ភ្នំពេញៈ អង្គការមូលនិធិបង្ការរបួសអាស៊ីបានស្នើដល់រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡាឲ្យបន្ថែមកម្មវិធីសិក្សាស្ដីពីសុវត្ថិភាពចរាចរណ៍ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ដោយមន្ត្រីអង្គការនេះថា ការស្នើសុំនេះក៏មានផ្នែកពាក់ព័ន្ធផងដែរ ខណៈកម្មវិធីនេះមានតែពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ ស្របពេលដែលគ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភាមានការថយចុះ។
លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជាអង្គការបង្ការរបួសអាស៊ី (AIP Foundation) ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងវិស័យអប់រំកម្ពុជាទើបតែមាននៅថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ ប៉ុណ្ណោះ។ ដូច្នេះដើម្បីធានានិរន្តរភាពដល់សិស្ស និងកាត់បន្ថយចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍គឺទាមទារឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធបង្កើតកម្មវិធីសិក្សាបន្ថែមសម្រាប់ថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ នៅទូទាំងប្រទេស ខណៈបច្ចុប្បន្នការអនុវត្ដសាកល្បងមានតែតាមសាលារៀនក្នុងរាជធានី-ខេត្ដមួយចំនួនប៉ុណ្ណោះ។
លោកថ្លែងថា៖ «បើយើងបណ្ដុះផ្នត់គំនិតអំពីសុវត្ថិភាពចរាចរណ៍អំពីការគោរពច្បាប់ក្នុងចំណោមក្មេងៗពេលពួកគេធំឡើងនឹងឃើញផលនៅពេលដែលពួកគាត់ដល់វ័យត្រូវបើកបរនឹងយល់ដឹងពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ ហើយឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍»។
លោក គឹម បញ្ញា បានបន្តថា ការស្នើសុំឲ្យបន្ថែមកម្មវិធីសិក្សានេះមិនមែនមានតែសង្គមស៊ីវិលទេ ប៉ុន្ដែស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធមួយចំនួនក៏ទទូចស្នើដូចគ្នា។ លោកថា ក្រសួងអប់រំធ្លាប់បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា ការបន្ថែមម៉ោងអប់រំ ដល់សិស្សពីបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាព អនាម័យជាដើម។
លោកបន្តថា៖ «ទោះបីជាយ៉ាងណា ខ្ញុំចង់ឲ្យក្រសួងសិក្សាមើលថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ដូច្នេះក្រសួងអាចកំណត់ពេលប៉ុន្មានឆ្នាំដំបូងដោយផ្ដោតលើការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ។ ដូចយើងធ្លាប់អប់រំផ្សព្វផ្សាយដល់សិស្សកន្លងមកក្នុងរយៈពេល ១ ឆ្នាំមាន ១៨ ម៉ោង យើងអាចបង្កើនដល់ ២៥ ម៉ោងជាដើម ដើម្បីធ្វើម៉េចឲ្យសិស្សានុសិស្សគ្រប់កម្រិតសិក្សាមានការយល់ដឹងកាន់តែប្រសើរ»។
លោក បញ្ញា បានបន្តថា រាជរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនកម្មវិធីនេះ ព្រោះពេលសុំកម្ចីសាងសង់ផ្លូវទៅធនាគារពិភពលោក ADB និងម្ចាស់ជំនួយផ្សេងទៀតគឺរាជរដ្ឋាភិបាលតែងភ្ជាប់នូវគម្រោងថវិកាមួយចំនួនសម្រាប់ការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍។ ដូច្នេះរដ្ឋាភិបាលអាចរំលែកថវិកាបម្រុងខ្លះសម្រាប់បង្កើនកម្មវិធីនេះ។
លោកបន្តថា៖ «ប៉ុន្ដែប្រសិនបើរដ្ឋាភិបាលមិនទាន់មានគម្រោងក្នុងការធ្វើការងារនេះទេ យើងអាចកៀរគរដៃគូ និងអ្នកពាក់ព័ន្ធក្នុងការគាំទ្រដល់ការបង្កើតឲ្យមានកម្មវិធីសិក្សាសម្រាប់ថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ នេះ និងជំរុញឲ្យផ្សព្វផ្សាយការបណ្ដុះបណ្ដាលជាទៀងទាត់បាន»។
លោកបញ្ជាក់ថា ក្រៅពីការយកចិត្ដទុកដាក់ដល់សិស្សពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ អង្គការ AIP អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធក៏កំពុងខិតខំផ្សព្វផ្សាយអប់រំដល់និស្សិតតាមគ្រឹះស្ថានឧត្ដមសិក្សាផងដែរ។ ក្រៅពីមានយុវជនគំរូដែលបណ្ដុះបណ្ដាលតាមសាកលវិទ្យាល័យមួយចំនួនអង្គការ AIP ក៏កំពុងបណ្ដុះបណ្ដាលតំណាងតាមគ្រឹះស្ថានឧត្ដមសិក្សាដូចជាគ្រូ សាស្ដ្រាចារ្យ ផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានបច្ចេកទេសអប់រំផ្សព្វផ្សាយពីរឿងសុវត្ថិភាពចរាចរណ៍នេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងពីម្សិលមិញថាការអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងអប់រំសហការជាមួយក្រសួងមហាផ្ទៃ និងអង្គការ HANDICAP INTERNATIONAL ធ្លាប់បានរៀបចំកម្មវិធីសិក្សាតាំងពីឆ្នាំ ២០០៤ មកបន្ថែមលើខ្លឹមសារដែលបានបញ្ជ្រាបពីមុនមក។ ក្រសួងបានបោះពុម្ពជាសៀវភៅ «ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក» តាំងពីថ្នាក់ទី ១ ដល់ទី ៩ តាំងពីឆ្នាំ ២០០៦ មក និងបានផ្សព្វផ្សាយជាបន្តបន្ទាប់។
លោក សុវាចា បានបញ្ជាក់ថា៖ «ចំណែកឯការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ថ្នាក់ទី ១០ ដល់ ១២ ធ្វើឡើងជា« វេទិកាផ្សព្វផ្សាយ» ដោយសហការទាំង ៣ ភាគីខាងលើដដែល។ ដោយឡែកកម្មវិធីសិក្សាដែលយើងកំពុងអភិវឌ្ឍសព្វថ្ងៃខាងមុខវិជ្ជាសិក្សាសង្គមក៏បានគិតគូរបញ្ចូលបន្ថែម។ ថ្មីៗនេះក្រសួងក៏បានចេញសេចក្តីណែនាំបន្ថែម ១ ទៀតលើការពង្រឹងការអនុវត្តការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះនៅតាមសាលារៀនទូទាំងប្រទេសហើយបានផ្សព្វផ្សាយហើយដែរ»។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃម្សិលមិញបានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃការរឹតបន្ដឹងអនុវត្ដច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំនេះ ដោយអះអាងថាបានដំណើរការល្អ និងទទួលផលជាវិជ្ជមាន ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។
តាម គ.ស.ច.គ បើប្រៀបធៀបត្រឹមខែឧសភាដូចគ្នាក្នុងឆ្នាំ ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១៣០ លើក ស្មើនឹង ៣៧ ភាគរយ (២១៨/៣៤៨) អ្នកស្លាប់ថយចុះ ៤២ នាក់ ស្មើនឹង ២៧ ភាគរយ (១១៣/១៥៥ នាក់) អ្នករបួសថយចុះ ១៦ នាក់ស្មើនឹង ៣២ ភាគរយ (៣៤២/៥០៤ នាក់)៕