
បារីអេឡិចត្រូនិកដែលលក់តាមហ្វេសប៊ុកនៅខែនេះ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ អង្គការចលនាដើម្បីសុខភាពកម្ពុជាបានសាទរចំពោះការហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិកទាំងប្រភេទចាស់ និងថ្មីឈ្មោះ អេចឈ៍ ធី ភី ខណៈបារីអេឡិចត្រូនិកកំពុងបន្តដាក់លក់តាមបណ្ដាញសង្គមនៅកម្ពុជា។
លោកវេជ្ជ បណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានសាទរ ចំពោះការហាមឃាត់ការប្រើប្រាស់ និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិកដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញកាលពីថ្ងៃទី ១៨ មីនា។
លោកថ្លែងថា៖ «ការដាក់ចេញនូវសេចក្តីណែនាំនេះបានរួមចំណែកដល់ការទប់ស្កាត់ការរាតត្បាតចូលសហគមន៍នៃជំងឺកូវីដ១៩ ដែលប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់។
មានយុវជនកម្ពុជាមួយចំនួនកំពុងប្រើប្រាស់ឧបករណ៍ជក់បារីអេឡិកត្រូនិក និងអេចឈ៍ ធី ភី រួមគ្នា ដែលជាកត្តាហានិភ័យយ៉ាងធំនៃការចម្លងជំងឺកូវីដ ១៩ ពីម្នាក់ទៅម្នាក់»។
លោកថ្លែងថា បច្ចុប្បន្ននេះបារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី ត្រូវបានគេផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេងតាមបណ្ដាញសង្គម ធ្វើឱ្យពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និងបន្តការប្រើប្រាស់ដែលជាច្រកទ្វារមួយឈានទៅប្រើគ្រឿងញៀនខុសច្បាប់ផ្សេងទៀត។
នៅលើហ្វេសប៊ុកគេអាចរកឃើញការផ្សាយលក់បារីអេឡិចត្រូនិកជាច្រើន មានតម្លៃពី ១០ ដុល្លារឡើងទៅ។
ហ្វេសប៊ុកឈ្មោះ VAPE បានបង្ហោះលក់ឧបករណ៍បារីអេឡិចត្រូនិក និងមានការដឹកជញ្ជូនទៅគ្រប់ខេត្តក្រុង។ ម្ចាស់ហ្វេសប៊ុកនេះថ្លែងពីម្សិលមិញថា គាត់លក់ឧបករណ៍នេះជាយូរមកហើយ ប៉ុន្តែបានផ្អាកមួយរយៈ ទើបតែចាប់ផ្ដើមឡើងវិញថ្មីៗនេះ។ ការលក់នេះមិនមានការហាមអ្វីទេ ហើយគាត់អាចដឹកជញ្ជូនទៅអតិថិជនតាមការកុម្ម៉ង់។
យ៉ាងណាក្ដី លោក មុំ គង់ បានថ្លែងថា VAPE ជាបារីអេឡិចត្រូនិកប្រភេទចាស់ ហើយ អេចឈ៏ ធី ភី ជាប្រភេទថ្មី ប៉ុន្តែផលិតផលទាំង ២ មានជាតិនីកូទីនដូចគ្នា និងដូចបារីធម្មតាដែរ។ ក្រុមហ៊ុនផលិត ជ្រើសរើសយកការផលិតបារីអេឡិចត្រូនិកជំនួសឱ្យបារីធម្មតា ដោយសារប្រទេសមួយចំនួនធំរឹតត្បិតការជក់បារី ហាមផ្សាយពាណិជ្ជកម្ម ដំឡើងពន្ធ និងហាមជក់បារីនៅទីបិទជិត។
លោកបន្តថា ការផលិតបារីអេឡិចត្រូនិកក៏ធ្វើឡើងដោយសារអ្នកជក់បារីធម្មតាបានស្លាប់ ហើយក្រុមហ៊ុនរកវិធីផ្សេងទាក់ទាញអ្នកប្រើថ្មីតាមការបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងបារី។ តាមពិតបារីនេះក៏គ្រោះថ្នាក់ដូចបារីធម្មតាដែរ ថ្វីបើមានក្លិនផ្សេងគ្នា។
លោកស្នើឱ្យអ្នកប្រើមិនគួរជឿតាមការផ្សាយពាណិជ្ជកម្មដែលថាបារីអេឡិចត្រូនិកគ្មានគ្រោះថ្នាក់ដែលតាមពិតវាមានគ្រោះថ្នាក់ និងមិនមែនជាឧបករណ៍ផ្ដាច់បារីទេ ព្រោះវាជាបារីស្រាប់ទៅហើយ។ ក្នុងពេលរាលដាលជំងឺកូវីដ ការជក់បារីនេះរួមគ្នាក៏ជាកត្តាចម្លងជំងឺនេះផងដែរ។
សម្រាប់អ្នកលក់វិញ លោកថ្លែងថា៖ «អ្នកលក់គាត់ផ្សព្វផ្សាយនេះ ជាអំពើខុសច្បាប់ដែលគាត់ត្រូវប្រឈមមុខនឹងច្បាប់។ ក្នុងដំណាក់កាលបច្ចុប្បន្ន ប្រសិនបើគាត់នៅបន្តផ្សព្វផ្សាយលក់ មានន័យថា គាត់រួមចំណែកធ្វើឱ្យយុវជនខូចសួត និងឆ្លងកូវីដដែរ»៕