ស្ទឹងត្រែងៈ កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​ ជាពិសេស​កុមារ​ក្រោម​ ៥ ឆ្នាំ ​និង​ស្ត្រី​ក្នុងវ័យ​បន្ត​ពូជ​ នៅតែ​ជាបញ្ហា​ចម្បង​មួយ​នៅ​កម្ពុជា​ ស្ថិតនៅ​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​ស្ទឹងត្រែង​ ដែលបញ្ហានេះ​ អង្គការ​ភ្លែន​អន្តរជាតិ​ គ្រោងនឹង​ចំណយ​ប្រមាណ​ ១,៥ លាន​ដុល្លារ​អាមេរិក ​ក្នុង​រយៈពេល ​៥ ឆ្នាំ​ដើម្បី​ជួយ​កាត់បន្ថយ​អត្រា​កង្វះ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​ និង​ស្ត្រី។ នេះ​បើ​តាម​អង្គការ​ភ្លែន​អន្តរជាតិ​ បញ្ជាក់​ក្នុង​ការប្រកាស​បើក​គម្រោង​ ១ ០០០​ ថ្ងៃ ​កាលពី​ថ្ងៃទី ២៨​ ខែមករា។

អង្គការ​ខាងលើ​ បានលើក​ឡើងថា ​បញ្ហានេះ​បានកើតឡើង​ តាមរយៈ​មូលហេតុ​មួយចំនួន​ រួមមាន​កង្វះ​អាហារ ​ដែលមាន​ជីវ​ជាតិ ​ចិញ្ចឹម​គ្រប់គ្រាន់​ ចំណេះ​ដឹង​តិចតួច​អំពី​សុខភាព​មាតា​ និងទារក​ ការថែទាំ​កុមារ​ អាហារ​កុមារ ​ក្នុង​ដំណាក់កាល​ ដំបូង​ជាពិសេស ​ក្នុងពេល​ ១ ០០០ ថ្ងៃ ​ដំបូង ​និងខ្វះ​ការទទួល​បាន​ទឹក​ស្អាត ​និង​អនាមយ័​ក្នុងការ​ផ្តល់​អាហារ។ កង្វះ​អាហារូបត្ថម្ភ​ ក្នុង​ចំណោម​កុមារ​ក្រោម​ ៥ ឆ្នាំ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​គឺមាន​ច្រើន​ជាង​មធ្យម​ភាគ​ថ្នាក់​ជាតិ។

ខេត្ត​នេះ​មានកុមារ​ក្រិស​ក្រិន​ ៤៤% ​ខណៈ​មធ្យម​ភាគ​ថ្នាក់​ជាតិ​ ៣២% ​កុមារ​ស្គមស្គាំង​ ១៣,៨%​ ខណៈ​មធ្យមភាគ​ថ្នាក់​ជាតិ​ ៩,៦% ​និង​កុមារ​មាន​ទម្ងន់​ស្រាល​ ៣០,៧% ​ខណៈ​ដែល​មធ្យមភាគ​ថ្នាក់​ជាតិ​មាន ២៥%។ នេះ​បើតាម​របាយ​ការណ៍​អង្កេត​ប្រជាសាស្ត្រ​ និង​សុខ​ភាព​កម្ពុជា​ឆ្នាំ​ ២០១៤​។ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភនេះ​ អង្គការភ្លែន​អន្តរ​ជាតិ​សហ​ការ​ជាមួយ​អង្គការ​វឌ្ឍនភាព​បាន​អនុវត្ត​គម្រោង​ «១ ០០០ ថ្ងៃ​ដំបូង ​សន្តិសុខ​ស្បៀង ​និងបង្កើន​ភាពបន្សុំា ​ដើម្បី​លើក​កម្ពស់​សុខ​ភាព​មាតា ​និង​កុមារ» ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។

បើតាម​អង្គការ​ភ្លែន​អន្ដរជាតិ​ គម្រោង​រយៈពេល​៥ឆ្នាំនេះ​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​១,៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ នឹង​ជួយ​កាត់បន្ថយ​ អត្រា​កង្វះ​អាហារូបត្ថម្ភ​កុមារ​ និង​ស្រ្តី​ក្នុងវ័យ​បន្តពូជ​តាមរយៈ​ការធានាឲ្យមាន​សន្តិសុខ​ស្បៀង ​សមស្រប​នៅ​ក្នុង​គ្រួសារ។

​អង្គការ​ភ្លែន​បានឲ្យដឹងថា​ គម្រោង​នេះ​នឹងផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ​អាយុ ក្រោម​ ៥ ឆ្នាំ ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជិត​ ៩ ០០០ នាក់ ​តាមរយៈ ​(១) ការជំរុញ​ការទទួល​បាន​សេវា​សុខ​ភាព​​ទារក ​និង​កុមារ​អាយុ​ក្រោម​ ៥ ឆ្នាំ​ និង​ស្រ្តី​ក្នុងវ័យ​ក្មេង​បន្ត​ពូជ​ (២) ការបង្កើន​ការអនុវត្ត​អាហារូបត្ថម្ភ​សមស្រប​តាម​គ្រួសារ​ (៣) ការលើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត ​និង​អនាម័យ​ និង ​(៤) ការបង្កើន​ការផលិត​អាហារ​ប្រកប​ដោយ​ជីវជាតិ​នៅតាម​ផ្ទះ​ស្រប​តាម​វិធី​សាស្រ្ត​កសិកម្ម។

លោក​ យី គីមថាន ​នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី​នៃអង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជាបានលើកឡើងថា​ការវិនិយោគ​លើ​អាហារូបត្ថម្ភ ​គឺជា​ការគាំទ្រ​កុមារ​ឲ្យទទួល​បាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ជោគជ័យ​ចាប់ពី​ពេល​ចាប់​កំណើត​ រហូត​ដល់​ពេញ​វ័យ។

លោក​បន្តថា​៖ «ការផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ​និង​អនុវត្ត​អនាម័យ​សមស្រប​ដល់​កុមារ ​ក្នុង​រយៈពេល ​១ ០០០ ថ្ងៃ​ដំបូង​ ចាប់តាំង​ពី​ចាប់កំណើត​ក្នុង​ផ្ទៃ​ម្តាយ ​រហូតដល់​អាយុ​ ២ ​ឆ្នាំ​គឺ​មានសារៈសំខាន់​ណាស់​ដើម្បី​ការពារ​ពួកគេ​ពីកង្វះ​អាហារូបត្ថម្ភ ​និង បញ្ហា​ក្រិស​ក្រិន។ នេះ​ជាមូលហេតុ​ដែល​គម្រោង​ធ្វើការ​ផ្តោត​សំខាន់​លើ​ក្រុម​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ ស្ត្រី​មាន​ផ្ទៃពោះ​ ស្ត្រី​បំបៅ​​កូន​ដោយ​ទឹក​ដោះ ​និង​កុមារអាយុ​​ក្រោម ៥ ឆ្នាំ»។

បើតាម​លោក ​គីមថាន ​គម្រោងនេះ​នឹងអនុវត្ត​ក្នុង​ស្រុក​ចំនួន ៣ ​រួមមាន​ ស្រុក​សៀមបូក​ ថាឡា​បរិវ៉ាត់ ​និង​ស្រុក​សេសាន​ ដែលនឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ​ខែវិច្ឆិកា ​២០១៨ ​ដល់ថ្ងៃទី៣០ ​ខែវិច្ឆិកា ​២០២៣ ​ក្រោមជំនួយ​ឧបត្ថម្ភ​ពី​ក្រសួង​ សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ និងអង្គការភ្លែន​អន្តរជាតិ​អាល្លឺ​ម៉ង់។

គួរ​បញ្ជាក់ថា ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ​បានចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០០២។ ក្នុង​នាម ​ជា អង្គការ​ដែលយក​ចិត្ត​ទុកដាក់​លើ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ អន្តរាគមន៍​របស់​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បានជួយ​ដល់​កុមារ​ជាងកន្លះ​លាន​នាក់ ​និង​គ្រួសារ​របស់​ពួកគេ ​តាមរយៈ​កម្មវិធី​ ៥ សំខាន់ៗ ​រួមមាន​ ១ គាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​ ២ ​កិច្ចការពារ​កុមារ​ ៣ ទឹក​ស្អាត ​និង​អនាម័យ ​៤ អាហារូបត្ថម្ភ ​និង ៥ ​ការអប់រំ​ថ្នាក់​បឋម​សិក្សា ​និង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

បច្ចុប្បន្ននេះ​ អង្គការ​ភ្លែន​អន្តរជាតិ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង ​១៧ ​ខេត្ត-រាជធានី​ក្នុង​ចំណោម​ ២៥ ​ខេត្ត-រាជ-​ធានី​ នៃ​ប្រទេស​កម្ពុជា៕