ភ្នំពេញៈ របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​តម្លាភាព​កម្ពុជា រកឃើញស្ត្រី និង​យុវជន​នៅ​កម្ពុជា នៅតែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការទទួល​បាន​តួនាទី​ជា​អ្នកដឹកនាំ និង​ធ្វើការ​សម្រេចចិត្ត​។ របាយការណ៍​ក៏បាន​លើកឡើង​នូវ​អនុសាសន៍​ជាច្រើន​ចំណុច​ដើម្បី​ជួយ​ឱ្យ​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​ និង​យុវជន​កាន់តែ​ប្រសើរឡើង​។

របាយការណ៍​ស្រាវជ្រាវ​នេះ​ធ្វើឡើង​តាមរយៈ​ទិន្នន័យបឋម​បាន​ពី​ការសម្ភាស​លម្អិត ការពិភាក្សា​ជា​ក្រុម និង​តាមរយៈ​ការស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​។ ការប្រមូល​ទិន្នន័យ​ធ្វើឡើង​ពី​ខែ មិថុនា ឆ្នាំ​ ២០១៩ ដល់​ ខែមករា ឆ្នាំ​ ២០២០ ដោយ​មាន​អ្នក​ឆ្លើយតប​ចំនួន​ ៥៦៩ ​នាក់​។ អ្នក​ដែល​ឆ្លើយតប​មាន​ទាំង​មន្ត្រី​រដ្ឋាភិបាល ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ក្នុង​ខេត្ត​ចំនួន​ ៥ និង​មាន​ព្រះសង្ឃ​ចំនួន ១៥​ អង្គ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ១០ ​នាក់​។ របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ១៩ មីនា​។

ពាក់ព័ន្ធ​នឹង​ស្ត្រី របាយការណ៍​រកឃើញ​ថា ស្ត្រី​នៅតែ​មាន​បន្ទុក​ទទួលខុស​ត្រូវ​លើ​គ្រួសារ និង​មើលថែទាំ​កូន ក្មេងស្រី​មិន​ទទួល​បាន​ការលើក​ទឹកចិត្ត​ពី​សំណាក់​ឪពុកម្ដាយ ឬ​លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​។ ស្ត្រី​ក៏​ប្រឈម​នឹង​ឥទ្ធិពល​លើសលប់​របស់ បុរស​ក្នុង​វិស័យ​សាធារណៈ និង​ការខ្វះ​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ស្ត្រី​វ័យក្មេង​ក្នុងតួនាទី​ដឹកនាំ ដោយសារ​តែ​ខ្វះ​បទពិសោធ​។ បញ្ហា​ទំនៀមទម្លាប់ ដូចជា​ច្បាប់​ស្រី និង​ការយល់ឃើញ​ថា​ស្ត្រី​មាន​កម្លាំងកាយ​ទន់ខ្សោយ​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​ផងដែរ​។

សម្រាប់​យុវជន​វិញ របាយការណ៍​រកឃើញថា​ពួកគេ​នៅ​មិន​ត្រូវបាន​លើក​ទឹកចិត្ត​ពី​សំណាក់​ឪពុកម្ដាយ​ក្នុង​ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ​។ ពួកគេ​រង​ការរើសអើង​ផ្អែកលើ​អាយុ​ដោយសារ​តែ​ប្រពន្ធ​ឱ្យ​តម្លៃ​បុរស​ជាធំ ហើយ​មនុស្ស​ចាស់​កាន់​តួនាទី​ជា​អ្នកសម្រេចចិត្ត ហើយ​ពួកគាត់​មិន​ទុកចិត្ត​លើ​សមត្ថភាព​របស់​យុវជន​។ យុវជន​ក៏​មិនសូវ​មានឱកាស​ក្លាយជា​អ្នកដឹកនាំ​។

របាយការណ៍​ដដែល​រកឃើញ​ដែរ​ថា​យុវជន​ក៏មាន​បញ្ហា​ប្រឈម​ផ្សេងទៀត ដូចជា​ការធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ សេរីភាព​នៃ​ការបញ្ចេញមតិ​នៅមាន​កម្រិត​។ បក្ខពួកនិយម​ដែល​រារាំង​យុវជន​មិន​ឱ្យ​ឈានចូល​ក្នុង​មុខនាទី​ធ្វើការ​សម្រេចចិត្ត​ និង​ខ្វះ​ជំនាញ​ទន់ គឺ​សមត្ថភាព និង​ភាពបត់បែន​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការងារ​។

រាជរដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល សាលារៀន និង​ស្ថាប័ន​អប់រំ​ត្រូវ​បានផ្ដល់​អនុសាសន៍​ឱ្យ​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ក្នុង​តួនាទី​សម្រេចចិត្ត ការកែប្រែ​ផ្នត់គំនិត​អវិជ្ជមាន​ក្នុង​សង្គម​លើ​ស្ត្រី​ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែល​របាយការណ៍​រកឃើញ​។

សម្រាប់​យុវជន​វិញ រដ្ឋាភិបាល​គួរ​លើកកម្ពស់​ឱ្យ​ពួកគេ​ក្លាយជា​អ្នកដឹកនាំ តាមរយៈ​ការផ្ដល់​វគ្គបណ្ដុះបណ្ដាល​ស្ដីពី​ភាព​ជា​អ្នកដឹកនាំ ផ្ដល់​ឱកាស​ឱ្យ​យុវជន​ទទួលបាន​ការងារ​ក្នុង​រចនាសម្ព័ន្ធ រដ្ឋ​។ រដ្ឋ​ក៏​គួរ​លើកទឹកចិត្ត​ឱ្យ​យុវជន​មាន​តួនាទី​ក្នុង​ការសម្រេចចិត្ត​។ សង្គម​ស៊ីវិល​ក៏​គួរ​បន្ត​ផ្ដល់​វគ្គបណ្ដុះបណ្ដាល​យុវជន ជាពិសេស​ស្ត្រី​វ័យ​ក្មេង​ដោយ​ផ្ដោតលើ​អ្វី​ដែលជា​តម្រូវការ​របស់​យុវជន​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា បើ​ប្រៀបធៀប​ស្ថានភាព​ស្ត្រី​ និង​យុវជន​ក្នុង​តួនាទី​សម្រេចចិត្ត​កាលពី​ ១០ ​ឆ្នាំ​មុននឹង​ ពេលបច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ខ្លះ ប៉ុន្តែ​កម្រិត​តិចតួច​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ឧបសគ្គ​ដែល​យើង​រកឃើញ​ហើយ​លើកទឹកចិត្ត​ឱ្យ​មាន​ដំណោះស្រាយ គឺ​បរិយាកាស​សង្គម​ទូទៅ​។ ​សង្គម​យើង​នៅតែ​បន្ត​ជា​ទស្សនៈ​យល់ឃើញថា ស្ត្រី​ និង​យុវជន​មិនទាន់​អាចដឹកនាំ​ទេ​ទាល់​តែ​មាន​បុរស​ដឹកនាំ​។ អ៊ីចឹង វា​បង្ហាញ​ថា មនុស្ស​ដែល​ខ្លាំង​ ឬ​ខ្សោយ អាស្រ័យ​ទៅតាម​ភេទ​នៅឡើយ​។ នេះ​ជា​បញ្ហា​ទូទៅ​ដែល​យើង​ត្រូវ​ចូលរួម​ដោះស្រាយ​»​។

លោក​បន្តថា​៖ «​បើ​យើង​និយាយ​ឱ្យ​វា​សាមញ្ញ​ហើយ​អាច​អនុវត្ត​បានតែ​ម្ដង​នោះ​ គឺថា​ស្ថាប័នរដ្ឋ​ស្ថាប័ន​ឯកជន សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល​គឺ​ផ្ដល់ឱកាស​ចាប់ផ្ដើម​ពី​ឥឡូវ​ទៅឱ្យ​ស្ត្រី យុវជន​ចូលរួម​ដឹកនាំ និង​ចូលរួម​សម្រេចចិត្ត​ក្នុង​កិច្ចការ​ធំៗ​ដោយ​មិនមាន​លេស​ច្រើនពេក និង​ផ្ដល់ឱកាស​ឱ្យ​ពួកគាត់​សាកល្បង​។ ដូច្នេះ​ការផ្ដល់​ឱកាស​ជា​រឿង​សំខាន់​ណាស់ មិនចាំបាច់​ចាំ​ខែ​ក្រោយ ឆ្នាំក្រោយ​ទេ គឺ​ចាប់ផ្ដើម​ពី​ពេលនេះ​តែម្ដង​»​។

លោក ប៉ាទ្រិក មើហ្វី ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​កាលពី​ថ្ងៃទី​ ១៩ មីនា ថ្លែងថា​ប្រទេស​ដែល​មាន​ស្ត្រី​ជា​អ្នកដឹកនាំ​ប្រទេស​នោះ សង្គម​នោះ​ហាក់​ដូចជា​មាន​សន្តិភាព​ល្អ ប្រកប​ដោយ​បរិយាប័ន្ន ជម្លោះ​ត្រូវបាន​កាត់បន្ថយ​។

លោក​ថ្លែងថា​៖ «​នៅពេល​យុវជន​អាច​ចូលរួម​បាន យើង​អាច​ឃើញ​មាន​គំនិត​ប្រកប​ដោយ​ច្នៃប្រឌិត និង​នវានុវត្តន៍​។ ជាទូទៅ ខ្ញុំ​ឃើញថា យុវជន​នៅ​កម្ពុជា​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​មិន​បាន​គិតពី​ការត្រៀមខ្លួន​សម្រាប់​តួនាទី​ដឹកនាំ​នាពេល​អនាគត​ទេ​។ ដូច្នេះ​ពួកគេ​ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អ្នកដឹកនាំ​ចាប់ពី​ពេល​នេះ​ទៅ​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែងថា​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រសួង​អប់រំ​បាននិង​កំពុង​ពង្រឹង​ការអនុវត្ត​ផែនការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​អប់រំ​ស្តីពី​យេនឌ័រ​ និង​ជំរុញ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​គោលនយោបាយ​វិស័យ​អប់រំ​គ្រប់​កម្រិតសិក្សា​។

លោក​ថា​៖ «​ក្រសួង​ក៏​បង្កើន​ការចូលរួម​របស់​ស្ត្រី និង​យុវជន​ក្នុង​ភាព​ជា​អ្នកដឹកនាំ​វិស័យ​អប់រំ​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​ និង​តាម​សាលារៀន​។ ក្រសួង​បង្កើន​ការចូលរួម​របស់​ស្ត្រី និង​យុវជន​ក្នុង​វិស័យ​អប់រំ​តាម​គ្រប់​កម្រិតសិក្សា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)»​។

លោកស្រី​ ចេង ចិនណេត ប្រធាន នាយកដ្ឋាន​សមភាព​យេនឌ័រ​ថ្លែងថា ក្រសួង​កិច្ចការនារី​មាន​ការប្ដេជ្ញា និង​ដាក់ចេញ​ផែនការ​នយោបាយ​មួយចំនួន​រួមមាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ដែល​មាន​គោលការណ៍​ និង​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុង​ការលើក​កម្ពស់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​។

លោកស្រី​ថា​៖ «​រហូតមកដល់​ពេល​នេះ​យើង​ឃើញថា​ចំនួន​ស្ត្រី ដែល​ចូលរួម​ក្នុង​វិស័យ​សាធារណៈ នយោបាយ និង​កាន់តំណែង​ធ្វើ​សេចក្ដី​សម្រេច​មាន​ការកើនឡើង​ជា​លំដាប់​។ ស្ត្រី​ដែលជា​មន្ត្រីរាជការ ទូទាំង​ប្រទេស​មាន​ ៤១% ​ក្នុងនោះ ស្ត្រី​មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​រហូតដល់​អគ្គនាយក​មាន​រហូតដល់​ ២៥ ​ភាគរយ​»៕