ពោធិ៍សាត់ៈ ​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ កាល​ពី​ម្សិល​មិញ​បាន​ហាម​ឃាត់​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​ ៣៤ ​នាក់​ មិន​ឲ្យ​ប្រ​មូល​ផ្ដុំ​គ្នា​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដី​ពី​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ និង​ប្រើ​​ប្រាស់​ធន​ធាន​ធម្ម​ជាតិ​ដែល​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ស្បៀង​ ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់់​សម្រាប់​សហ​គមន៍ ​(CLEC) ​នៅ​ភូមិ​សង្គម​ថ្មី ​ឃុំ​ថ្មដា ​ស្រុក​វាល​វែង ​ខេត្ត​ពោ​ធិ៍​សាត់ ​ដោយ​សារ​តែ​មិន​បាន​សុំច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ភូមិ​ឃុំ​ស្រុក​ជា​មុន​។​ ​នេះ​បើ​យោង​តាម​លោក​ស្រី ​យ៉ុង​ ​រ៉ា​ន់ ​សមា​​ជិក​សហ​គមន៍​ថ្មដា ​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ។

លោក​ស្រី​​ថ្លែង​ថា៖​ «ដោ​យ​សារ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ថ្មដា ​ជា​អ្នក​រង​គ្រោះ​ដីធ្លី​ដោយ​សារ​ការ​អភិ​វឌ្ឍ​របស់​ក្រុម​​ហ៊ុន​ទ្រី​ភាព​អស់​រយៈ​ពេល​ ១០​ ឆ្នាំ​មក​នេះ ​ដូច្នោះ​កន្លង​មក​ នៅ​ពេល​ប្រជា​ពលរដ្ឋ​ចូល​រួម​សិក្សា​អំពី​ច្បាប់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ច្បាប់​ដីធ្លី​ ច្បាប់​ភូមិ​បាល ​និង​ច្បាប់​រ​ដ្ឋ​ធម្ម​នុញ្ញ​ជា​ដើម​ គឺ​តែង​ត្រូវ​បាន​រឹត​ត្បិត​ពី​អាជ្ញា​ធរ។ ​តាម​ពិត​ទៅ​បើ​ច្បាប់​ចេញ​ពី​ក្រសួង​មហា​ផ្ទៃ​មក​ ​គ្រាន់​តែ​បង្រៀន ​ឬ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​រៀន​អំពី​ច្បាប់​អីយើង​មិន​ចាំ​បា​​ច់​ដាក់​លិខិត​ទេ​»​។​

មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​គួរ​ចុះ​ស៊ើប​អង្កេត​ និង​ចាត់​វិធាន​​ការ​ទៅ​តាម​វិន័យ​រដ្ឋ​បាល​ចំពោះ​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ដែល​មិន​ព្រម​គោរព​តាម​ការ​ណែ​នាំ​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស ​ខេង​ ដែល​​បាន​ឱ្យ​អាជ្ញា​ធរ​គ្រប់​ខេត្ត​​ក្រុង​ទាំង​អស់ ត្រូវ​ឈប់​រឹត​បន្តឹង​ការ​ជួប​ជុំ​របស់​អង្គ​ការ​សមា​គម​នានា។​ ​ការ​ស្នើ​នេះ​ បន្ទាប់​ពី​មន្ត្រី​តាម​មូល​ដ្ឋាន​ខ្លះ​ នៅ​តែ​បង្ខំ​ឱ្យ​មាន​ការ​សុំ​ច្បាប់​ជា​មុ​ន​ មុន​មាន​ការ​ជួប​ជុំ​របស់​ព​ល​រដ្ឋ​ ​ប៉ុន្តែ​ការ​អនុ​វត្ត​នេះ ​គឺ​ធ្វើ​ឡើង​​ផ្ទុយ​ពី​សេច​ក្ដី​ជូន​ដំ​ណឹង​របស់​លោក​ ស ​ខេង​។

​លោក​ ​ស្រី​ ណា​រ៉េ​ន ​មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ ថ្វី​ដ្បិត​លោក​ ស​ ខេង បាន​ជូន​ដំ​ណឹង​តាំង​ពី​ចុង​ឆ្នាំ ២០១៨​ អ​នុ​​ញ្ញាត​ឱ្យ​អង្គ​ការ​សមាគម​ធ្វើ​ពិធី​ជួបជុំ​ជាមួយ​ពលរដ្ឋ​ ​ដោយ​មិន​ចាំបា​ច់​សុំ​ច្បាប់​ដូច​មុន​ក្ដី ​ប៉ុន្តែ​លោក​ថា ​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ និង​ការ​ផ្សព្វ​ផ្សាយ​ស្ដី​​ពី​​​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​មូល​ដ្ឋាន​ ​ដែល​អង្គ​ការ​អាដ​ហុក​បាន​រៀប​ចំ​ឡើង​ជា​បន្ត​បន្ទាប់​កាល​អំឡុង​ខែ​ ៤ ​និង​ខែ ​៥ ​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ នៅ​តែ​រង​ការ​រឹត​ត្បិត​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ និង​មន្ត្រី​ប៉ូលីស​ដដែល ដូច​ជា​ចុះ​ឃ្លាំ​មើល​ ​និង​ការ​ហាម​ឃាត់​មិន​ឱ្យ​ពល​រដ្ឋ​ទៅ​ចូល​រួម​ជា​ដើម​។​

ជាក់​ស្ដែង​កាល​ពី​ខែ​ឧស​ភា​ ​លោក​បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​មួយ ​ស្ដី​ពី​សិទ្ធិ​​មនុស្ស​ សហ​វិមជ្ឈ​កា ​និង​ការ​ត​ស៊ូ​មតិ​ជុំ​វិញ​រឿង​ដីធ្លី​ ​ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សាម​គ្គី​ ​ឃុំ​ត្រពាំង​ព្រៃ ​ស្រុក​អន្លង់​វែង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ប៉ុន្តែ​កាល​នោះ​ មេ​ភូមិ​ឈ្មោះ មូល​ ​ណែ​ល ​បាន​ហាមឃាត់​ប្រ​ជា​​ពល​រដ្ឋ​មិន​ឱ្យ​ចូល​រួម​វគ្គ​បណ្ដុះ​​បណ្ដាល​នោះ​ឡើយ​ ​ដោយ​អះ​អាង​ថា​ ​ជា​បញ្ជា​​ពី​មន្ត្រី​ថ្នាក់​លើ។​

​លោក​ ណា​រ៉េន​ ថ្លែង​ថា​៖​ «​ខ្ញុំ​នៅ​តែ​ឆ្ងល់​ហេតុ​អី​បាន​ជា​គាត់​​អនុ​វត្ត​ផ្ទុយ​ទៅ​នឹង​ការ​ណែ​នាំ​​របស់​សម្ដេច​ក្រ​ឡា​ហោម​ អ៊ី​ចឹ​ង​​មាន​ន័យ​ថា​ គាត់​ប្រហែល​ធំ​ជាង​សម្ដេច​ក្រឡា​ហោម​ទៅ​ទៀត។ ​យើង​អត់​ដឹង​អំពី​គោល​ការណ៍​របស់​គាត់​ ​មិន​ដឹង​ថា​ស្នង​ការ​បញ្ជា​ ​ឬ​ក៏​គាត់​ធ្វើ​តាម​ចិត្ត​របស់​ពួក​គាត់​»​។​

​កាល​ពី​ថ្ងៃ​ទី​ ៣១​ ​ខែ​ កក្កដា​ ​សមា​គម​អាដ​ហុក ​Adhoc ​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​មួយ​ឆមាស​ឆ្នាំ ​២០១៩​ ​សមា​គម​នេះ​បាន​រ​ក​ឃើញ​សកម្ម​ភាព​រឹត​ត្បិត​សេរី​ភាព​ជួប​ជុំ​​ពី​សំណាក់​សមត្ថ​កិច្ច​ប៉ូលិស​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ចំនួន​ ៧១ ​ករណី​ ​ដែល​ក្នុង​នោះ ​ការ​តាម​ដាន ​និង​ឃ្លាំ​មើល​សកម្ម​​ភាព​ជួប​ជុំ​របស់​សមា​គម​អាដ​ហុក​មាន​ ៣០ ​ករណី ​និង​ ៤១​ ករណី​ទៀត​ ជា​សកម្ម​ភាព​តាម​ដាន ​និង​ឃ្លាំ​មើល​ការ​ជួប​ជុំ​របស់​សហ​គម​ន៍​ ​សកម្ម​ជន​បក្ស​នយោ​បា​យ ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​។​

​ការ​ចេញ​សេច​ក្ដី​ថ្លែ​ង​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​​ កាល​ពី​ខែ ​វិច្ឆិកា​ ឆ្នាំ​ ២០១៨ ​លោក​ ​ស ​ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​លិខិត​ ស.​ជ​.​ណ ​ជូន​ដំ​ណឹង​មួយ​ទៅ​កា​ន់​គ្រប់​ខេត្ត​​ក្រុង​ ​អនុ​ញ្ញាត​សមា​គម​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ស្រប​ច្បាប់ ​ព្រម​ទាំ​ង​សហ​គមន៍​​នា​នា​នៅ​មូល​ដ្ឋាន​មាន​សិទ្ធិ​សេរី​ភា​ព​​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្ម​​ភាព​ស្រប​ច្បាប់​ដោយ​ពុំ​ចាំ​បាច់​ជូន​ដំណឹង​ដល់​អាជ្ញា​ធរ​មូលដ្ឋាន​មុន ​៣ ​ថ្ងៃ​ដូច​មុន​ឡើយ។​

​ទោះ​ជា​​យ៉ាង​ណា ​លោក​ ​ត្មិ​ន ​សិ​ ប្រធាន​សហ​គមន៍​រត​ន​រុក្ខា ​នៅ​ភូមិ​ខ្ទុំ​​​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី ​៤ ​ខែ​ សី​ហា​ នេះ ​មេ​ប៉ុស្ដិ៍​សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ឈ្មោះ ​ប៉ាត​ គី​ម​ ​បាន​ហា​ម​ឃាត់​ប្រ​ជា​ជ​ន​ចំនួន​ ១៣៤ ​គ្រួសារ​នៅ​ភូមិ​ខ្ទុំ ​ដែល​បាន​ជួប​ជុំ​គ្នា​និយាយ​អំពី​ច្បាប់​ព្រៃ​ឈើ ​ដោយ​សារ​តែ​មិន​បាន​ជូន​ដំណឹង​ទៅ​ប៉ូលិស​ប៉ុស្ដិ៍​ជា​មុន​។​

​លោក​ ​ត្មិ​ន ​សិ​ បាន​លើក​ឡើង​ថា​ ​មូល​ហេតុ​ដែល​លោក​បាន​ធ្វើ​ពិធី​ជួប​ជុំ​នេះ​ គឺ​ដើម្បី​ពន្យល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​ឱ្យ​យល់​ពី​ប្រ​យោជន៍​នៃ​ការ​គ្រប់​​គ្រង​ ​ថែ​រ​ក្សា ​និង​ការ​ទាញ​យក​ផល ​និង​អនុ​ផល​ព្រៃ​ឈើ​ ប៉ុន្តែ​លោក​ថា​ នៅ​ពេល​កម្ម​វិធី​កំពុង​ចាប់​ផ្ដើម​បាន​ជាង​ពាក់​កណ្ដាល​ ​ក៏​ត្រូវ​បាន​លោក​មេ​ប៉ុស្ដិ៍​សង្កាត់​កូន​ក្រៀល​ប្រាប់​មេភូមិ​ឱ្យ​ណែ​​នាំ​ប្រជា​ពល​រដ្ឋ​ឱ្យ​រំសាយ​វិញ ដោយ​លើក​ឡើង​ហេតុ​ផល​ថា​ ​មិន​បាន​សុំ​ច្បាប់​ទៅ​ខាង​ប៉ូ​លិស​​ប៉ុស្ដិ៍​ជា​មុន​។​

​​លោក​ សិ ថ្លែង​ថា៖​ «​ក្រោយ​ពេល​បាន​បញ្ឈប់​កិច្ច​ជួប​ជុំ​នោះ ​ពួក​ខ្ញុំ​បា​ន​ខ​ល​ទៅ​ជួប​គាត់ ​(​មេ​ប៉ុស្ដិ៍)​ ដើ​ម្បី​ប្រាប់​ថា​ ពួក​យើង​បាន​ជូន​ដំណឹង​ទៅ​ដល់​មេ​ភូមិ​ និង​ចៅ​សង្កាត់​អស់​ហើយ​ ​ប៉ុន្តែ​គាត់​ថា ​ពួក​ខ្ញុំ​ធ្វើ​នេះ​អត់​ត្រូវ​ទេ​ ទាល់​តែ​មាន​ការ​ជម្រាប​ជូន​ទៅ​ដល់​គាត់​ ទើប​អាច​ប្រជុំ​ឬ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អី​បាន។​ ​គាត់​ថា​ ត្រឹម​ជូន​ដំណឹង​ដល់​សង្កាត់​អត់​បាន​ទេ ​គឺ​ទាល់​តែ​មាន​លិខិត​អនុ​ញ្ញាត​ពី​គាត់​ ​ប្រសិន​បើ​ជួប​ជុំ​នោះ​មាន​គ្នា​ចាប់​ពី​ ២ នាក់​ឡើង​ ​ដោយ​ត្រូវ​ដា​ក់​រ​បៀប​វារ:និយាយ​ពីអីៗ​ ​មក​ជា​មួយ​ ​ទើប​បាន​»​។​

ជុំ​វិញ​បញ្ហា​នេះ ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ​ប៉ាត​ ​គីម​ មេ​ប៉ុស្ដិ៍​សង្កាត់​កូន​ក្រៀល​បាន​ទេ​នៅ​ថ្ងៃ​ម្សិល​មិញ​។​​​លោក​ ​ស្រី​ ​ណា​រ៉េ​ន ​បាន​ចាត់​ទុក​ទង្វើ​របស់​មេ​ប៉ុស្ដិ៍​សង្កាត់​កូន​ក្រៀល​ ថា​ជា​ការ​រំលោភ​លើ​សិទ្ធិ​ជួប​ជុំ​​​និង​ប្រមូល​ផ្ដុំ​របស់​ប្រជា​ពល​រដ្ឋ​ ​និង​ជា​ការ​មិន​អនុវត្ត​តាម​ការ​ណែ​នាំ​រ​ប​ស់​លោក​ ​ស​ ​ខេង​។​

​លោក​ ​ណា​រ៉េន​ ថ្លែង​​ថា​៖ ​«​ខ្ញុំ​យល់​ឃើញ​ថា ​គួរ​តែ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​មាន​អធិការ​កិច្ច​ដើម្បី​ចុះ​មក​ត្រួត​ពិនិត្យ​នៅ​តាម​មូល​ដ្ឋាន​ហ្នឹង ដែល​ខាង​សហ​គមន៍​ និង​អង្គ​ការ​សង្គម​ស៊ីវិល​ជួប​បញ្ហា​ទាក់​ទង​នឹង​ការ​រឹត​បន្តឹង​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​ហ្នឹង។ ​អ៊ីចឹ​ង!​ ប្រសិន​បើ​មាន​ព័ត៌​​មាន​ផ្សព្វ​ផ្សាយ​ហើយ​ ​គួរ​តែ​ក្រសួង​មហា​ផ្ទៃ​ដាក់​អធិ​ការ​កិច្ច​ចុះ​ពិនិត្យ​មន្ត្រី​របស់​គាត់​»​។​

​លោក​ ​ខៀវ​ ​សុភ័គ​ ​មន្ត្រី​នាំ​​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​ ខណៈ​លោ​ក​ ឆាយ​ គឹម​ខឿន​ ​មន្ត្រី​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បដិ​​​សេធ​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​ថា​ នៅ​តែមាន​ការ​រឹត​ត្បិត​ការ​ជួប​ជុំ​នោះ​ ​ប៉ុ​ន្តែ​បញ្ជាក់​ថា ការ​អនុ​វត្ត​របស់​ម​ន្ត្រី​មូល​ដ្ឋាន​មួយ​ចំនួន​ ​គឺ​អាច​តាម​បញ្ជា​របស់​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​។​

​​ប៉ុន្តែ លោក ​វ៉ាត​ ប៉ា​រ៉ានី​ន ​អភិ​បា​ល​រង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​បាន​បញ្ជាក់​ថា​ ខេត្ត​គ្មាន​បញ្ជា​ឱ្យ​មន្ត្រី​តាម​ភូមិ​ ឃុំ​ ស្រុក​ ហាម​ឃាត់​ការ​ជួប​ជុំ​របស់​ប្រជា​ពល​រដ្ឋ​ឡើយ​ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ​ចំពោះ​សមា​គម​អាដ​ហុក​គួរ​តែ​ជូន​ដំណឹង​មក​អាជ្ញា​ធរ​ជា​មុន​ នៅ​ពេល​ត្រូវ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ឬ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​។​

លោក​ ប៉ារ៉ា​នីន​ ​ថ្លែង​ថា​៖ ​«​គាត់​ប្រជុំ​ឬក៏​ចង់​ធ្វើ​អី​ក្នុង​ដែន​សមត្ថ​កិច្ច​ស្រុក​ឬ​ភូមិ​ឃុំ​សង្កាត់​ណាមួ​យ​ គាត់​ត្រូវ​ជូន​ដំណឹង​ ដើម្បី​ឱ្យ​អាជ្ញាធរ​​បាន​ជ្រាប​ ​ពី​ព្រោះ​ថា ​​អាជ្ញា​ធរ​មាន​ភារ​កិច្ច​ក្នុង​ការ​រក្សា​សណ្ដាប់​ធ្នាប់​សុខ​សុ​វត្ថិ​ភាព​ជូន​ប្រ​ជា​ជន​ ​ អ៊ី​ចឹង!​ ​ចង់​ធ្វើ​អី​ តែ​មាន​ការ​ជូន​ដំណឹង​ ​ដូច​ជា​មិន​មានអី​ត្រូវ​ហាម​ឃាត់​ទេ​»​។​

​​លោក​ ​សន​ ​ជ័យ​ ​នាយក​ប្រតិ​បត្តិ​អង្គ​ការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា​បាន​លើក​ឡើង​ថា ​ការ​រំខាន ​និង​រារាំង​មិនឲ្យ​​មាន​ការ​ជួប​ជុំ​ គឺ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ ​និង​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​សេច​ក្ដី​ស​ម្រេច​របស់​ក្រសួង​មហាផ្ទៃ​ពាក់​ព័ន្ធ​នឹង​សេរី​ភាព​នៃ​ការ​ជួប​ជុំ ​ដែល​ក្រសួង​មហា​ផ្ទៃ​គួរ​សិក្សា​ពី​ករណី​នេះ ​ថា​តើ​វិធាន​ការ​របស់​ខ្លួន​ដែល​បាន​ដាក់​ឱ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​អនុវ​ត្ត​ មាន​ប្រ​សិទ្ធ​ភាព​ប៉ុនណា។​ ​

លោក​បន្ត​ថា នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​លើក​ឡើង​ ​មាន​ន័យ​ថា​ ​គឺ​ជួយ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​បាន​ដឹង៕