ភ្នំពេញៈ អង្គការមូលនិធិអាស៊ីតាមរយៈការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata កំពុងរៀបចំកម្មវិធីបង្កើតសៀវភៅ (BookLab) លើកទី ៩ នៅប្រទេសកម្ពុជា ដែលជាសៀវភៅរឿងកុមារថ្មីចំនួន ១០ ចំណងជើងបន្ថែមទៀត សម្រាប់ឱ្យសាធារណជនអាននៅលើបណ្ណាល័យ ឌីជីថល ឈ្មោះថា «Let''s Read Digital Library for Children» លើវេបសាយ និងអេហ្វ (App) ដោយឥតគិតថ្លៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ភាគីទាំង ២ ស្ដីពីការរៀបចំកម្មវិធីបង្កើតសៀវភៅនេះកាលពីថ្ងៃទី ១៩ ខែតុលា បានឱ្យដឹងថា បណ្ណាល័យឌីជីថល Let''s Read បានបង្កើនចំនួនចំណងជើងសៀវភៅរឿងកុមារជាភាសាខ្មែរ រហូតដល់ជាង ៤០០ ក្បាល និងមានសៀវភៅរឿងសរុបជិត ៥ ០០០ ចំណងជើងសរសេរជា ៣៧ ភាសាផ្សេងគ្នាសម្រាប់កុមារអាន។
សេចក្ដីប្រកាសបញ្ជាក់ថា ស្របពេលវិបត្តិជំងឺកូវីដ ១៩ នេះតាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនស្មាត អង្គការមូលនិធិអាស៊ីបានរៀបចំកម្មវិធីអនឡាញបកប្រែសៀវភៅចំនួន ២ លើក កាលពីខែមិថុនា និងខែកក្កដា ឆ្នាំនេះដោយមានអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញផ្នែកភាសាខ្មែរជាង ១៧០ នាក់ ចូលរួមបកប្រែសៀវភៅកុមារ ៦០ ក្បាលពីភាសាអង់គ្លេសទៅភាសាខ្មែរ។
លោកស្រី មេឡូនី លីនប៊ឺក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាថ្លែងថា៖ «សៀវភៅរឿងកុមារថ្មីទាំង ១០ ចំណងជើងនេះបានផ្តោតទៅលើប្រធានបទ គ្រួសារ សហគមន៍ និងមិត្តភាព»។
លោកស្រីបានឱ្យដឹងថា ក្នុងកម្មវិធីបង្កើតលើកទី ៩ នេះបានបន្ថែមវិធីសាស្ត្រថ្មីក្នុងដំណើរការនៃការនិពន្ធសៀវភៅដោយផ្តល់ឱកាសឱ្យអ្នកនិពន្ធជួបជាមួយនឹងកុមារដើម្បីសិក្សា និងទទួលបានគំនិតយោបល់ និងចំណង់ចំណូលចិត្តរបស់កុមារ។
លោកស្រីបន្តថា៖ «ខ្ញុំសង្ឃឹមថា វិធីសាស្ត្រនេះនឹងធ្វើឱ្យគុណភាពសៀវភៅរបស់យើងកាន់តែល្អបន្ថែមទៀត និងអាចទាក់ទាញចំណាប់អារម្មណ៍កុមារបន្ថែមទៀត នៅពេលដែលពួកគេអានសៀវភៅទាំងនេះ»។
លោក គាំ ទិវា ប្រធានផ្នែកកិច្ចការសាធារណៈនៃ Smart Axiata បានលើកឡើងថា ការរួមបញ្ចូលនូវគំនិតយោបល់របស់កុមារនៅក្នុងដំណើរការនៃការផលិតរឿងនិទានកុមារ ពិតជាធ្វើឱ្យសៀវភៅរឿងទាំងនោះមានគុណភាពខ្ពស់។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា សិស្សានុសិស្សនឹងរីករាយក្នុងការអានសៀវភៅរឿងទាំងនេះព្រោះយោបល់របស់ពួកគេត្រូវបានយកចិត្តទុកដាក់ ជាពិសេសនៅក្នុងពេលវិបត្តិជំងឺកូវីដ១៩ នេះ សៀវភៅឌីជីថលពិតជាមានសារៈសំខាន់ និងងាយស្រួលបំផុតក្នុងដំណើរការនៃការរៀនអាន និងសិក្សារៀនសូត្ររបស់កុមារ»។ ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាក្នុងការលើកកម្ពស់បទពិសោធនៃការសិក្សារៀនសូត្រតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។
បើតាមសេចក្តីប្រកាស អង្គការមូលនិធិអាស៊ីបានសហការជាមួយនឹងអង្គការឆាលហ្វានកម្ពុជាបានរៀបចំការជួបជុំរវាងអ្នកនិពន្ធ និងកុមារ ដើម្បីឱ្យពួកគាត់អាចជជែកពិភាក្សាដើម្បីស្វែងយល់នូវគំនិតយោបល់សម្រាប់ការនិពន្ធរឿងមុននឹងដាក់ចេញសៀវភៅទាំងនោះជាសាធារណៈ។ សៀវភៅទាំងនោះ នឹងត្រូវបានយកទៅដាក់បង្ហាញ និងសុំមតិយោបល់បន្ថែមទៀតពីកុមារដែលបានចូលរួមផ្ដល់យោបល់ និងគំនិតទាំងអស់ផងដែរ។
លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វានកម្ពុជាថ្លែងថា ជាទូទៅគេនិយាយថា កុមារកម្ពុជាមិនចូលចិត្តអាន។ នេះមិនមែនជាការសន្និដ្ឋានដែលត្រឹមត្រូវនោះទេ។ កុមារខ្លួនឯងទើបដឹងច្បាស់ថា សៀវភៅមួយណា ដែលពួកគេចូលចិត្តអាន ដូច្នេះការពិភាក្សាជាមួយកុមារា កុមារីជាមុន ទើបស្ថាប័នអភិវឌ្ឍន៍វិស័យអប់រំអាចផលិតបាននូវធនធានអំណានដ៏សម្បូរបែបដែលសមស្របតាមវប្បធម៌ អាយុ និងចំណាប់អារម្មណ៍របស់កុមារ។
លោកថ្លែងថា៖ «យើងជឿជាក់ថា ឱកាសក្នុងការទទួលបានសៀវភៅ ដែលមានគុណភាព ភាពរីករាយក្នុងការអាន និងការរីកចម្រើនក្នុងការអាន ពិតជាមានទំនាក់ទំនងនឹងគ្នា»៕