ភ្នំពេញៈ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ក្រោមការចោទប្រកាន់ដ៏ចម្រូងចម្រាសពីបទ «ក្បត់ជាតិ» ត្រូវបានអង្គការសង្គមស៊ីវិលគាំទ្រផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកូរ៉េខាងត្បួងផ្ដល់ពានរង្វាន់មួយកាលពីថ្ងៃសុក្រដែលមានឈ្មោះថា «ពានរង្វាន់សន្តិភាពសិទ្ធិមនុស្សអាស៊ី»។
យោងតាមប័ណ្ណពានរង្វាន់ចុះថ្ងៃទី ២២ ខែមិថុនាដោយលោក Kim Kwanghu ប្រធានក្រុមប្រឹក្សាជាតិនៃព្រះវិហារនៃទីក្រុង Gwangju (Gwangju NCC) បានសរសេរថា៖ «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ យើងកោតសរសើរលោក ចំពោះការបូជារបស់លោកសម្រាប់ប្រជាជនកម្ពុជាដែលរងការធ្វើទុក្ខបុកម្នេញក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ដើម្បីបញ្ជាក់ប្រាប់ពិភពលោកថា នេះជាការពិត យើងសូមប្រគល់ឲ្យអ្នកនូវស្លាកសញ្ញានេះក្នុងនាមក្រុមប្រឹក្សាជាតិនៃព្រះវិហារ (NCC) នៅទីក្រុង Gwangju ដែលគេស្គាល់ថា ជាទីក្រុងប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព»។
ពានរង្វាន់នេះត្រូវបានប្រគល់ជូនលោក កឹម សុខា តាមរយៈលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ញ៉យ ចំរើន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដែលកំពុងមានវត្តមាននៅប្រទេសកូរ៉េខាងត្បូង។
លោកស្រី មូរ សុខហួរ បានថ្លែងកាលពីម្សិលមិញថា ការទទួលស្គាល់ស្នាដៃរបស់លោក កឹម សុខា ដោយសង្គមស៊ីវិលប្រទេសកូរ៉េខាងត្បូងដែលតំណាងឲ្យពលរដ្ឋកូរ៉េខាងត្បូងនេះមានសារៈសំខាន់។ លោកស្រីបញ្ជាក់ថា៖ «ពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសនៅទីក្រុង Gwangju ដែលជាទីចាប់កំណើតនៃការបះបោរប្រឆាំងនឹងរបបយោធាគឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជាដែលបច្ចុប្បន្ននេះកំពុងរស់នៅក្រោមភាពផ្តាច់ការ»។
ក៏ប៉ុន្តែមន្ត្រីផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ការផ្តល់ពានរង្វាន់នេះទេ។
លោក កាតា អន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលបានថ្លែងកាលពីម្សិលមិញថា លោកមានការភ្ញាក់ផ្អើលពេលឮថាលោក កឹម សុខា ទទួលបានពានរង្វាន់នេះ។
ប៉ុន្តែលោកថា វាគ្រាន់តែជារង្វាន់ ដែលផ្តល់ដោយអង្គការមួយ ឬបណ្ដាញសង្គមស៊ីវិលប៉ុណ្ណោះ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ស្ថានការណ៍ប្រទេសកម្ពុជាយើងរដូវកាលបោះឆ្នោតជិតមកដល់ហើយ។ ដូច្នេះហើយបណ្ដាញ ឬបក្សសម្ព័ន្ធរបស់បក្សនីមួយៗរបស់ប្រទេសនីមួយៗ គេតែងធ្វើសកម្មភាពជួយក្រុមរបស់គេ បក្សរបស់គេ។ នេះជារឿងធម្មតា។ រដ្ឋាភិបាលយើង យើងមិនខ្វល់ទេ រដ្ឋាភិបាលគិតតែពីកសាងប្រទេស គោរពច្បាប់គោរពសិទ្ធិមនុស្ស និងអភិវឌ្ឍប្រទេសធ្វើយ៉ាងណាឲ្យស្ថានការណ៍បោះឆ្នោតរបស់យើងប្រព្រឹត្តទៅដោយធម្មតា ដើម្បីបម្រើឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំយល់ថាស្ថានការណ៍ប្រទេសកម្ពុជាយើងនឹងកាន់តែប្រសើរទៅមុខទៀតបន្ទាប់ពីការបោះឆ្នោត»។
លោក កាតា អន បានថ្លែងបន្តថាលោកអត់ឲ្យតម្លៃទៅលើអង្គការមួយដែលផ្តល់រង្វាន់នេះទេ ព្រោះអង្គការនេះមិនមែនជាផ្លូវការ និងមិនមែនជាតំណាងប្រទេស «មិនមែនជាស្ថាប័នអន្តរជាតិ គ្រាន់ជាអង្គការមួយដែលយើងមិនដែលឮ មិនដែលធ្វើសកម្មភាពអីសោះ ហើយសុខៗចេញមុខដូចខ្ញុំថា អ៊ីចឹង គឺបក្សសម្ព័ន្ធក្រុមគ្នាគេ គេជូនរង្វាន់គ្នាគេទៅវិញទៅមកជារឿងធម្មតា»។
លោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ដ៏ចម្រូងចម្រាសពីបទ «ក្បត់ជាតិ»។ ប៉ុន្តែមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនបានចាត់ទុកការចោទប្រកាន់នេះថាជារឿងនយោបាយហើយបានធ្វើការថ្កោលទោសយ៉ាងខ្លាំងមកលើរដ្ឋាភិបាលកម្ពុជាចំពោះការចាប់ឃុំខ្លួនអតីតមេបក្សប្រឆាំងដែលមានពលរដ្ឋបោះឆ្នោតគាំទ្រស្ទើរពាក់កណ្តាលប្រទេសរូបនេះ៕