ភ្នំពេញៈ អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​ការងារ​រួមចំណែក​ក្នុង​ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​បានស្នើ​ទៅ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ ពិនិត្យ​លទ្ធភាព​ជំរុញ​ការផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​នៅពេល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ព្រមទាំង​បញ្ចូល​សំណួរ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​វិញ្ញាសា​ប្រឡង​ថ្នាក់ជាតិ​ផងដែរ​។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី និង​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាមរយៈ​សំណើ​ស្នើ​ទៅ​លោក​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ៣០ ខែ​តុលា​នេះ​ បាន​បង្ហាញថា ទោះបី​ស្ថានភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​មាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បច្ចុប្បន្ន​នៅតែ​មាន​តួលេខ​ខ្ពស់​ខ្លាំង​នៅឡើយ​។ គ្រោះថ្នាក់​ទាំងនោះ​បាន​បន្ត​កើតឡើង​ក្នុង​រូបភាព​កាន់តែ​សាហាវ និង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។

អង្គការ​ទាំង​ ២ ​បាន​ស្នើថា​៖ «​យើងខ្ញុំ​សូម​គោរព​ស្នើសុំ ឯកឧត្ដម បណ្ឌិតសភា​ចារ្យ​រដ្ឋមន្ដ្រី មេត្តា​ពិនិត្យ​លទ្ធភាព ជំរុញ​ដល់​ថ្នាក់ដឹកនាំ ក្រសួង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ដ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ និង​មាតាបិតា អាណាព្យាបាល​សិស្ស​ពេល​ចុះ​បើកបវេសនកាល និង​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​សំដៅ​ជំរុញ​ការយក​ចិត្ដ​ទុកដាក់ និង​ការចូលរួម​របស់​ពួកគាត់​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការឆ្លើយតប​ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​»​។

អង្គការ​ទាំង​ ២ ​បង្ហាញថា អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ១ ​ឆ្នាំៗ​មាន​ចំនួន​យ៉ាង​តិចណាស់​ជាង ៣០ ​ដង​ច្រើនជាង​អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម ជំងឺគ្រុនចាញ់ និង​គ្រាប់មីន​បូក​បញ្ចូល​គ្នា​ទៅទៀត​។ ជា​រៀងរាល់​ឆ្នាំ អ្នកស្លាប់​យ៉ាង​តិច​ណាស់​ ១០ ​ភាគរយ គឺជា​សិស្ស-និស្សិត ហើយ​ដែល​មួយ​ភាគ​ធំ​កើតឡើង​នៅពេល​ដែល​សិស្សនិស្សិត​ទាំងនោះ​ធ្វើដំណើរ​ទៅមក​សាលារៀន​របស់​ពួកគេ​។

អង្គការ​ទាំង​ ២ ​នេះ​សង្កេតឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុងពេល​​ ៩ ​ខែ ឆ្នាំ​ ២០១៩ មាន​ការកើនឡើង​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ជាមួយ​គ្នា​នេះ​នៅ​អំឡុងពេល​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះ​ព្រះខែ តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​តួលេខ​ខ្ពស់​ខ្លាំង​ស្រប​ពេល​ពិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅពេល​ដ៏ខ្លី​ខាងមុខ​ដែល​កៀក​នឹង​ថ្ងៃ​បើកប​វេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​ផងដែរ​។

លោក​ គឹម បញ្ញា នាយក​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​ កម្ពុជា ថ្លែងថា បន្ថែម​ពី​លើ​ការលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដោយ​ផ្តោតលើ​កត្តា​ហានិភ័យ​នានា ដូចជា​ល្បឿន មួកសុវត្ថិភាព ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ឱ្យ​បាន​ម៉ឺងម៉ាត់ ជាប់លាប់ មាន​តម្លាភាព​ និង​ស្មើភាព​នោះ បណ្តាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​បាន​បន្ត​ជំរុញ​ឱ្យ​មាន​ការអប់រំ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ពិសេស​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​។

លោក​ថ្លែងថា​៖ «​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ជាមួយ​នឹង​វិធានការ​ដែល​អាច​នឹង​អនុវត្ត​ដោយ​ក្រសួង​អប់រំ សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ និង​មាតាបិតា​អាណាព្យាបាល​សិស្ស​នឹង​ទទួល​បាន​ការអប់រំ​ផ្សព្វផ្សាយ​កាន់តែ​ទូលំ​ទូលាយ​បន្ថែមទៀត​។ ជាពិសេស​ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ​តទៅ ហើយ​សិស្ស-និស្សិត​នឹង​កាន់​តែមាន​សុវត្ថិភាព​ក្នុង​ការធ្វើ​ដំណើរ​ទៅមក​សម្រាប់​ការសិក្សា​ក៏ដូចជា​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​»​។

លោក​ រស់ សុវាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ពី​ម្សិលមិញ​ថា ទាក់ទិន​នឹង​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​អង្គការ HANDICAP INTERNATIONAL រៀបចំ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​កម្មវិធីសិក្សា​តាំងពី​ឆ្នាំ​ ២០០៤ ​មក​ម្ល៉េះ​។

លោក​និយាយ​ថា បន្ថែម​លើ​ខ្លឹមសារ​ដែល​បាន​បញ្ជ្រាប​ពីមុន​មក​ក្រសួង​បានរៀបចំ​ជា​សៀវភៅ​ដែល​មាន​ឈ្មោះ​ «​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​» ​តាំងពី​ថ្នាក់​ទី​ ១ ​ដល់​ទី​ ៩ ដែល​បាន​បោះពុម្ព​ផ្សាយ​តាំងពី​ឆ្នាំ​ ២០០៦ ​មកម៉្លេះ ហើយ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ចំណែក​កម្រិត​មធ្យមសិក្សា​ពី​ថ្នាក់​ទី​ ៧ ​ដល់​ទី​ ៩ ក៏​នៅ​ប្រើ​សៀវភៅ​ដូច​គ្នា​នេះ​ដែរ ដែល​សៀវភៅ​នេះ​មាន​ទាំង​សៀវភៅ​សម្រាប់​សិស្ស និង​សៀវភៅ​សម្រាប់​គ្រូ​។ ឯ​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ថ្នាក់​ទី​ ១០ ​ដល់​ ១២ ធ្វើ​ឡើង​ជា​ «​វេទិកា​ផ្សព្វផ្សាយ​» ដោយ​សហការ​ទាំង​ ៣ ​ភាគី​ខាងលើ​ដដែល​។

លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ​ក្រសួង​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​ ១ ​ទៀត​ទៅលើ​ការពង្រឹង​ការអនុវត្ត​ការអប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស ហើយ​បាន​ផ្សព្វផ្សាយ​ហើយ​ដែរ​។ ក្រសួង​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​តាមរយ:​គណៈកម្មការ​អន្តរក្រសួង​។ ការបណ្តុះបណ្តាល​គ្រូ​ក៏បាន​ចប់សព្វគ្រប់​តាំងពី​ឆ្នាំ​ ២០០៩»​។

របាយការណ៍​បូកសរុប​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សម្រាប់​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​ បង្ហាញ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ ​នេះ​បាន​កើតឡើង​ ៩៨៨ ​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៨៨ ​នាក់ និង​របួស ១ ៤៩៤ ​នាក់​។ ចំនួន​នេះ​បើ​ប្រៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ មានការ​កើនឡើង​ ២៣៨ ​លើក​អ្នកស្លាប់​កើនឡើង​ចំនួន​ ១០៥ ​នាក់ និង​របួស​កើនឡើង​ចំនួន ៤៤៦ នាក់​។

របាយការណ៍​នេះ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ភាគច្រើន​នៅ​ភ្នំពេញ​បណ្ដាល​ឲ្យ​ស្លាប់​ ៨៣ ​នាក់ ខេត្តកណ្តាល​ស្លាប់​ ៤៥ ​នាក់ ខេត្តកំពង់ស្ពឺ​ ៤១ ​នាក់ និង​ខេត្ត​ព្រះសីហនុ​ស្លាប់​ ៣៧ ​នាក់​។ គ្រោះថ្នាក់​នេះ​ដោយសារ​ការបើកបរ​លើស​ល្បឿន​កំណត់​​ ៣៣ ភាគរយ មិន​គោរព​សិទ្ធិ ២៧ ភាគរយ មិន​ប្រកាន់​ស្តាំ​ ១៣ ភាគរយ វ៉ា​ជែង​ ១០ ​ភាគរយ បត់​ ៩ ​ភាគរយ ស្រវឹង​ ៤ ​ភាគរយ កត្តា​យានយន្ត ៣ ​ភាគរយ ងងុយដេក ១ ​ភាគរយ​៕