The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍

Content image - Phnom Penh Post
លោក​ គឹម បញ្ញា ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ AIP Foundation ថ្លែងនាពេលកន្លងមក។ ហេង ជីវ័ន

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តីពី​សុវត្ថិភាព​ចរាចរណ៍

ភ្នំពេញៈ ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ដោយ​មាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ក្រសួង​ពាក់ព័ន្ធ​កាលពី​ម្សិលមិញ​បាន​បើក​សិក្ខាសាលា​បណ្ដុះបណ្តាល​គ្រូបង្គោល​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​រយៈពេល​ ៣ ​ថ្ងៃ​ ដល់​និស្សិត​ជា​តំណាង​មកពី​គ្រឹះស្ថាន​ឧត្ដមសិក្សា​នានា​នៅ​ភ្នំពេញ ខណៈ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​មធ្យម​ជាង​ ៥ ​នាក់​ ជា​រៀងរាល់​ថ្ងៃ​ដែល​ក្នុងចំណោម​នោះ​ជាង​ ៤៥ ​ភាគរយ​ គឺជា​យុវជន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) ស្ដីពី​ការកសាង​វប្បធម៌​នៃ​ភាព​ជា​អ្នក​ដឹកនាំ​លើ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​យុវជន​ដែល​ប្រកាស​ក្នុង​ពេល​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​ដល់​និស្សិត​កាលពី​ម្សិលមិញ​នៅ​សណ្ឋាគារ​សាន់វ៉េ​បាន​បង្ហាញ​ស្ថិតិ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ឆ្នាំ​មុន​ថា ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ប្រមាណ​ ៤៥ ​ភាគរយ​ ជា​យុវជន​មាន​អាយុ​ចន្លោះ​ពី ១៥ ​ទៅ​ ២៩ ​ឆ្នាំ​។ ស្ថិតិ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ​បាន​ចង្អុលបង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​របស់​យុវជន​ថា ជា​អ្នករងរបួស និង​ស្លាប់​យ៉ាងច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ក្នុង​គោលបំណង​ធ្វើការ​អប់រំ និង​ផ្ដល់​សិទ្ធិអំណាច​ដល់​យុវជន​នៅ​គ្រឹះស្ថាន​ឧត្ដមសិក្សា​ឲ្យ​ក្លាយ​ជា​អ្នកតស៊ូ​មតិ​ដ៏សកម្ម​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ប្រកប​ដោយ​ជំនាញ និង​ចំណេះដឹង​អំពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចរាចរណ៍​ទើប AIP Foundation រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​រយៈពេល ៣ ​ថ្ងៃ​»​។

សិក្ខាសាលា​នេះ​នឹង​ធ្វើការ​អប់រំ​ដល់​យុវជន​ជា​អ្នកតំណាង​ពី​គ្រឹះស្ថាន​ឧត្ដមសិក្សា​ទទួលបន្ទុក​ផ្នែក​បណ្ដុះបណ្ដាល និង​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​ឥរិយាបថ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រមាណ ៣០ ​នាក់​មកពី​ ៣០ ​គ្រឹះស្ថានឧត្ដមសិក្សា​នៅ​ភ្នំពេញ​ដើម្បី​ឲ្យ​ពួកគេ​អាច​ទៅ​អប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​របស់​ពួកគេ និង​មិត្ដភក្ដិ​អំពី​សារៈសំខាន់​នៃ​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ឥរិយាបថ​ក្នុង​ការបើកបរ​របស់​យុវជន​។

សេចក្ដី​ប្រកាសថា​៖ «​ការបណ្ដុះបណ្ដាល​នេះ​បាន​ប្រើ​គំរូ​នៃ​របៀប មិត្ដ​អប់រំ​មិត្ដ និង​បណ្ដុះបណ្ដាល​និស្សិត​ឲ្យ​ធ្វើ​ជា​យុវជន​គំរូ​ជា​វិជ្ជមាន​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​ក្នុង​សហគមន៍​របស់​ពួកគេ​ដោយ​ធ្វើ​ឲ្យ​ពួកគេ​អាច​បណ្ដុះបណ្ដាល​អ្នកដទៃ​ទៀត​អំពី​ឥរិយាបថ​សុវត្ថិភាព​ចរាចរណ៍​»​។

លោក​ គឹម បញ្ញា ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ AIP Foundation ថ្លែងថា តាមរយៈ​សិក្ខាសាលា​ ៣ ​ថ្ងៃ​នេះ​យុវជន​ជា​និស្សិត​នឹង​បាន​ស្វែងយល់​ពី​ការទទួល​រងគ្រោះ​របស់​សិក្ខាកាម​ដទៃទៀត​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដូចជា​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ការពិត​នៃ​ហានិភ័យ​នៅលើ​ដងផ្លូវ​តាមរយៈ​ល្បែង​ច្នៃប្រឌិត និង​លំហាត់​អនុវត្ដន៍​។

លោក​ថា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដូចជា​ចំនួន​អ្នកស្លាប់ និង​របួស​នៅក្នុង​ឆ្នាំ​ ២០១៩ ​មាន​ការកើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ រហូត​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រកាសថា ដល់​ចំណុច​ត្រូវ​ប្រកាស​អាសន្ន ដូច្នេះ​ស្ថានភាព​រងគ្រោះ​របស់​យុវជន សិស្ស-និស្សិត ក៏​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​បន្ថែមទៀត​ដែល​បញ្ហា​នេះ​ពិតជា​ចាំបាច់​ត្រូវមាន​វិធានការទប់ស្កាត់ និង​កាត់បន្ថយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ឲ្យ​បាន​ទាន់​ពេលវេលា សំដៅ​ការពារ​ធនធាន​ដ៏សំខាន់​សម្រាប់​គ្រួសារ និង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវមាន​វិធានការ​ឲ្យ​បាន​កាន់តែខ្លាំង និង​ឆាប់រហ័ស ព្រោះ​យើង​មិន​អាច​បន្ត​បណ្ដោយ​ឲ្យ​អនាគត​អ្នក​បន្តវេន​សម្រាប់​គ្រួសារ​នីមួយៗ​ក៏ដូចជា​សង្គម​កម្ពុជា​របស់​យើង​មាន​ត្រឹមតែ​ចំណេះដឹង និង​ជំនាញ​សម្រាប់​បំពេញការងារ ប៉ុន្ដែ​បែរជា​មាន​ឥរិយាបថ​បំពាន​ច្បាប់ ពិសេស​ច្បាប់​ចរាចរណ៍ និង​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជា​រៀងរាល់​ថ្ងៃ​នោះទេ​»​។

លោក​ យក់ ង៉ុយ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ក្នុងពេល​បើក​សិក្ខាសាលា​នេះ​កាលពី​ម្សិលមិញ​ថា សិក្ខាសាលា​នេះ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​ការបណ្ដុះបណ្ដាល​យុវជន​ឲ្យ​ទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​បាន​ជ្រាប​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​ជា​ប្រធានបទ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ដ​ទុកដាក់ និង​ចូលរួម​ទប់ស្កាត់​។ ក្នុង​បរិបទ​នេះ​ក្រសួង​អប់រំ​ក៏​បាន​ដាក់បញ្ចូល​ស្ដង់ដា​នៃ​ការអប់រំ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​កម្មវិធីសិក្សា សៀវភៅ​សិក្សា​កម្រិត​បឋម និង​មធ្យម​ផងដែរ​»​។

លោក​បន្ដថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កំពុងមាន​កំណើន​គួរ​ឲ្យ​ព្រួយបារម្ភ និង​មិន​ទាន់​ត្រូវបាន​កាត់បន្ថយ​តាម​គោលដៅ​ដែល​បាន​គ្រោង​ទុក​នៅឡើយ ដែល​ធ្វើឲ្យ​មាន​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​សង្គម​អស់​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ ការខាតបង់​នេះ​បាន​ប៉ះពាល់​ដល់​ផលិតភាព ការថែទាំ​សុខភាព និង​ឱកាស​ការងារ និង​ការចំណាយ​ផ្សេងៗ​។

លោក ង៉ុយ បាន​លើកយក​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​ ២០១៩ ដែល​បង្ហាញថា ចំនួន​អ្នកស្លាប់​ដោយ​គ្រោះចរាចរណ៍​មាន​រហូត​ដល់ ១​ ៨៥២ ​នាក់​ ក្នុងនោះ​ ៤៥ ​ភាគរយ​ ជា​ជនរងគ្រោះ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥-២៩ ​ឆ្នាំ​។

នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ ​កាល​ថ្ងៃទី​ ២១ ខែ​មករា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​បាន​ប្រកាស​អាសន្ន​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​បានកំណត់​យក​ឆ្នាំ ២០២០ ​ជា​ឆ្នាំ​សម្រាប់​ប្រយុទ្ធប្រឆាំង​គ្រោះថ្នាក់​ចរាចរណ៍​៕

អត្ថបទគួរចាប់អារម្មណ៍