ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ស្នើឱ្យ​ដំឡើង​ពន្ធ​ថ្នាំជក់​ដែល​កំពុង​ចរាចរ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ជួយ​គាំទ្រ​ឱ្យ​ពលរដ្ឋ​ផ្ដាច់​​បារី​បាន​ជោគជ័យ ដែល​នាំ​ដល់​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់ ពិការ និង​ឈឺ​ក្នុង​អំឡុង​មាន​វិបត្តិ​កូវីដ​ ១៩​។

ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​កាលពី​ម្សិលមិញ ដើម្បី​ឆ្លើយតប​នឹង​ការយាយី​ជា​សកល​នៃ​ការផ្ទុះ​​ឡើង​ជំងឺ​កូវីដ​ ១៩ និង​ក្រោម​ហេតុផល​ថា អ្នក​ជក់បារី​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​អ្នក​មិន​ជក់ ប្រសិនបើ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ដែល​អង្គការ​សុខភាព​ពិភពលោក​បានកំណត់​យក “​ការផ្ដាច់​បារី​” ​ជា​ប្រធានបទ​សម្រាប់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នៅ​ឆ្នាំនេះ​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ឲ្យ​ដឹងថា វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​គាំទ្រ​ឱ្យ​ពលរដ្ឋ​​អាច​ផ្ដាច់​បារី​បាន​ជោគជ័យ​គឺ​ការដំឡើង​ពន្ធ​ថ្នាំជក់ ព្រោះ​នៅពេល​ពន្ធ​ថ្នាំជក់​កើនឡើង គឺ​អ្នក​ជក់បារី​នឹង​ជក់​តិចជាង​មុន​ ឬ​ផ្ដាច់​បារី​ទាំងស្រុង​។

អង្គការ​នេះ​បាន​បញ្ជាក់ដែរថា​ «​អ្នក​ជក់បារី ជក់​តិចជាង​មុន ឬ​ផ្ដាច់​បារី​ទាំងស្រុង​ដែល​នាំ​ទៅ​រក​ការថយចុះ​ចំនួន​អ្នកស្លាប់ អ្នក​ពិការ និង​អ្នក​ឈឺ​ដោយ​ការប្រើប្រាស់​ថ្នាំជក់​។ លើសពីនេះ​ទៀត ការដំឡើង​ពន្ធ​ថ្នាំជក់​ធ្វើឲ្យ​រាជរដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពន្ធ​បន្ថែម​សម្រាប់​ប្រើប្រាស់​លើ​ការទប់ស្កាត់​ជំងឺ ជាពិសេស ការទប់ស្កាត់ និង​ការព្យាបាល​ជំងឺ​កូវីដ​ ១៩»​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ថ្លែងថា មានមតិ​បំភាន់​មួយចំនួន​បាន​លើកឡើង​ថា ការដំឡើង​ពន្ធ​ថ្នាំជក់​នឹង​​ធ្វើឱ្យ​បាត់បង់​ចំណូល​ពន្ធរដ្ឋ ប៉ះពាល់​ដល់​ឱកាស​ការងារ ឬ​​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ និង​ធ្វើឱ្យ​​មាន​ការគេច​មិន​បង់ពន្ធ​។

ប៉ុន្តែ​លោក​លើក​សំអាងថា មាន​ប្រទេស​ជាច្រើន​ដែល​បាន​ដំឡើង​ពន្ធ​ថ្នាំជក់​រួចហើយ ក្នុង​នោះ​នៅ​អាស៊ាន មាន ហ្វីលីពីន និង​ថៃ បាន​បង្ហាញថា បន្ទាប់ពី​ដំឡើង​ពន្ធ គឺ​មាន​ពលរដ្ឋ​ជាច្រើន​បាន​ផ្ដាច់​បារី ហើយ​រដ្ឋាភិបាល​​ក៏​ទទួលបាន​ពន្ធ​បន្ថែម​ពី​ថ្នាំជក់​ដែល​​នាំឱ្យ​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ថវិកា​នោះ ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​បាន​យ៉ាងច្រើន​។

លោក​បញ្ជាក់ថា​៖ «​នៅ​កម្ពុជា​ករណី​សិក្សា​មួយ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ឆ្នាំ​ ២០១៩ បង្ហាញថា កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធ​បន្ថែម ២៣៥ ​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ និង ៩៣៣ ​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាងមុខ បើ​កម្ពុជា​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​រហូតដល់​ ៧៥ ​ភាគរយ​នៃ​តម្លៃ​បារី​លក់រាយ​»​។

នៅ​ទូទាំង​ពិភពលោក ថ្នាំជក់​ធ្វើឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ ៨ ​លាន​នាក់​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​សរសៃ​ឈាម​បេះដូង សួត មហារីក ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម និង​ជំងឺ​ជាច្រើន​មុខ​ទៀត ដែល​ក្នុងនោះ​ពលរដ្ឋ​កម្ពុជា​មាន​ប្រមាណ ១៥ ០០០ ​នាក់​។ រីឯ​ថវិកា​ប្រមាណ​ ១,៤ ​ទ្រី​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ខាតបង់​។ ​នេះ​បើតាម​​សេចក្តី​ប្រកាស​របស់​អង្គការ​នេះ​។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​បាន​ពិភាក្សា​​ជុំវិញ​បញ្ហា​នេះ​ជា​ច្រើនដង​រួចមកហើយ ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ប៉ុន្តែ​លោក​ថា ការសម្រេច​ដំឡើង​ពន្ធនេះ គឺ​អាស្រ័យ​លើ​ការសិក្សា​លម្អិត​បន្ថែមទៀត ខណៈ​ការយកពន្ធ​លើ​​ផលិតផល​ថ្នាំជក់​ទាំងនេះ​គឺ​រដ្ឋាភិបាល បាន​សិក្សា​ហ្មត់ចត់​រួចមកហើយ​។

លោក​ថា​៖ «​កិច្ចការ​នេះ​យើង​បាន​​ប្រជុំ​ច្រើនដង​ហើយ​ដើម្បី​ធ្វើការ​វាយតម្លៃ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​គោលនយោបាយ​ពន្ធ​មួយៗ គឺ​មិន​ស្រួល​នោះទេ គឺ​វា​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់​។ គ្រាន់តែ​បញ្ហា​នេះ ​រដ្ឋាភិបាល​គាត់​ត្រូវ​ថ្លឹងថ្លែង​ហើយ​ក្នុង​កិច្ចការ​ឱ្យ​ឡើង​ពន្ធ​នេះ​»៕

វីដេអូ៖