ភ្នំពេញៈ អង្គ​ការ​ឃ្លាំមើ​​ល​សិទិ្ធម​នុ​ស្ស (​Huma​n Right Watch) កាល​ពី​ថ្ងៃពុធ បាន​ចេញ​សេច​ក្ដីប្រ​កាស​ព័ត៌​មាន​មួយដោយស្នើ​ឲ្យ​​ទម្លាក់​ចោលកា​រចោទ​ប្រកាន់ទៅលើ​អតីត​បុគ្គលិ​កវិទ្យុ​អាស៊ី​សេ​​រី ២ នាក់​ និង​បោះ​បង់​ការ​ដាក់​ពួ​កគេ​ឱ្យ​ស្ថិ​ត​នៅក្រោ​ម​កា​រត្រួ​តពិ​និត្យ​តាមផ្លូវ​តុលា​កា​រ ជាអ្វីដែលមន្ត្រី​រដ្ឋា​ភិ​បាល​​កម្ពុជា​ចាត់​ទុកថា​ជាកា​ររំ​លោ​ភលើ​ដែ​ន​យុត្តា​ធិ​កា​រតុ​លា​ការ​ក​ម្ពុ​ជា។​

កាលពី​ថ្ងៃ​ទី​​ ១៥ ​ខែ មីនា ​ឆ្នាំ​ ២០១៩ ចៅ​ក្រ​ម​ស៊ើបសួរសា​លា​​ដំបូង​រាជ​​ធានី​​ភ្នំពេ​ញបា​ន​ចោទលោក ​អ៊ួន ឈីន ​និង លោក យាង ​សុធា​រិ​ន ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌​មា​ន​​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការ​ពារ​ជាតិ»។

ប៉ុន្តែ​នៅថ្ងៃ​ទី​ ២១ ​ខែ ​មិថុនា​ នេះ​ សាលា​ឧទ្ធ​រ​ណ៍​នឹ​ងបើ​កសវ​នាការ​ស្តាប់​នូវ​អំណះ​អំណាង​របស់​ពួក​គេដែ​ល​ប្រឆាំង​នឹងការដាក់​ឲ្យ​ស្ថិតក្រោមការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុ​លា​ការ​។

នាយ​កអ​ង្គ​ការ​ឃ្លាំមើ​លសិ​ទិ្ធម​នុស្សប្រ​ចាំ​អាស៊ី​ លោក Brad Adams ត្រូវ​បាន​គេ​ដក​ស្រ​ង់​សម្ដី​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា​៖ «អ្នក​យក​ព័ត៌មាន​វិទ្យុ​អា​ស៊ី​សេ​រីទាំ​ង ២​ នាក់​ខាងលើ​នេះ​គឺ​ជា​ជន​រ​ងគ្រោះ​ដោយសារកា​រ​ហ៊ានរា​យ​ការ​ណ៍​​រិះគន់​ឥត​ឈប់​ឈរ​ប្រឆាំង​រដ្ឋា​ភិ​បាល​រប​ស់លោ​ក​ ហ៊ុន ​សែន»​។

លោក​បាន​បន្ត​ថា៖ «គ្មានមូលដ្ឋាន​សម្រាប់​ការ​ចោទ​ប្រកាន់​ប្រ​ឆាំ​ង​នឹង​អ្ន​កសា​រ​ព័​ត៌មា​នទាំង ២ ​នាក់នេះ​ ឬ​ក៏ដាក់​ពួក​គាត់​ឲ្យ​ស្ថិត​​នៅក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុ​លាកា​រ​ឡើយ​។តុលាការ​គួរទ​ម្លា​ក់ចោល​ទាំង​ការ​ចោទប្រ​កាន់​និងកា​ររៀបចំ​ត្រួត​ពិនិត្យ​តាមផ្លូ​វ​តុលាការ​ប្រឆាំង​នឹ​ងពួ​កគា​ត់​ទាំ​ង ២ ​នាក់ជា​ប​ន្ទា​ន់»​។

ក៏ប៉ុ​ន្តែ​ លោ​ក ជិន ​ម៉ា​លីន អ្នក​នាំពា​ក្យ​ក្រសួង​យុត្តិធ​ម៌​បានថ្លែ​ង​កា​លពី​ម្សិលមិ​ញថាកា​រលើក​ឡើង​​ក្នុង​របាយការណ៍​របស់​អង្គ​ការ​ឃ្លាំមើ​ល​សិ​ទ្ធិ​មនុស្ស​ខាង​លើនេះមិ​ន​មែន​ជា​រឿ​ងថ្មី​នោះទេ​ ហើ​យក៏​គ្មា​នឥ​ទ្ធិ​ពល​អ្វី​មក​លើ​តុលា​ការ​របស់កម្ពុជា​​ដែរ​ ពីព្រោះក​រណីរ​បស់​បុរស​ទាំង ​២ នោះគឺ​កំពុ​ង​ស្ថិតនៅ​ក្រោម​យុ​ត្តាធិ​កា​រ​របស់​ចៅ​ក្រម​ស៊ើប​សួ​រ​នៃសា​លាដំ​បូងរាជ​ធា​នីភ្នំ​ពេ​ញ​។

លោ​ក ​ជិន ម៉ាលីន ​បាន​បញ្ជាក់​ថា៖ «ខ្ញុំគិ​តថា​ ពួក​គេគួរតែ​បញ្ជូន​អ្នក​ជំ​នា​ញកា​រ​ផ្នែក​ច្បាប់​ម​កចូ​ល​រួម​ជួយ ការពា​រក្ដី​ឲ្យ​អតីត​អ្នក​យក​ព័ត៌​មាន​អាស៊ី​សេ​រីទាំង ​២ ​នាក់ និង​ជួយ​បង្ហា​ញភ័ស្ដុ​តាង​ដើម្បីដោះប​ន្ទុកពួ​កគេ​​ពី ការចោ​ទប្រកាន់​ទើប​ជាកា​រប្រសើ​រ​»។

លោក​ ម៉ា​លីន បាន​ហៅកា​រ​លើក​ឡើ​ង​របស់​​លោក ​Brad ​Adams​ ដែល​ថា​ គ្មាន​មូលដ្ឋាន​សម្រាប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ទាំង ​២​ នា​ក់នេះ​ថា​ជាការ «បន្តុះ​បង្អាប់» ​មក​លើ​ចំណាត់​​ការ​របស់​រដ្ឋាភិ​បាល ​និ​ងតុលាកា​រកម្ពុជា។​

លោកបាន​ថ្លែង​ថា៖ ​«មែន​ទែន​ទៅ​ ការ​លើក​ឡើ​ង​របស់​គាត់ ​[ Bra​dAdams]​ ទៅ​វិញ​ទេ ដែល​គ្មានមូ​លដ្ឋា​នច្បាប់​ច្បាស់​លាស់នោះ»​។

ទោះ​យ៉ាង​ណាក៏​​ដោយ ​កាល​ពី​ថ្ងៃទី ​២៩ ​ខែ ​ឧសភា ​ឆ្នាំ ២០១៩​ ក្រុម​ការងា​រ​អ​ង្គ​ការ​ស​ហប្រជាជា​តិដែល​ឃ្លាំមើ​លកា​រឃុំខ្លួន​ដោយ​អំពើ​ហិង្សា​បាន​សន្និ​ដ្ឋាន​ថា៖​ «​ការ​រំលោភ​លើ​សិទិ្ធ​ទ​ទួល​បា​ន​កា​រជំ​នុំជ​ម្រះ​ដោយ​យុ​ត្តិធម៌​គឺ​មានភា​ពធ្ង​ន់ធ្ង​រ​ខ្លាំង​ណាស់​​នៅក្នុង​ការ​បោះ​បង់​ចោល​សេរីភាព​រប​ស់​លោក ​អ៊ួន​ឈិន និង​លោក យាង សុ​ធា​រិន ដែលជា​តួអង្គ​រង​កា​របំ​ពាន»​​។

ក្រុ​មកា​​រ​ងារនេះក៏​បា​ន​ស​ង្កេតឃើ​ញផ​ង​ដែរថា​ មាត្រា​ ៤៤៥​ នៃក្រម​ព្រហ្មទ​ណ្ឌ​កម្ពុជា​ទេ​ ដែល​មិន​ស្រប​តាម​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​អន្តរ​ជាតិដោយ​មិ​នបាន​កំណត់​និយម​ន័យ ​អ្វី​​ទៅជា​បទ​ល្មើស​ដែល​ចែង​ក្នុងប​ទបញ្ជា​នោះ​ដោយ​បន្សល់​ទុក​នូវ​ការ​សម្រេច​ចិត្ត​យ៉ាងទូលំ​ទូលាយ ​និង​មិន​ប្រុង​ប្រយ័ត្ន​ចំពោះ​អាជ្ញា​ធរ​ដោយ​ប្រ​ថុយ​នឹង​ការ​រំលោភ​បំពាន​។

កាល​ពីថ្ងៃ​ម្សិល​មិញ ​លោក​ យាង​ សុធា​រិន បាន​ថ្លែងថា តាំង​ពី​ដំបូង​មក​ លោក ​និងលោក អ៊ួន ​ឈិន ​មិន​ដែល​ទទួល​យក​ចំពោះ​ការ​ចោទ​ប្រកា​ន់​របស់​អាជ្ញា​ធរ​កម្ពុជា​នោះទេ​។មិ​នតែប៉ុណ្ណោះលោក​បាន​ចាត់​ទុក​ការ​ដាក់​ពួក​លោកទាំង​ ២ ឲ្យស្ថិ​ត​ក្រោម​​ការត្រួ​ត​ពិនិ​ត្យ​តា​មផ្លូ​វតុលា​ការ​ថា​ ជា​ការ «បំបិទ​សិទ្ធិ​សេរី​ភាព​យ៉ាង​ធ្ងន់ធ្ងរ» មក​លើ​ពួក​លោក។

លោក ​សុធា​រិន ដែល​អះ​អាង​ថា មាន​ស្រុក​កំណើត​នៅខេត្ត​ព្រះ​ត្រ​ពាំងកម្ពុជា​ក្រោម ដែ​ល​វៀត​ណាម​ប្ដូរ​ឈ្មោះជាខេត្ត​ត្រាវិញ​នោះ​បាន​បញ្ជាក់​ថា៖ ​«វា​ពិបាក​​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំដែល​សូម្បី​តែ​ចង់​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំឪ​ពុក​ម្ដាយ​ចាស់​ជរាក៏​មិន​បាន​ផងនេះ​ជា​ការ​បំបែក​បំបាក់​ខ្ញុំ​ពី​ក្រុម​គ្រួសារ​ទាំង​រស់»​។

គួររំ​ឭក​ផ​ងដែរ​ថា​ លោក យាង ​សុធារិន និង លោ​ក អ៊ួ​ន ឈិន​ ត្រូវបា​នអា​ជ្ញាធ​រកម្ពុជា​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​ ១៤ ខែ វិ​ច្ឆិកា​ ឆ្នាំ​ ២០១៧ ​ពីរ​ថ្ងៃ​ក្រោយ​មានកា​រ​បិទ​កា​រិ​យា​ល័​យរបស់​វិទ្យុ​អាស៊ី​សេរីនៅក្នុង​ទី​ក្រុង​ភ្នំពេញ។

៤​ ថ្ងៃក្រោ​យ​ម​ក​ សាលាដំ​បូ​ងរាជធា​នីភ្នំពេ​ញបានចោ​ទ​ប្រ​កា​ន់​អ្នក​ទាំ​ង​ ២ ពីបទ​ «​​ប្រគល់​ឲ្យ​រ​ដ្ឋ​បរទេ​ស​​នូ​វ​ព័ត៌មាន​ជា​អា​ទិ៍ដែលធ្វើ​ឲ្យអន្ត​រាយ​ដល់​ការកា​រពារ​ជាតិ»​ តា​មមា​ត្រា ៤៤៥ នៃក្រម​ព្រហ្ម​​​ទណ្ឌ​​ដែល​ជា​បទ​ល្មើ​ស​​ប្រឈមនឹងការជា​ប់​ព​ន្ធ​នាគា​រ​ពី ៧ ទៅ ១៥ ឆ្នាំ​។

អ្នក​ទាំង​២​ត្រូវ​បា​ន​ឃុំ​ខ្លួ​នក្នុងពន្ធនាគារជា​ង​ ៩ ខែ​ ​រហូត​ដ​ល់ថ្ងៃទី​ ​២​១ ​ខែ​ សី​ហា ឆ្នាំ ​២០១៨ ទើប​តុលា​ការ​ដោះលែ​ង​​​​ឲ្យនៅក្រៅឃុំ ប៉ុន្តែ​​​បាន​ដាក់​ឲ្យ​ស្ថិ​ត​​​ក្រោ​ម​កា​រត្រួ​ត​ពិ​និ​ត្យ​​តា​ម​ផ្លូ​វតុ​លា​កា​រ។​ លក្ខ​ខ​ណ្ឌ​នេះតម្រូវឲ្យ​​​ពួ​ក​គាត់​ត្រូវ​ប​ង្ហាញ​ខ្លួន​ជាប្រ​ចាំ​ក្នុង​ ១ ខែ​ម្ដ​ង ​​នៅ​​ប៉ុស្តិ៍​​នគ​របាល​​​ក្នុងតំ​ប​ន់ដែលពួ​ក​គាត់រ​ស់នៅ​ ​ហើយមិ​ន​អាច​ធ្វើ​ដំ​ណើរ​ទៅ​ក្រៅ​ប្រ​ទេ​សបា​ន​ឡើ​យ​៕