
កុមារនៅក្នុងបន្ទប់អានសៀវភៅក្នុងការិយាល័យអង្គការ។ សហការី
ភ្នំពេញៈ អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាបានរៀបចំបង្កើតសៀវភៅរឿងសម្រាប់កុមារ ១០ បន្ថែមទៀត ដើម្បីបង្កើតធនធានអំណានឲ្យមានគុណភាពខ្ពស់ និងជំរុញទម្លាប់នៃ ការអានរបស់កុមារនៅកម្ពុជា។
កម្មវិធីបង្កើតសៀវភៅរឿងសម្រាប់កុមារ ជាគម្រោងលើកទី៦ ដែលហៅថា (BookLab) នេះ ដែលជាផ្នែកមួយនៃគម្រោង បណ្ណាល័យឌីជីថល Lets Read របស់អង្គការមូលនិធិអាស៊ីនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Smart Axiata នៅកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអ្នកបង្កើតសៀវភៅនៅកម្ពុជា បង្កើតធនធានអំណានឲ្យមានគុណភាពខ្ពស់ និងជំរុញទម្លាប់នៃការអានរបស់កុមារនៅតាមសាលារៀនចាប់ពីកម្រិតបឋមសិក្សាថ្នាក់ទី ៦ ចុះក្រោម។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនបានឲ្យដឹងថា បណ្ណាល័យឌីជីថល LetsRead បានបង្កើនចំនួនសៀវភៅជាភាសាខ្មែរសម្រាប់កុមារអានបានប្រមាណ ៣០០ ក្បាល និងមានសៀវភៅសរុបជាង ២ ០០០ ក្បាលផ្សេងទៀត ក្នុងនោះមាន ២៣ ភាសាផ្សេងគ្នាដែលអាចឱ្យកុមារចូលទៅអានបានដោយសេរី។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា៖ «បណ្ណាល័យឌីជីថលនេះ បានឆក់យកឱកាសក្នុងយុគសម័យ ទូរស័ព្ទស្មាតហ្វូន និងថេប្ល៊ិត កំពុងតែពេញនិយម ដោយឲ្យសាធារណជនអាចរកអានសៀវភៅ តាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទតាមរយៈតំណភ្ជាប់ reader.letsreadasia.org»។
លោក អឹុម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ «ក្រសួងអប់រំ គាំទ្រជាខ្លាំងទៅលើការងាររបស់អង្គការមូលនិធិអាស៊ី ដែលមានគោលដៅស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផ្ទាល់ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សបង្កើតធនធានអប់រំដែលមានគុណភាពខ្ពស់ជាពិសេសជំរុញទម្លាប់នៃការអាន និងការគិតពិចារណាល្អិតល្អន់ (critical thinking) របស់កុមារតូចៗនៅកម្ពុជា»។
អ្នកស្រី មេឡូនី លីនប៊ឺក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា សៀវភៅរឿងថ្មីៗដែលនឹងត្រូវផលិតក្នុងកម្មវិធី BookLab នេះ ជាប្រភេទសៀវភៅទាក់ទងទៅនឹងប្រធានបទផ្សេងៗ ដូចជា ភាពក្លាហាន ភាពតស៊ូអត់ធ្មត់ ក៏ដូចជាមិត្តភាព និងភាពច្នៃប្រឌិត។
អ្នកស្រីបានឲ្យដឹងថា ក្នុងសាច់រឿង ក្នុងសៀវភៅរឿង «សៀវភៅវេទមន្ត» បាននិយាយពីក្មេងប្រុសម្នាក់ឈ្មោះ “វិទូ” ដែលទើបដឹងថា មូលហេតុដែលធ្វើឱ្យប្អូនស្រីរបស់ខ្លួនមានចំណេះដឹងច្រើន គឺដោយសារតែ នាងមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ។
ក្រោយមក វិទូ ចាប់ផ្តើមអានសៀវភៅប្រចាំថ្ងៃ ជំនួសឲ្យការលេងវីដេអូហ្គេម។ វិទូ មានការយល់ដឹងច្រើនជាងមុន ហើយអាចដោះស្រាយចំណោទបញ្ហា និងអាចចូលរួមប្រកួតប្រជែងចំណេះដឹងនៅក្នុងសាលា ព្រមទាំងទទួលបានរង្វាន់ទៀតផង។
អ្នកស្រី ថ្លែងថា៖ «នេះគ្រាន់តែជារឿងមួយក្នុងចំណោមរឿងល្អៗផ្សេងទៀត ដែលមានសារអប់រំល្អ អាចទាក់ទាញចំណាប់អារម្មណ៍របស់ក្មេង និងជំរុញអាចឲ្យពួកគេចាប់ផ្តើម ឬបន្តទម្លាប់អានសៀវភៅជាប្រចាំ»។
លោក Jonathan Yap ប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសហការ នៃក្រុមហ៊ុន Smart Axiata បានមើលឃើញថា សៀវភៅឌីជីថល ដែលបង្កើតចេញពីកម្មវិធី BookLab មុនៗ បានទាក់ទាញអ្នកអាននៅកម្ពុជាជាច្រើននាក់។
លោកបន្ដថា៖ «យើងមានការជឿជាក់ខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចូលរួមធ្វើឲ្យប្រសើរឡើងនូវការអប់រំ ជាពិសេសខ្លឹមសារច្នៃប្រឌិតខ្ពស់ និងមានលក្ខណៈជំរុញទឹកចិត្ត ដូចជាសៀវភៅរឿងដែលត្រូវបានផលិតនៅក្នុងកម្មវិធី Lets Read នេះជាដើម។ យើងរំពឹងថា នឹងមានក្មេងៗជាច្រើនបន្ថែមទៀតប្រើប្រាស់បណ្ណាល័យឌីជីថលមួយនេះ ដើម្បីបង្កើតទម្លាប់អានសៀវភៅ និងចាប់ផ្តើមការស្រមើស្រមៃខ្ពស់»៕