ភ្នំពេញៈ អង្គការ​ចំនួន​ ៩ ​បានទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​កុមារ​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​កាលពី​ថ្ងៃទី​ ១៣ ​ខែតុលា​ បន្ទាប់ពី​ក្រុមការងារ​បាន​ចុះ​ធ្វើការ​វាយតម្លៃ​ទៅលើ​មណ្ឌល​ទាំងនោះ​ថា ពិតជា​មណ្ឌល​ល្អ​ត្រឹមត្រូវ គោរព​តាម​បទដ្ឋាន និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​។

លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​បានប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​កុមារ​ចំនួន​ ១២ ​មណ្ឌល​របស់​អង្គការ​ដៃគូ​ចំនួន​ ៩ ក្នុង​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

លោក​បន្តថា អង្គការ​ដែល​មាន​មណ្ឌល​ថែទាំ គឺ​ត្រូវតែ​ដាក់ពាក្យ​សុំ​មក​ក្រសួង​សង្គមកិច្ច ដើម្បី​ចុះ​ធ្វើការ​វាយតម្លៃថា​តើ​មណ្ឌល​ទាំងនោះ​បាន​អនុវត្ត​តាម​គោលនយោបាយ​តាម​ស្តង់ដា​ដែល​ក្រសួង​បាន​ដាក់​ចេញ​នោះ​ត្រឹមត្រូវ​ល្អ​តាម​អ្វីដែល​ក្រសួង​ដាក់​ឱ្យ​អនុវត្ត​ដែរ​ឬ​អត់​។

លោក​ ចាន់នី ​មាន​ប្រសាសន៍​ថា​៖ «​នៅពេល​ដែល​មន្ត្រី​យើង​ចុះទៅ​ធ្វើការ​វាយតម្លៃ ឃើញ​ថា ពួកគាត់​គោរព​តាម​ស្តង់ដា​ត្រឹមត្រូវ យើង​នឹង​ចេញ​នូវ​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំ​នោះ​។ ការចុះ​វាយតម្លៃ​គឺ​​មើល​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ដូចជា​មាន​ទីតាំង​ច្បាស់លាស់​មាន​កន្លែង​ស្នាក់នៅ​របស់​ក្មេង ទីធ្លា​ស្អាត អនាម័យ មាន​របប​អាហារ​ត្រឹមត្រូវ និង​ការស្លៀកពាក់​ជាដើម​»​។

ប៉ុន្តែ​បើ​មណ្ឌល​ណា​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ក្រសួង​នឹង​ទុកពេល​ពី​ ២ ​ទៅ​ ៣ ​ខែ​ឱ្យ​ពួកគាត់​ធ្វើការ​កែតម្រូវ​បន្តទៀត​។

លោក​បញ្ជាក់ទៀតថា វិញ្ញាបនបត្រ​នេះ​មាន​តម្លៃ​ណាស់ ដោយសារ​អង្គការ​ទាំងនេះ​អាច​យក​វិញ្ញាបនបត្រ​នេះ​ស្នើសុំ​ជំនួយ​ពី​បណ្តា​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​សម្រាប់​ជួយ​ដល់​មណ្ឌល​របស់​ពួកគាត់​បាន​ដោយ​ខាង​ម្ចាស់ជំនួយ​នឹង​ពិនិត្យ​មើលថា មណ្ឌល​ទាំងនេះ​បាន​ទទួល​ស្គាល់​ពី​រាជរដ្ឋាភិបាល​ពី​ការអនុវត្ត​បាន​ល្អ​របស់​មណ្ឌល​ទាំងនេះ​។

បើតាម​លោក តូច ចាន់នី ការចូលរួម​សហការ​របស់​អង្គការ​ដៃគូ​ក្រៅ​រដ្ឋាភិបាល​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការលើកកម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។

លោក​ ចាន់នី ​ក៏បាន​ស្នើឱ្យ​ក្រុមការងារ​ក្រសួង និង​អង្គការ​ដែល​សហការ នាពេល​នេះ​រួមគ្នា​ដើម្បី​ធ្វើ​ការងារ ដោយ​យក​ចិត្ត​ទុកដាក់​ឱ្យ​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ ក្រសួង​នៅតែ​ស្វាគមន៍​ជានិច្ច​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​អង្គការ​នានា ដើម្បី​ជួយ​ដល់​កុមារ​រងគ្រោះ​នៅ​កម្ពុជា​ឱ្យ​មាន​ជីវភាព និង​ជីវិត​រស់នៅ​ល្អ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​។

ក្រសួង​សង្គមកិច្ច​បាន​ផ្តល់​វិញ្ញាបនបត្រ​ដល់​មណ្ឌល​ថែទាំ​កុមារ​ជាច្រើន​រួចមកហើយ ប៉ុន្តែ​លោក តូច ចាន់នី មិន​មាន​ទិន្នន័យ​ច្បាស់លាស់​នៅក្នុង​ដៃ​ទេ​។ លោក​ថា សព្វថ្ងៃ​មាន​មណ្ឌល​ថែទាំ​កុមារ​ទូទាំង​ប្រទេស​ចំនួន​ ២៣២ ​មណ្ឌល ប៉ុន្តែ​មិនមែន​អង្គការ​ទាំងអស់​ទទួល​បាន​វិញ្ញាបនបត្រ​ទាំងអស់​ទេ ហើយ​អង្គការ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ​មាន​ចំនួន​ ១៤៧ អង្គការ​។

លោក តូច ចាន់នី ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​អង្គការ​ទាំងនោះ​ដែរ​ថា ត្រូវយក​វិញ្ញាបនបត្រ​នេះ​ទៅ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ​ដោយ​មិន​ត្រូវយក​វិញ្ញាបនបត្រ​នេះ​ទៅ​ដើរ​សុំ​ជំនួយ​ពី​គេ​ខុសពី​គោលការណ៍​របស់​ក្រសួង​ឡើយ​។ ក្នុង​ស្ថានភាព​នេះដែរ​លោក​សុំឱ្យ​មណ្ឌល​ទាំងនោះ​ធ្វើការ​ថែទាំ​កុមារ​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួង ពិសេស​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ត្រូវ​ថែរក្សា​សុខភាព​កុមារ​ឱ្យបាន​ខ្ពស់ ហើយ​ ១ ​វិញទៀត​ក៏ត្រូវ​ប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ផងដែរ​។ លោក​បញ្ជាក់​ថា បើ​មណ្ឌល​របស់​ពួកគាត់​ជួបនឹង​បញ្ហា​ទឹក​លិច​ត្រូវ​មាន​វិធានការ​ជម្លៀស​កុមារ​ចេញ​ឱ្យបាន​ទាន់​ពេលវេលា​៕