រតនគិរី/ស្ទឹងត្រែងៈ អង្គការភ្លែនអន្តរជាតិកម្ពុជាកាលពីចុងសប្តាហ៍មុន បានប្រកាសបើកដំណើរការគម្រោង «ជំនាន់ថ្មី» ក្នុងខេត្ដរតនគិរី និងបន្ដបើកដំណើការនៅខេត្ដស្ទឹងត្រែងនាពេលខាងមុខ ដោយពង្រឹងសមត្ថភាពអង្គការសមាគមចំនួន ៥ នៅមូលដ្ឋានក្នុងគម្រោង ៥ ឆ្នាំ (២០១៩-២០២៤) ក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារស្ដ្រីវ័យក្មេង និងយុវជនជិត ៣ ម៉ឺននាក់លើកិច្ចការពារកុមារ សុខភាពបន្តពូជ និងការចូលរួមរបស់កុមារនៅសហគមន៍។
លោក យី គីមថាន នាយកស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្លែងថា គម្រោងនេះបើកដំណើរការក្នុងខេត្ដទាំង ២ ខាងលើក្នុងនោះ មានស្រុកចំនួន ៧ ឃុំ ២៥ និងភូមិ ១២៤ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារស្ត្រីវ័យក្មេង និងយុវជនប្រមាណ ២៦ ០០០ នាក់។
លោកថ្លែងថា ដើម្បីសម្រេចគោលដៅនៃគម្រោងនេះអង្គការភ្លែនអន្តរជាតិកម្ពុជាអនុវត្តគម្រោងដោយបានសហការជាមួយអង្គការសមាគមដៃគូចំនួន ៥ នៅមូលដ្ឋានក្នុងខេត្ដទាំង ២ ខាងលើ។
លោក គីមថាន ថ្លែងថា៖ «គោលដៅចម្បងរបស់គម្រោងជំនាន់ថ្មីនេះ គឺពង្រឹងសមត្ថភាពអង្គការសមាគមក្នុងស្រុកនៅមូលដ្ឋាន ដើម្បីចូលរួមចំណែកលើកកម្ពស់សិទ្ធិកុមារី និងកុមារា យុវជន លើកិច្ចការពារកុមារ សុខភាពបន្តពូជ និងការចូលរួមរបស់ពួកគេ (កុមារ)»។
លោកថា៖ «តាមរយៈការអនុវត្ដគម្រោងនេះ យើងចង់ឃើញកុមារ និងស្ត្រីវ័យក្មេងអាចក្លាយជាភ្នាក់ងារ ប្រកបដោយភាពក្លាហានក្នុងការកែប្រែវិសមភាពយេនឌ័រនៅក្នុងគ្រួសារសាលារៀន និងសហគមន៍របស់ពួកគេ»។
លោកបានឲ្យដឹងថា គម្រោងនេះត្រូវប្រើប្រាស់ថវិកាប្រមាណ ២,៧ លានអឺរ៉ូ (២,៩ លានដុល្លារ) ដែលថវិកានេះ គាំទ្រមូលនិធិពីទីភ្នាក់ងារស៊ុយអែតសម្រាប់ការអភិវឌ្ឍអន្តរជាតិ (SIDA)។
កុមារី សុផាត់ អាយុ ១៧ ឆ្នាំ រស់ក្នុងតំបន់គោលដៅសម្រាប់អនុវត្ដគម្រោងក្នុងខេត្ដរតនគិរី សម្ដែងក្ដីសង្ឃឹមថា គម្រោងនេះនឹងអាចជួយពួកគេឲ្យរស់នៅប្រកបដោយភាពស្រស់ថ្លា ដោយមិនមានការរំលោភសិទ្ធិ និងអំពើហិង្សា។ «ខ្ញុំចង់ឃើញសិទ្ធិកុមារត្រូវបានគោរព និងលើកកម្ពស់ហើយសំឡេងរបស់កុមារត្រូវបានគេយកទៅពិចារណា និងដាក់បញ្ចូលក្នុងសកម្មភាពអភិវឌ្ឍនៅកម្រិតថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ»។
អ្នកស្រី ផាត់ វី វ័យ ៤៨ ឆ្នាំជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ នៅឃុំ ប៉ាកាឡាន់ ស្រុកវើនសៃ ខេត្ដរតនគិរីថ្លែងថាតាមរយៈគម្រោងនេះនឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិកុមារ។ «គម្រោងនេះអាចចូលរួមចំណែកកាត់បន្ថយការរំលោភបំពានសិទ្ធិកុមារ និងធ្វើឱ្យកុមារីចេះប្រើសិទ្ធិក្នុងការចូលរួមសកម្មភាពយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ការរំលោភបំពានសិទ្ធិរបស់ពួកគេ»៕