុជ បាន​ថ្លែង​ថា ការបន្ត​ផ្តល់​ថវិកា​រយៈពេល​ ១ ​ឆ្នាំ​បន្ថែម​នេះ​នឹង​ធានាថា ការគាំទ្រ​របស់​ប្រទេស​អង់គ្លេស​នៅតែ​ធ្វើឱ្យ​ជីវិត​ជនរងគ្រោះ​ដោយសារ​មីន​កាន់តែ​ប្រសើរឡើង​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ដែល​ប្រទេស​កម្ពុជា​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សកល​ដ៏គួរ​ឱ្យ​កត់សម្គាល់​នេះ​។ វា​ផ្តល់ឱ្យ​បុរស​ និង​ស្ត្រី​កម្ពុជា​រាប់រយ​នាក់​អាច​​ធ្វើការងារ​ដែល​ពួកគេ​ចង់​​ដោយ​មោទនភាព ហើយ​វា​កំពុង​នាំ​យើង​ខិត​ទៅ​ជិត​ប្រទេស​ដែល​គ្មាន​គ្រាប់មីន​»​។

លោក​បាន​បន្ថែមទៀត​ថា​តាំងពី​ការចាប់ផ្តើម​កម្មវិធី​ GMAP2 នៅក្នុង​ខែកក្កដា​ ឆ្នាំ​ ២០១៨ មក​គ្រាប់មីន​រាប់ពាន់​គ្រាប់​ត្រូវ​បាន​រកឃើញ​ហើយ​ផ្ទៃដី​ជិត​ ២០ ​គីឡូម៉ែត្រ​ក្រឡា​ត្រូវបាន​បោសសម្អាត​។

លោក​ថ្លែងថា​៖ «​គម្រោង​​នេះ​ក៏បាន​ពង្រឹងសមត្ថភាព​​អាជ្ញាធរ​មីន​ ដើម្បី​សម្របសម្រួល​ និង​គ្រប់គ្រង​វិស័យ​សកម្មភាព​កម្ចាត់មីន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល GMAP2 ​អាច​ធ្វើឱ្យ​មាន​ការបង្កើត​គំនិត​ច្នៃប្រឌិត​ក្នុង​ការវិភាគ​អំពី​ការអប់រំ​ហានិភ័យ​​ និង​ការដាក់បញ្ចូល​ជនពិការ​បាន​ច្រើន​»៕