ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៣ ចាប់ផ្ដើម​គ្រោង​ «​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​នៅក្នុង​សាលារៀន​នៅ​កម្ពុជា​» ដែល​នឹង​ជួយ​គាំទ្រ​ដល់​កុមារ​ប្រមាណ​ ១៣ ០០០ ​នាក់​ នៅក្នុង​ខេត្តសៀមរាប និង​ព្រះវិហារ​។ គម្រោង​នេះ មាន​គោលបំណង​កាត់បន្ថយ​អំពើហិង្សា​លើ​កុមារ​នៅក្នុង​ និង​ជុំវិញ​សាលារៀន​។

គម្រោង​បញ្ចប់​ហិង្សា​លើ​កុមារ​នៅក្នុង​សាលារៀន​នេះ អនុវត្ត​ដោយ​អង្គការ​ដៃគូ​ចំនួន​ ៣ គឺ​អង្គការ Save the Children អង្គការ​ទស្សន​ពិភពលោក និង​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​។ គម្រោង​នេះ​នឹង​ប្រើប្រាស់​ឧបករណ៍​បចេ្ចកទេស និង​វិធីសាស្ត្រ​នានា​ផ្អែក​ទៅលើ​ភ័ស្តុតាង​ដែល​បាន​មកពី​ការសិក្សា​ស្រាវជ្រាវ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ដៃគូ​ទាំង​ ៣​។

អង្គការ Save the Children នឹង​ដឹកនាំ​ការអនុវត្ត​គម្រោង​ទាំងមូល​ធានា​ពី​គុណភាព​លទ្ធផល និង​ការសហការ​ជាមួយ​ថ្នាក់ជាតិ​។ ចំណែក​អង្គការ​ទស្សន​ពិភពលោក​នឹង​អនុវត្ត​គម្រោង​នេះ​នៅក្នុង​ខេត្តព្រះវិហារ​ហើយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​នឹង​អនុវត្ត​នៅក្នុង​ខេត្តសៀមរាប ។

ក្រុម​អង្គការ​ចាប់ផ្ដើម​គម្រោង​នេះ​ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​មួយ​ស្ដី​អំពី​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៣ ដែល​រកឃើញ​ថា ចំនួន​ស្ត្រី​ ៥២,៧ ​ភាគរយ និង​បុរស ៥៤,២ ភាគរយ​មាន​អាយុ​ពី​ ១៨-២៤ ​ឆ្នាំ អះអាង​ថា ពួកគេ​ធ្លាប់​ទទួលរង​អំពើហិង្សា​លើ​រាងកាយ​យ៉ាងហោចណាស់​ម្តង មុន​ពេល​ដែល​ពួកគេ​មាន​អាយុ​ ១៨ ​ឆ្នាំ​។

ការសិក្សា​ដដែល​នោះ​ក៏​បាន​គូសបញ្ជាក់​បន្ថែមថា អំពើហិង្សា​នៅតាម​សាលារៀន​ច្រើនតែ​កើតឡើង​រវាង​កុមារ​ដែល​មាន​អាយុ​ដំណាលគ្នា ប៉ុន្តែ​គ្រូបង្រៀន​ជា​ញឹកញាប់ គឺជា អ្នកប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​កុមារ​នៅ​ខាងក្រៅ​ផ្ទះ​។

នាយិកា​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី អេលីហ្សាប៊េត ភៀស បាន​លើកឡើង​ថា អំពើហិង្សា​លើ​កុមារ ជាពិសេស​អំពើហិង្សា​ផ្នែក​យេនឌ័រ និង​ការសម្លុត​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​មាន​ការបោះបង់​ចោលការ​សិក្សា​ក្នុង​ចំណោម​កុមារ​មាន​ពិការភាព​។ ក្មេងស្រី​ទំនង​ជា​ទទួលរង​ការរំលោភបំពាន​ផ្លូវចិត្ត ការរំលោភបំពាន​តាម​អ៊ីនធឺណិត​អំពើ​ហិង្សា​ផ្លូវភេទ និង​ការរំលោភបំពាន​ខ្លាំង​ជាង​ក្មេងប្រុស ខណៈពេល​ដែល​ក្មេងប្រុស​ទទួលរង​នូវ​អំពើហិង្សា និង​ការដាក់ទណ្ឌកម្ម​លើ​រាងកាយ​។

លោកស្រី​ថ្លែង​ថា តាមរយៈ​គម្រោង​នេះ​អង្គការ​របស់​អ្នកស្រី និង​ដៃគូ​នឹង​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ​ការការពារ​កុមារ​នៅ​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ ការអនុម័ត​ និង​ការផ្សព្វផ្សាយ​សៀវភៅ​ណែនាំ​ប្រតិបត្តិ​ស្តីពី​កិច្ចការពារ​កុមារ​នៅក្នុង​សាលារៀន​។

លោកស្រី​បន្តថា​៖ «​យើង​ក៏​នឹង​គាំទ្រ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការសាកល្បង​អនុវត្ត​សៀវភៅ​ណែនាំ​ប្រតិបត្តិ​ស្តីពី​កិច្ចការពារ​កុមារ​នៅក្នុង​សាលារៀន​នៅក្នុង​សាលា​បឋមសិក្សា​គោលដៅ​ដោយ​បង្កើត​នូវ​យន្តការ​កិច្ចការពារ​កុមារ​នៅ​តាម​សាលា និង​ផ្សារភ្ជាប់​ជាមួយ​យន្តការ​កិច្ចការពារ​កុមារ​ដែល​មាន​ស្រាប់​ក្នុង​សហគមន៍​»​។

គម្រោង​នេះ​ក៏​នឹង​គាំទ្រ​សាលា​គោលដៅ​ក្នុង​ការបង្កើត​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថិតិ​ពី​អំពើហិង្សា​លើ​កុមារ​ព្រមទាំង​ដាក់ឱ្យ​អនុវត្ត​ក្រមសីលធម៌​កិច្ចការពារ​កុមារ​។ ​ប្រព័ន្ធ​ទាំងនេះ​នឹង​ជួយ​ដល់​សាលា​ក្នុង​ការតាមដាន​អំពើហិង្សា​លើ​កុមារ និង​ជួយ​ឱ្យមាន​ការឆ្លើយតប​ទាន់ពេលវេលា​ដើម្បី​ការពារ​កុមារ​ពី​ការបោះបង់​ចោលការសិក្សា​។ ​នេះ​ជា​ការលើកឡើង​របស់​លោកស្រី គ្វីន នេត វង នាយិកា​អង្គការភ្លែន​អន្តរជាតិ​កម្ពុជា​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​ស្វាគមន៍​គ្រប់ការ​ចូលរួម​បែប​វិជ្ជមាន​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ​តាម​គ្រប់​រូបភាព​។ ចំពោះ​ការទប់ស្កាត់​អំពើហិង្សា​លើ​កុមារ​តាម​គ្រប់​រូបភាព​នៅតាម​សាលារៀន គណៈ​គ្រប់គ្រង​នៅតាម​សាលារៀន ដោយ​សហការ​ជាមួយ​មន្ទីរអប់រំ ចាត់វិធានការ​បែប​រដ្ឋបាល​ទៅលើ​អំពើ​ទាំងឡាយ​ដែល​ប្រាសចាក​ពី​ការងារ​អប់រំ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ថែម​ពីនេះ​​ទៀត នៅតាម​គ្រឹះស្ថានសិក្សា​ទាំងអស់ មាន​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន​ដែល​ដើរតួនាទី​ជួយ​លើកកម្ពស់​ការរៀនសូត្រ​របស់​សិស្ស​ទាំងអស់​នៅក្នុង​ប្រទេស និង​មាន​ភារកិច្ច​តាមដាន រាយការណ៍ ប្រសិនបើ​មាន​ករណី​មិន​ប្រក្រតី​ណាមួយ​ទៅលើ​សិស្ស​នៅក្នុង​គ្រឹះស្ថានសិក្សា​»៕