ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន ២០ ស្ថាប័ន នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឱ្យបាន ២ ដូសជាមុន។ ប៉ុន្ដែក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការលើកឡើងរបស់ក្រុមអង្គការទាំងនេះ ដោយសារតែមិនយល់ពីនីតិវិធីនៃសេចក្ដីជូនដំណឹងរបស់ក្រសួងបានច្បាស់។
តាមរយៈសេចក្ដីថ្លែងការណ៍ សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី ៤ ខែឧសភា ដែលបានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នចំនួន ៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវចាក់វ៉ាក់សាំងចំនួន ២ ដងរួចរាល់ជាមុនសិន។
បើតាមសង្គមស៊ីវិល ដែលលើកពីសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចំពោះបេក្ខជនណាដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ឬគ្មានលិខិតបញ្ជាក់ពីករណីដែលពុំអាចចាក់វ៉ាក់សាំងបានពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត នឹងពុំអនុញ្ញាតឱ្យបេក្ខជនរូបនោះចូលរួមប្រឡងឡើយ។
ក្រុមអង្គការសង្គមស៊ីវិលអះអាងថា៖ «សេចក្តីកំហិតនេះ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានលទ្ធភាពផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋតាមផែនការកំណត់នៅឡើយ»។
ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី ៤ ខែឧសភា បានជូនដំណឹងស្តីពីលក្ខខណ្ឌបន្ថែមសម្រាប់បេក្ខជន ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នចំនួន ៦ ដែលសង្គមស៊ីវិលបានលើកឡើងខាងលើ។
ប៉ុន្ដែតាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងបានបញ្ជាក់ថា ចំពោះសេចក្ដីសម្រេចស្ដីពីការអនុញ្ញាតឱ្យបេក្ខជនចូលរួមប្រឡង កាលបរិច្ឆេទ និងមណ្ឌលប្រឡង គណៈកម្មការប្រឡងនឹងជូនដំណឹងពេលក្រោយ។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈបានបញ្ជាក់នាថ្ងៃនេះថា បច្ចុប្បន្នក្រសួងមិនទាន់មានការកំណត់ពេលវេលានៃការប្រឡងនៅឡើយទេ។
ចំណែកពេលវេលានៃការប្រឡងក៏ក្រសួងបានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងដែរ គឺក្រសួងនឹងជូនដំណឹងនៅពេលក្រោយ ដោយគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងចប់រួចរាល់ និងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ស្ងប់ស្ងាត់ជាមុនសិន។
លោកបញ្ជាក់ថា៖ «ការជូនដំណឹងរបស់ក្រសួងនេះ គឺយើងត្រៀមលក្ខណៈ បើសិនជារាជដ្ឋាភិបាលផ្ដល់លទ្ធភាពចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋរួចរាល់ ហើយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ វាស្ងប់ស្ងាត់ យើងអាចរៀបចំការប្រឡងបាន នោះយើងនឹងជូនដំណឹងអំពីការរៀបចំការប្រឡងនេះ។ ឥឡូវយើងអត់ទាន់មានការកំណត់នៅឡើយទេ»។
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងដំណើរការជ្រើសរើសធនធានមនុស្សឱ្យចូលរួមប្រកួតប្រជែងប្រកបដោយសេរីភាព តម្លាភាព សមភាព គណនេយ្យភាព យុត្តិធម៌ និងផ្ទុយពីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបានចែងពីភាពស្មើគ្នាចំពោះមុខច្បាប់ត្រង់មាត្រា ៣១ និងមាត្រា ៣៦ ត្រង់កឋាខណ្ឌទី១ ដែលបានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរទាំង ២ ភេទ សម្រាប់ការជ្រើសរើសមុខរបរស្របតាមសមត្ថភាពខ្លួន។
ការកំហិតដូចមានចែងក្នុងលិខិតជូនដំណឹងនេះ បង្កជាការលំបាកដល់បេក្ខជន អាចធ្វើឱ្យការប្រកួតប្រជែងពុំមានតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងបង្កើតឱ្យមានវិប្បដិសារី ដោយសារបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ តែពុំបានចាក់វ៉ាក់សាំងតាមចំនួនកំណត់ក៏ត្រូវបានបាត់សិទ្ធិក្នុងការចូលរួមប្រឡង។ ហេតុនេះនឹងធ្វើឱ្យយុវជនមានសមត្ថភាពបាត់បង់ឱកាសចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមន្ត្រីរាជការ បំពេញកិច្ចការសាធារណៈ។
ជាមួយគ្នានេះ ស្ថាប័នរដ្ឋក៏បាត់បង់ឱកាសក្នុងការទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ចូលរួមពង្រឹងសេវាសាធារណៈ និងអភិវឌ្ឍន៍សង្គមជាតិ។
ក្រុមអង្គការថ្លែងថា៖ «យើងទាំងអស់គ្នាដែលជាសមាគម សហជីព អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម ស្នើសុំឱ្យរាជរដ្ឋាភិបាលលុបចោលនូវលក្ខខណ្ឌកំណត់ឱ្យបេក្ខជនប្រឡង ចូលក្របខ័ណ្ឌ មន្ត្រីរាជការ ត្រូវចាក់វ៉ាក់សាំងឱ្យបាន ២ ដូសជាមុនសិននេះ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន»។
តាមសេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលឱ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ប្រទេសកម្ពុជា ទើបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៤ ០២៤ ០០០ ដូស ហើយបានចាក់ជូនប្រជាពលរដ្ឋចំនួន ១ ៨៩៩ ៩៨៨ នាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។
ក្នុងចំណោមប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងទាំងអស់មានប្រជាពលរដ្ឋប្រមាណត្រឹមតែ ១ ១១៧ ២៨០ នាក់ បានចាក់វ៉ាក់សាំងចំនួន ២ ដូសរួចរាល់ ក្នុងចំណោមអ្នកបានទទួលចាក់វ៉ាក់សាំងចំនួននៃប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណ ១៥ ២៨៨ ៤៨៩នាក់។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៣,៣ លាននាក់ ផ្សេងទៀត ពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅឡើយទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ថ្លែងថា សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះ គឺមិនត្រឹមត្រូវទេ ដោយផ្អែកតាមគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គឺរដ្ឋាភិបាលអាចកំណត់នូវលក្ខខណ្ឌផ្សេងៗសម្រាប់មនុស្សផ្សេងៗគ្នា ដើម្បីជាប្រយោជន៍សាធារណៈ និងធានាបាននូវគុណភាព ប្រសិទ្ធភាពស្ថាប័ន។
លោកថ្លែងថា៖ «ជាគោលការណ៍សិទ្ធិមនុស្ស ការលើកឡើងរបស់សង្គមស៊ីវិលនេះ គឺអត់ត្រឹមត្រូវទេ។ ការកំណត់លក្ខខណ្ឌនៃការប្រឡងចូលក្របខ័ណ្ឌនេះ គឺមិនមែនជាការរំលោភសិទ្ធិស្មើគ្នាចំពោះមុខច្បាប់នោះទេ។ ការកំណត់លក្ខខណ្ឌនេះ គឺដើម្បីថែរក្សានូវផលប្រយោជន៍រួម ដើម្បីធានាបាននូវប្រសិទ្ធភាព គុណភាព ក៏ដូចជាសុវត្ថិភាពរបស់ស្ថាប័ន»៕
វីដេអូ៖