
អង្ករ ៧៨ តោន ដែលត្រូវបានប្រគល់ជូនសាលាក្រុង ដើម្បីចែកជូនពលរដ្ឋខ្វះខាតក្នុងតំបន់ក្រហម។ រូបថត FN
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក ៣ នៅថ្ងៃទី ៣០ ខែមេសានេះ បានប្រគល់អង្ករចំនួន ៧៨ តោន ប្រគល់ជូនអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដើម្បីចែកជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់។
លោក វេង សាខុន បានឲ្យដឹងថា ការផ្តល់អំណោយអង្ករ ៧៨ តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូកបីនេះ ធ្វើឡើងដោយយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះស្បៀង ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញប្រមាណជា ២ ៥៨៣ គ្រួសារ។
បើតាមលោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១ បានលើកសំណើទៅកាន់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក ៣ ដើម្បីធ្វើការចែកស្បៀងចំនួន ៧៨ តោន ជូនដល់ពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះការខ្វះខាតស្បៀង។
លោកថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលជប៉ុន និងលេខាធិការដ្ឋានអាស៊ាន ដែលបានធ្វើការសម្រេចចែករំលែកស្បៀងបម្រុងមកផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀង ស្ថិតនៅក្នុងតំបន់ដែលទទួលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩»។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំអនុវត្តវិធានការបិទខ្ទប់ (គ ប ខ) ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ២៨ ខែមេសា បានឲ្យដឹងថា ក្នុងរយៈពេលនៃការបិទខ្ទប់មានអំណោយរបស់រាជរដ្ឋាភិបាលជាង ១០ ម៉ឺនកញ្ចប់ ត្រូវបានចែកជូនដល់ដៃពលរដ្ឋដែលកំពុងខ្វះខាតនៅក្នុងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «ការផ្តល់ជូនប៉ុណ្ណឹង គឺមិនទាន់ដល់ដៃប្រជាពលរដ្ឋដែលខ្វះខាតគ្រប់នោះទេ។ ប៉ុន្តែយើងបាននិងកំពុងប្រឹងប្រែងមានយន្តការតាមរយៈក្រុមតេឡេក្រាមរបស់ (គ ប ខ) ដែលផ្តល់ព័ត៌មានស្នើសុំជំនួយនេះ។ ក្នុងអំឡុងពេលមួយខ្លីយើងមិនអាចរៀបចំនូវអំណោយរាប់សែនកញ្ចប់ដល់ពលរដ្ឋបានគ្រប់ៗគ្នាក្នុងរយៈពេលមួយខ្លីនោះទេ»។
កាលពីថ្ងៃទី ២០ ខែមេសា កន្លងទៅ មានប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារនៅតំបន់ក្រហម ក្នុងភូមិដំណាក់ធំ ២ និងដំណាក់ធំ ៣ សង្កាត់សឹ្ទងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលអំណោយរបស់លោកនាយករដ្ឋមន្ត្រីតាមរយៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
ចំណែកឯនៅខណ្ឌពោធិ៍សែនជ័យ មានប្រជាពលរដ្ឋចំនួន ១ ៦៩៤ គ្រួសារ ក្នុងសង្កាត់ចោមចៅទី២ បានទទួលអំណោយពីលោក ឃួង ស្រេង កាលពីថ្ងៃទី ២១ ខែមេសា។ រីឯប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅទី១ អាជ្ញាធរបានចែកអំណោយតាមខ្នងផ្ទះជាបន្តបន្ទាប់សរុបបានប្រមាណ ១ ៩០០ គ្រួសារហើយ៕