ស្ទឹងត្រែងៈ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា​បាន​បញ្ចប់​ការជីក​ស្តារ​ត្រពាំងទឹក​ចំនួន​ ២០ ​បន្ថែមទៀត​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​នៅក្នុង​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រភពទឹក និង​ទីជម្រក​សម្រាប់​សត្វព្រៃ និង​សត្វចិញ្ចឹម​ក្នុងស្រុក និង​ក៏​ដើម្បី​បង្កើន​ជា​ប្រភព​ចំណីអាហារ​សម្រាប់​សត្វ និង​មនុស្ស​ផងដែរ​។

លោក ម៉ាក សុភាព ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែឧសភា​ថា គម្រោង​ជីក​ស្តារ​ត្រពាំងទឹក​ទាំង​ ២០ ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ពី​ខែមករា និង​ខែ កុម្ភៈ ឆ្នាំ​ ២០២១ ក្នុងនោះ​មាន​ត្រពាំង​ចំនួន​ ៥ ត្រូវបាន​ជីក​ស្តារ​ដោយ​គ្រឿងចក្រ និង​ ១៥ ​ទៀត​ត្រូវ​បាន​ជីក​ស្តារ​ដោយ​ប្រជាពលរដ្ឋ​ចំនួន ២៧៨ ​នាក់ មកពី​ ៦ ​ភូមិ ដែល​នៅ​ជុំវិញ​ដែនជម្រក​សត្វព្រៃ​។

លោក​បន្តថា មូលហេតុ​ដែល​ជ្រើសរើស​យក​ការជីក​ស្តារ​នៅក្នុង​រយៈពេល​ ២ ​ឬ ៣ ខែ​នេះ ដោយសារ​អំឡុងពេល​នេះ ត្រពាំង​មួយៗ​មាន​ការរីងស្ងួត និង​ដី​ក៏​មិនទាន់​រឹង​ខ្លាំង​។ ប្រសិនបើ​ពន្យារពេល​រហូតដល់​ខែមេសា ដី​នឹង​មាន​សភាព​រឹង​ដែល​ធ្វើឱ្យ​មាន​ការលំបាក​ក្នុង​ការជីក​ស្តារ​។

លោក​ ម៉ាក សុភាព ​ថ្លែងថា៖ «​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​នេះ​គឺជា​តំបន់​ខ្ពង់រាប​ហើយ​មិនមាន​ទន្លេ​ហូរ​កាត់​ខ្វាត់ខ្វែង​ទេ និង​មាន​ទន្លេ​តែ​ ១ គឺ​ទន្លេសេកុង ហើយ​ខែប្រាំង ទឹក​ហូរ​ចាក់​ចូល​ទន្លេ​អស់ហើយ ស្ងួត​ព្រៃ ហើយ​ទឹក​នៅតាម​ត្រពាំង ដែល​មិនអាច​ផ្តល់ឱ្យ​សត្វព្រៃ​ធ្វើជា​ទីជម្រក និង​ផឹកទឹក​នេះ​បាន ប៉ុន្តែ​ត្រពាំងទឹក​ខ្លះ ក៏​រាក់ និង​មិន​មាន​ទឹក​ដក់ យើង​ក៏​ជីក​ស្តារ​ឱ្យមាន​ផ្ទៃ​ធំ​ជាង​មុន​»​។

បើតាម​លោក សុភាព ការជីក​ស្តារ​ត្រពាំង​នេះ គឺជា​ការជីក​ដោយ​ដៃ ទៅ​តាម​ប្រភេទ​នៃ​ត្រពាំង ធម្មជាតិ​​ទាំងនោះ និង​ជម្រៅ​របស់​វា ក៏​មិន​ជ្រៅ​ដែរ ពោលគឺ​ធ្វើ​ទៅតាម​ទំហំ និង​បច្ចេកទេស​ដែល​គិត​ជា​មធ្យម​មាន​ជម្រៅ​មាត់ត្រពាំង​ ៣ ​តឹក និង​បាត​ត្រពាំង ៧ ​តឹក ប៉ុន្តែ​ចំពោះ​ការជីក​ស្តារ​ដោយ​ប្រើ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​វិញ គឺមាន​ទំហំ​ធំ និង​ជ្រៅ​ជាង​នេះ ដើម្បី​រក្សា​ទឹក​ឱ្យបាន​យូរ និង​ឆ្លង​ផុត​ខែវស្សា​។

យោងតាម​របាយការណ៍​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា គម្រោង​នេះ​បាន​ទទួល​ជំនួយ​ឧត្តម្ភ​ពី Critical Ecosystem Partnership Fund (CEPF) និង Mohamed Bin Zayed Species Conservation Fund (MBZ) ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ៥ ​ម៉ឺន​ដុល្លារ​។ ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មកដល់​បច្ចុប្បន្ន អង្គការ​បាន​ជីក​ស្តារ​ត្រពាំង​សរុប​បាន​ចំនួន​ ៤៦ ​ត្រពាំង​។

បើតាម​លោក សុភាព អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា គ្រោង​នឹង​ស្វែងរក​ជំនួយ​បន្ថែមទៀត ដើម្បី​ជីក​ស្តារ​ត្រពាំង​បន្ថែមទៀត​ ខណៈ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​នេះ​មាន​ត្រពាំង​ជាង ២០០ ដោយ​ត្រពាំង​ដែល​មាន​ទឹក​ក្នុង​រដូវប្រាំង​មាន​ចំនួន ៧ ភាគរយ​ប៉ុណ្ណោះ ។

លោក ម៉ាក សុភាព ឱ្យ​ដឹងថា ប្រភេទ​សត្វ​ដែល​សំខាន់ៗ​ដែល​នៅក្នុង​ជម្រក​សត្វព្រៃ​សៀមប៉ាង​នេះ គឺមាន​សត្វ​ជិត​ផុត​ពូជ​ដូចជា​សត្វ​ត្រយង​យក្ស សត្វត្រយង​ចង្កំកស​សត្វ​ត្មាតភ្លើង សត្វ​ត្មាតផេះ និង​សត្វ​ត្មាតត្នោត និង​មាន​បក្សី​ផ្សេងទៀត​ជាច្រើន​ប្រភេទ​ទៀត​ដូចជា សត្វ​ត្រដក់ សត្វ​ក្រៀល និង​សត្វ​ក្ងោក​ជាដើម​។

ក្រៅពីនេះ​ក៏​នៅមាន​សត្វ​រមាំង សត្វ​ទន្សោង សត្វ​ប្រើស និង​សត្វ​ពពួក​ខ្លាឃ្មុំ និង​សត្វ​ផ្សេងៗ​ទៀត​ជាច្រើន​ផងដែរ ដែល​អាច​អាស្រ័យ​ទឹក​នៅក្នុង​ត្រពាំង​ទាំងនេះ​។

លោក ម៉ូក វ៉ាន់ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខិះក្រោម ឃុំ​ព្រែកមាស នៃ​ស្រុក​សៀម​ប៉ាង​ថ្លែងថា ការជីក​ស្តារ​ត្រពាំង​ទឹក​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​នេះ​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ និង​ជាពិសេស​សត្វ​ដែល​រស់នៅ​ក្នុងព្រៃ​នេះ​។

លោក​បាន​បន្តថា​៖ «​នៅពេល​ដែល​​មាន​ត្រពាំងទឹក​នេះ​នឹង​ធ្វើឱ្យ​ធនធាន​ធម្មជាតិ​រក្សាបាន​គង់វង្ស និង​មួយទៀត​សម្រាប់​ផលប្រយោជន៍​គោក្របី​របស់​ប្រជាពលរដ្ឋ​មកពី ៣ ​ភូមិ មាន​ពលរដ្ឋ​ប្រហែល ជាង ១ ០០០ ​គ្រួសារ​ក៏​បាន​អាស្រ័យផល​ពី​ទឹក​ក្នុង​ត្រពាំង​នេះ​ផងដែរ​។ ក្រៅពីនេះ ប្រជាពលរដ្ឋ​ក៏​អាច​បង់សំណាញ់​ចាប់​ត្រី រក​ខ្យង​ក្តាម​សម្រាប់​ចិញ្ចឹមជីវិត​បាន​ថែមទៀត​»​។

បើតាម លោក ម៉ូក វ៉ាន់ ​កាលពី ២ ឬ ៣ ​ឆ្នាំមុន ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ មិនមាន​ការយល់ដឹង​ពី​សារប្រយោជន៍​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​ទេ ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្រើនជាង​មុន ដោយសារ​មានការ​អប់រំ និង​ផ្សព្វផ្សាយ​ពី​អង្គការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​។

ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ដែល​ស្ថិតនៅក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង មាន​ផ្ទៃដី​ទំហំ​ជាង ៦ ​ម៉ឺន​ហិកតា ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​កាលពី​ ២០១៦៕