ភ្នំពេញៈ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក កោតសរសើរកម្ពុជា និងសមត្ថភាពដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ និងការចាប់ផ្ដើមទេសចរណ៍ក្នុងស្រុកឡើងវិញ ដោយអនុវត្តបានវិធានសុវត្ថិភាពយ៉ាងល្អតាមអនុសាសន៍របស់អង្គការទេសចរណ៍ពិភពលោក។
លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) បានសរសេរលិខិតមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២១ សីហា ឆ្នាំ ២០២០ ដោយលោកបានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី បានសរសេរថា៖ «យើងខ្ញុំពិតជារីករាយខ្លាំងណាស់ដោយបានឃើញកម្ពុជាកំពុងតែចាប់ផ្ដើមទេសចរណ៍ក្នុងស្រុកឡើងវិញស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តវិធានសុវត្ថិភាពចាំបាច់ និងអនាម័យក៏ដូចជា គោលការណ៍ណែនាំនានានៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្ដើមឡើងវិញប្រកបដោយការទទួលខុសត្រូវនេះ ពិតជាស្របតាមអនុសាសន៍ណែនាំរបស់អង្គការទេសចរណ៍ពិភពលោក»។
លិខិតរបស់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោករូបនេះបន្តថា៖ «ដូចសម្ដេចបានជ្រាបហើយថា អង្គការទេសចរណ៍ពិភពលោកកំពុងសម្របសម្រួលការបើកឡើងវិញនូវវិស័យទេសចរណ៍ដោយសហការជាមួយប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានាតាមរយៈការបង្កើតគោលការណ៍ណែនាំ និងអនុសាសន៍សម្រាប់ចាប់ផ្ដើមឡើងវិញនូវសកម្មភាពទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់»។
ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណដល់កម្ពុជាសម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះដែលបានឆ្លុះបញ្ចាំងពីការរួមចំណែកក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភពលោកក្នុងអំឡុងពេលដ៏លំបាកនេះ។
អង្គការទេសចរណ៍ពិភពលោកកោតសរសើរយ៉ាងខ្លាំងដល់ការដឹកនាំរបស់លោក ហ៊ុន សែន ដែលតែងតែយកសុវត្ថិភាពប្រជាពលរដ្ឋ និងសុខុមាលភាពរបស់ពលរដ្ឋជាអាទិភាព។
លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី ក៏បានថ្លែងដែរថា នៅថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំពីសប្ដាហ៍មុននេះជាការចូលរួមចំណែកដល់ការចាប់ផ្ដើមឡើងវិញនូវទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា។
តាមរបាយការណ៍បឋមរបស់ក្រសួងទេសចរណ៍ស្ដីពីស្ថិតិទេសចរជាតិអំឡុងពេលឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំចាប់ពីថ្ងៃទី ១៧ ដល់ ២១ ខែ សីហា ឆ្នាំ ២០២០ មានទេសចរដើរកម្សាន្ដចំនួន ១,៤៥ លាននាក់ ក្នុងនោះមានទេសចរបរទេស ១៤ ០០០ នាក់ ហើយទេសចរជាតិបានចាយវាយប្រមាណជាង ១០០ លានដុល្លារ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាហៅកាត់ថា CATA បានថ្លែងពីម្សិលមិញថា លិខិតសរសើររបស់អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក គឺជាចំណុចវិជ្ជមានសម្រាប់កម្ពុជាដែលធ្វើឲ្យទេសចរអន្តរជាតិនៅប្រទេសដែលរងផលប៉ះពាល់តិចពីកូវីដ១៩ ពិចារណាពីជម្រើសទេសចរណ៍ពួកគេ។
លោកស្រីថា៖ «វាមានភាពជាវិជ្ជមានហើយសម្រាប់កម្ពុជាមានន័យថា យើងល្បីហើយលើពិភពលោក ហើយយើងរក្សាបានវិធានសុវត្ថិភាព យើងអនុវត្តបានល្អ គឺមិនមានការរីករាលដាលខ្លាំង គឺយើងអាចគ្រប់គ្រងបាន។ ដូច្នេះវាជាចំណុចល្អមួយដែលធ្វើឲ្យមនុស្សលើសកលលោកដែលមានស្ថានការណ៍រាងស្រាកស្រាន្ត គេអាចនឹកឃើញដល់កម្ពុជា»។
លោកស្រីបន្តថា ក្នុងអំឡុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីកាលពីសប្ដាហ៍មុននេះ លោកស្រី សង្កេតឃើញប្រជាពលរដ្ឋកម្ពុជាអនុវត្តវិធានសុវត្ថិភាព និងអនាម័យបានល្អ ជាពិសេសនៅតំបន់ទេសចរណ៍ធំៗ ដោយអ្នកធ្វើដំណើរកម្សាន្តបានពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ហើយអាជ្ញាធរបានរៀបចំទឹកអាល់កុលសម្លាប់មេរោគ។
ប៉ុន្តែលោកស្រីក៏សង្កេតឃើញមានភាពធូររលុងបន្តិចបន្តួចផងដែរពីសំណាក់ប្រជាពលរដ្ឋពីជនបទមួយចំនួនតូចដែលធ្វើដំណើរកម្សាន្តទៅកន្លែងទេសចរណ៍ខ្នាតតូច។ ទោះយ៉ាងណាអាជ្ញាធរមូលដ្ឋានបានអន្តរាគមន៍បានល្អ ដោយចុះប្រាប់ដល់អ្នកដែលធ្វេសប្រហែសលើការរក្សាគម្លាតសុវត្ថិភាព និងអនាម័យ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញកម្ពុជាមិនមានករណីថ្មីជំងឺកូវីដ ១៩ អស់ពេល ២ សប្ដាហ៍មកហើយ និងគ្មានអ្នកស្លាប់ដោយជំងឺនេះទេ។ តួលេខអ្នកឆ្លងមានសរុបមានចំនួន ២៧៣ នាក់ និងបានជាសះស្បើយ ២៦៤ នាក់។
បច្ចុប្បន្ននេះអ្នកដែលកំពុងសម្រាកព្យាបាលនៅសល់ ៩ នាក់៕