The Phnom Penh Post Search

Search form

អង្គការ​មាតា​ធម្មជាតិ​ ត្រូវ​បាន​លុបចោល​ ក្រោយ​លាតត្រដាង​រឿង​ខ្សាច់

Content image - Phnom Penh Post
លោក Alex ស្ថាបនិក​មាតា​ធម្មជាតិ​ក្រោយ​ចាប់​ខ្លួន​។ រូបថត សហការី

អង្គការ​មាតា​ធម្មជាតិ​ ត្រូវ​បាន​លុបចោល​ ក្រោយ​លាតត្រដាង​រឿង​ខ្សាច់

ភ្នំពេញ: កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ពី​ការ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អង្គការ​មួយ​នេះ​បាន​លាតត្រដាង និង​បង្ហាញ​ពី​ការ​នាំ​ខ្សាច់​ស៊ីលីកា​ដ៏ច្រើន​ទៅ​ប្រទេស​តៃវ៉ាន់​។

ការ​សម្រេច​បិទ​អង្គការ​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ឱ្យ​ដឹង​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​ស្នើសុំ​ឱ្យ​ដក​ចេញ​ដោយ​ខ្លួនឯង​នៅ​ក្នុង​លិខិត​មួយ​មកពី​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​គឺ​លោក ព្រំ ធម្មជាតិ កាលពី​ថ្ងៃ​ទី​ ២៣ ខែ​សីហា​ដោយ​បាន​ស្នើ​ឱ្យ​រំលាយ​។

សហស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​លោក Alejandro Davidson-Gonzalez បាន​ថ្លែង​ថា​ការ​ស្នើសុំ​នេះ​ត្រូវ​បាន​​ជំរុញ​ដោយ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សហស្ថាបនិក​ ២ ​នាក់​ផ្សេង​ទៀត​គឺ​លោក​ធម្មជាតិ និង​លោក​ សុខ ចាន់ត្រា​។

តួលេខ​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​តៃវ៉ាន់​បាន​បង្ហាញ​ថា​ការ​នាំ​ចូល​ខ្សាច់​ស៊ី​លីកា​ពី​កម្ពុជា​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ជាង​ ៣០ ​លាន​ដុល្លារ​។

ការ​បង្ហាញ​នេះ​បាន​កើតឡើង​ស្រដៀង​គ្នា​ទៅ​នឹង​រឿង​អាស្រូវ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ផង​ដែរ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ ៧០០ ​លាន​ដុល្លារ​គឺ​ច្រើន​ជាង​ទិន្នន័យ​របស់​កម្ពុជា​ឆ្ងាយ​ដែល​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​ពី​ភាព​មិន​​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ករណី​នាំ​ចេញ​ខ្សាច់​នេះ​។

បន្ថែម​លើ​ពី​នេះ​ទៀត​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ​ចំនួន​ ២ ​នាក់​ដែល​បាន​ចង្អុល​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​ការ​នាំ​ខ្សាច់​ស៊ីលីកា​ចេញ​គឺ​លោក ហ៊ុន វណ្ណៈ និង ឌឹម គុណឌី ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពួកគេ​បាន​ថត​កប៉ាល់​យក្ស​ ២ ​គ្រឿង​នៅ​ក្នុង​ខេត្ត​កោះកុង​ដែល​គេ​សង្ស័យ​ថា​ដឹក​ខ្សាច់​ស៊ីលីកា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​ញុះញង់ និង​ថត​ដោយ​គ្មាន​ការ​អនុញ្ញាត​។

លិខិត​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ​លោក ប៉ុល លឹម បាន​បញ្ជាក់​ថា​ក្រសួង​បាន​សម្រេច​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​។

សេចក្តី​ប្រកាស​នោះ​សរសេរ​ថា​៖ «​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ [​ស ខេង​] ​សម្រេច​លុប​ឈ្មោះ​អង្គការ​​មាតា​ធម្មជាតិ​...​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ​» ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ជា​បន្លា​មួយ​នៅ​ក្នុង​ភ្នែក​របស់​រដ្ឋាភិបាល ដោយសារ​តែ​អង្គការ​នេះ​បាន​រាយការណ៍​ជា​ប្រចាំ​អំពី​សកម្មភាព​បូម​ខ្សាច់​នានា​នៅ​ភាគ​និរតី​របស់​ប្រទេស​កម្ពុជា​។ សកម្មភាព​បញ្ចេញ​មតិ​របស់​ខ្លួន​ក៏​បាន​នាំ​ឱ្យ​មាន​ការ​​និរទេស​ខ្លួន​លោក Gonzalez-Davidson កាលពី​ឆ្នាំ​ ២០១៥ ផង​ដែរ​។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​ក្រុម​អភិរក្ស​បាន​ស្នើសុំ​ឲ្យ​លុប​ឈ្មោះ​ចេញ​ដោយសារ​តែ​ពួកគេ​មិន​មាន​មូលនិធិ​។

លោក សុភ័គ ក៏​បាន​អះអាង​ផង​ដែរ​ថា​ក្រុម​នេះ​ហាក់​មាន​ភាព​រអាក់រអួល​បន្ទាប់ពី​ការ​និរទេស​លោក Gonzalez-Davidson ហើយ​មនុស្ស​មួយ​ចំនួន​ទាំង​អ្នក​នៅ​ក្នុង និង​ក្រៅ​អង្គការ​កំពុង​ប្រើប្រាស់​ឈ្មោះ​របស់​អង្គការ​ខុស​ពី​គោលដៅ​របស់​ពួកគេ ប៉ុន្តែ​លោក​មិន​បាន​បកស្រាយ​លម្អិត​ទេ​។

លោក Gonzalez-Davidson បាន​ច្រាន​ចោល​ការ​អះអាង​ដែល​ថា​បញ្ហា​ហិរញ្ញវត្ថុ​ស្ថិត​នៅ​ពី​ក្រោយ​ការ​រំលាយ​នេះ​។

លោក ធម្មជាតិ និង លោក ចាន់ត្រា បាន​ថ្លែង​ថា​ខ្លួន​បាន​ធ្វើ​កិច្ចប្រជុំ​មួយ​កាលពី​ខែ​សីហា​កន្លង​ទៅ​ហើយ​បាន​សម្រេច​ចិត្ត​រំលាយ​អង្គការ​នេះ​បន្ទាប់ពី​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ឥត​ឈប់ឈរ​ជា​អ្វី​ដែល​លោក​បាន​អះអាង​ថា​កាលពី​ឆ្នាំ​មុន​ស្ទើរ​តែ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទៅ​ហើយ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​យុទ្ធសាស្ត្រ​ល្អ​បំផុត​គឺ​មិន​បន្ត​ក្នុង​នាម​ជា​អង្គការ​ដែល​ចុះ​បញ្ជី​ ប៉ុន្តែ​ជា​ចលនា​ប្រជាពលរដ្ឋ​ដែល​សម្តែង​ការ​ព្រួយបារម្ភ​។ សមាជិក​ទាំងអស់​របស់​យើង​គឺជា​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​ហើយ​យើង​មិន​ត្រូវការ​ថវិកា​ច្រើន​នោះ​ទេ​»​។

លោក​បន្ថែម​ថា​ក្រុម​នេះ​បាន​ឈប់​ដំណើរការ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាប់​តាំងពី​ខែ​​តុលា ឆ្នាំ​ ២០១៤ ​មក​ម្ល៉េះ​ហើយ​ត្រូវ​បាន​យល់​ច្រឡំ​ដោយ​រដ្ឋាភិបាល​ដោយ​បាន​និយាយ​ថា​ពួកគេ​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​ត្រូវ​បាន​ចុះ​បញ្ជី​។

សកម្មជន​អង្គការ​មាតា​ធម្មជាតិ​លោក ធុន រដ្ឋា ដែល​ជា​ក្រុម​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​តែងតែ​ទទួល​ជំនួយ​ពី​អ្នក​ស្រុក​ដូចជា​ចំណី​អាហារ និង​កន្លែង​ស្នាក់នៅ​ជាដើម​នោះ​បាន​ថ្លែង​ថា​ការ​បិទ​អង្គការ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគេ​នោះ​ទេ​។

លោក​ រដ្ឋា ​ថ្លែង​ថា​៖ «​យើង​នឹង​ប្រើ​សិទ្ធិ​របស់​យើង​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​។ យើង​មិន​ដែល​ប្រព្រឹត្ត​បទល្មើស​ទេ​ ប៉ុន្តែ​យើង​គ្រាន់​តែ​ហ៊ាន​បង្ហាញ​ និង​និយាយ​ការ​ពិត​»៕ NS

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។