The Phnom Penh Post Search

Search form

អង្គការ​ចលនា​មាតា​ធម្មជាតិ ​ថ្កោលទោស​ក្រុមហ៊ុន​បូម​ខ្សាច់​ឧត្តមសីមា

Content image - Phnom Penh Post
សកម្មជនមាតាធម្មជាតិ​លើកបដា​តវ៉ា​ការ​បូម​ខ្សាច់​នៅកោះកុង កាល​ពី​ឆ្នាំ​មុន រហូត​មាន​ការ​ចាប់​ខ្លួន​សកម្មជន​ពីរ​នាក់​របស់​អង្គការ​នេះ។ រូបថត សហការី

អង្គការ​ចលនា​មាតា​ធម្មជាតិ ​ថ្កោលទោស​ក្រុមហ៊ុន​បូម​ខ្សាច់​ឧត្តមសីមា

កោះកុងៈ អង្គការ​ចលនា​មាតា​ធម្មជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ថ្កោលទោស​បុគ្គលិក​ និង​សន្តិសុខ​ក្រុមហ៊ុន​ឧត្តមសីមា​ដែល​បាន​បង្ខាំង​ខ្លួន និង​គំរាម​កំហែង​ក្រុម​យុវជន​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​ប្រជា​សហគមន៍​ចំនួន ៦ រូប​​ ខណៈ​ដែល​ពួកគេ​បាន​ចុះ​ទៅ​ថត​​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​នេះ​នៅ​ចំណុច​​តំបន់​កោះ​ស្មាច់ ភូមិ​កោះអណ្តែត ឃុំ​តាតៃក្រោម ស្រុក​កោះកុង​ដែល​ជា​ទីតាំង​សាធារណៈ​របស់​រដ្ឋ។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​លើក​ឡើង​ថា​កន្លង​មក​ក្រុមហ៊ុន​បូម​ខ្សាច់​ឧត្តមសីមា​តែងតែ​ធ្វើការ​គំរាមកំហែង និង​ធ្វើ​បាប​ខាង​ផ្លូវ​សេដ្ឋកិច្ច​ទៅ​លើ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​តាមរយៈ​ការ​រារាំង​មិន​ឲ្យ​ទៅ​កាន់​ទីតាំង​ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម និង​ធ្វើឲ្យ​ខូចខាត​ឧបករណ៍​នេសាទ កាប់​បំផ្លាញ​ព្រៃ​កោងកាង ស្មៅ​សមុទ្រ​ដែល​ជា​ជម្រក​មច្ឆា​សមុទ្រ និង​ជា​ប្រភព​​នេសាទ​ដ៏សំខាន់​របស់​​ប្រជាពលរដ្ឋ។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បន្ត​ថា​ក្រៅពី​នោះ​បុគ្គលិក​ និង​សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​បង្ខាំង​ខ្លួន​ដោយ​ចេតនា បង្ខិតបង្ខំ និង​គំរាម​កំហែង​​ស្មារតី​ទៅលើ​យុវជន​ និង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ព្រម​ទាំង​សហគមន៍​ចំនួន ៦ រូប​ដែល​បាន​ចុះ​ទៅ​កាន់​តំបន់​ដែល​ជា​ទីតាំង​សាធារណៈ​​របស់​រដ្ឋ​ថែម​ទៀត។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា៖ «ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ណា​មួយ​ដែល​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់​ហើយ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ទទួល​យក​បាន និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។​

អង្គការ​នេះ​ក៏​បាន​​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​​រក​អ្នក​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​សិទ្ធិ​មនុស្ស​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៥ សកម្មជន​មាតា​ធម្មជាតិ​មាន​ឈ្មោះ ញេក នីត្រា ម៉ូត គីមរី លឹម សុជាតា និង​ប្រជាសហគមន៍​កោះ​ស្រឡៅ​ឈ្មោះ ខៀវ សាឡេះ ម៉ូត សុផា និង​កុមារី​អាយុ ៥ ឆ្នាំ​ម្នាក់​ឈ្មោះ ម៉ារី ព្រម​ទាំង​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Rod Harbinson បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​កោះស្មាច់​ដើម្បី​ទស្សនា​ថត​យក​រូបភាព​មួយ​ចំនួន​តែ​ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​ឧត្តមសីមា​ឃាត់​ខ្លួន​ពួកគេ​ និង​បញ្ជា​ឲ្យ​លុប​រូបថត​នៅ​តំបន់​ដែល​​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​គឺ​នៅ​ថ្ងៃ​ទី​ ២៨ ធ្នូ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​សហគមន៍​បាន​ដាក់​ពាក្យ​ប្តឹង​បុគ្គលិក​ក្រុមហ៊ុន​នេះ​ឈ្មោះ ម៉ៅ ស៊ីថា ​ទៅ​កាន់​សាលា​ដំបូង​​ខេត្ត​កោះកុង​ដោយ​ចោទ​ពី​បទ​ចាប់​ឃុំ​ឃាំង និង​បង្ខាំង​​មនុស្ស​​​ដោយ​ខុស​​ច្បាប់​។

ប្រធាន​ក្រុមហ៊ុន​បូមខ្សាច់​ឧត្តមសីមា លោក អៀត ប៊ុនថុល បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ​ដោយ​ថា​ក្រុមហ៊ុន​មិន​ដែល​​បាន​រារាំង​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​ហើយ​ការ​ដែល​បុគ្គលិក​ក្រុមហ៊ុន​សួរ​នាំ​​ទៅ​លើ​​ក្រុម​សកម្មជន​អង្គការ​​នេះ​ព្រោះ​តែ​ពួកគេ​ចូល​មក​​កាន់​ទីតាំង​របស់​​ក្រុមហ៊ុន​ដោយ​ពុំ​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ និង​ជម្រាប​អាជ្ញាធរ​ដែនដី​ជា​មុន។

លោក​បញ្ជាក់​ថា៖ «រដ្ឋអនុញ្ញាត​​ឲ្យ​ខ្ញុំ​ធ្វើ​អាជីវកម្ម​នៅ​ទីតាំង​នោះ​តែ​គាត់​នាំ​គ្នា​ទៅ​ថតរូប​ក្នុង​បំណង​មិន​ល្អ​បើ​គាត់​ទៅ​ធម្មតា​មិន​ថតរូប​ក្នុង​បំណង​មិន​ល្អ​មាន​អ្នក​ណា​ទៅ​ឃាត់​គាត់​អ្នក​ណា​ក៏​ទៅ​បាន​ដែរ​តែ​គាត់​ទៅ​រំលោភ​លើ​ដែន​របស់​យើង​​ដែល​កំពុង​ធ្វើ​អាជីវកម្ម​អាហ្នឹង​យ៉ាង​ម៉េច​វិញ? ហើយ​ការ​ប្តឹង​របស់​គាត់​ជា​សិទ្ធិ​របស់​គាត់​ទេ​តែ​រឿង​នេះ​គាត់​ទៅ​ញុះញង់​បង្ក​ឲ្យ​មាន​ហេតុការណ៍​កើតឡើង​វា​ជា​អំពើ​មិន​ល្អ​ទេ»​។

ចំណែក​អធិការ​នគរបាល​ស្រុក​កោះកុង​លោក សេង ធេត បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថា​លោក​ពុំ​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​ឃាត់​ខ្លួន​នេះ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។