កំពង់ស្ពឺៈ លោក​ ជា ហ៊ា​ន ប្រ​ធា​​​ន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ និងទប់ស្កាត់​ការ​បំផ្លាញ​ធន​ធា​ន​ធម្ម​ជាតិ ​គ្រោង​នឹង​ស្នើ​ទៅ​​លោ​ក ស ខេង រដ្ឋមន្រ្ដី​ក្រសួង​មហាផ្ទៃ​ ជួយ​អន្តរាគមន៍​ទប់​ស្កាត់​ករណី​ជន​ខិល​ខូច​ឃុបឃិត​គ្នា​ទន្រ្ទា​ន​ដី​តំបន់​​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ ស្ថិត​នៅ​ភូមិ​ស្រែកិន ​ឃុំ​ត្រពាំជោរ​ ស្រុក​ឱរ៉ាល់។

លោក ជា ហ៊ាន បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ខណៈ​ដែល​​លោក​​កំពុង​តាមដាន​មើល​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​​អនុវត្ដ​ដីកា​របស់​រដ្ឋ​បាល​ខេត្ដ​កំពង់​ស្ពឺ ដើម្បី​​​ដក​ហូត​ដី​តំបន់​អភិរក្ស​ ដែល​ត្រូវ​បាន​គេឃុប​ឃិត​គ្នា​ទន្រ្ទាន​យក​ទៅ​លក់​ឲ្យ​ឈ្មួញ ប៉ុន្ដែ​ត្រូវ​បាន​សហគមន៍​​នៅ​តំបន់​នោះ កែន​ពលរដ្ឋ​មក​ទាម​ទារ​ដី ​​ថា ប្រធា​ន​​សហគមន៍ ឧត្ដម​ស្រែ​ខ្ពស់ និង​សមាជិក ​បាន​កែន​ពលរដ្ឋ​មក​តវ៉ា​ ប្រឆាំង​មន្រ្ដី​ឧទ្យា​នុ​រក្ស​ ​មិ​ន​​ឲ្យ​អនុវត្ដ​ច្បាប់​ចុះ​ដក​ហូត​ដី​ឲ្យ​រដ្ឋ​វិញ ដើម្បី​ទាម​ទារ​យក​ដី​នោះ​លក់​ឲ្យ​ឈ្មួញ​ ព្រោះ​​សហគម​ន៍​បាន​ឃុបឃិត​ជាមួយ​ប្រជា​ពល​​រដ្ឋ​​យក​ដី​នោះ​លក់​យក​លុយ​ពី​ឈ្មួញ​រួច​ទៅ​ហើយ។

លោក​ថ្លែង​ថា​៖ «​​បើ​សិន​ជា​ពួកគាត់​មិន​ធ្វើ​ការ​តវ៉ាទេ បុគ្គល​ដែល​ទិញ​ដីនោះ នឹង​ប្ដឹង​ពួក​គាត់​ ពីបទ​ឆបោក​។ អ៊ីចឹង ពួកគាត់​ត្រូវ​តែ​តវ៉ា ទាម​ទារ​ដីនោះ​ឲ្យ​បាន​។ ខ្ញុំ​នឹង​ដាក់​សំណើទៅ​សម្ដេច​​ក្រឡា​ហោម​ ស ខេង ​ក្រោយ​ពេល​ខ្ញុំ​ចុះ​ស្រង់​ទិន្នន័យ​បាន​សព្វ​គ្រប់ និង​បញ្ចប់​បេស​ក​កម្ម​នៅ​តំបន់​​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ស្នើ​​សុំ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋ​មន្រ្ដី​ក្រសួង​បរិស្ថានចាត់​វិធាន​​ការក្ដៅ​ចំពោះ​មេឈ្មួញ​ដែល​​បាន​កែន​ពល​រដ្ឋមក​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នេះ»។

លោក​អះអាង​ថា៖ «​ការ​កាប់ទន្រ្ទាននេះ អាជ្ញាធរ​មូលដ្ឋាន​ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ បាន​សហការ​ជា​មួយ​​សហ​គម​ន៍ ដោយ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​​ថា ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ ជា​ដី​ចម្ការ​របស់​ពលរដ្ឋ។ ប៉ុន្ដែ​ជាក់ស្ដែង​ដី​នៅ​តំបន់​នោះ​​ជាដី​អភិ​រក្ស​ ដែន​ជម្រក​សត្វ​ព្រៃ​របស់​រដ្ឋ»។

បើតាម​លោក ជា ហ៊ាន ការ​ទន្ទ្រាន​យក​ដីព្រៃ​នេះ ជន​ខិលខូច​បាន​ប្រើ​​គ្រឿង​ចក្រ​មក​ឈូ​ស​​​ឆាយ​ តាម​កន្លែង​ផ្សេងៗ​ ​មាន​ទំហំ​ចាប់​ពី ១០-២០-៣០ ហិកតាសរុប​ដី​ក្នុង​តំបន់​អភិរក្ស​ដែ​ល​ជន​ខិល​ខូច​រំលោភ​យក​មាន​ប្រមាណ ៣០០ ហិកតា​ហើយ។

លោក ​​ជា​ ហ៊ាន បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «វា​មិន​មែន​លំៗ​ទេ​ ទាំង​មេភូមិពោ​ធិមា​ស និង​អាជ្ញាធរ​ឃុំ សហ​ការ​គ្នា​ និង​មេសហគមន៍ចេញ​មុខ​មក​រារាំ​ង​មន្រ្តី​ឧទ្យា​នុរក្ស​បរិ​ស្ថាន​ និង​អង្គ​​​​​ការ​ដែល​បាន​ចុះ​អនុវត្ត​ច្បាប់​ ខណៈ​ដែល​ពួក​គេ​បាន​ប្រើ​ប្រា​ស់​ពល​រដ្ឋ​ចាប់​រា​នដី​ព្រៃ​លក់​ឲ្យ ឈ្មោះ​ បូរី ជា​មន្រ្តី​យោ​ធា ​រឿង​នេះ​បាន​បញ្ជាក់​ឃើញ​ថា​គេ​សហ​ការ​គ្នា​​បាន​ល្អ​ណា​ស់​ក្នុង​ការ​ប្រឆាំ​ង​ទៅ​​លើ​មន្រ្តី​ដែល​ចុះ​អនុវត្ត​ច្បាប់»។

លោក ហ៊ុល ម៉ារ៉ា នា​យក​រង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ដែ​​ល​បាន​ចុះ​អនុវត្ដ​ដីកាដក​ហូត​ដី​ ដែល​ត្រូវ​គេ​រំលោភ​បំពាន និង​ត្រូវ​បាន​ប្រធាន​សហគមន៍ និង​សមាជិក រារាំង​នោះ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា ការ​ទន្ទ្រាន​យក​ដី​ព្រៃ​ក្នុង​ដែន​អភិរក្ស​នេះ មិន​មែន​ប្រជា​ពលរដ្ឋ​សាមញ្ញ​អា​ច​ធ្វើ​បាន​ទេ ព្រោះ​មាន​ការ​រំលោភ ព័ទ្ធ​របង​យក​ដី​រាប់រយ​ហិកតា។

លោក​​ថ្លែង​ថា​៖ «បើពលរដ្ឋ​ជាអ្នក​រំលោភ​យក ​វា​មិន​មាន​ទំហំ​ធំដល់​ថ្នាក់​នេះ​ទេ វា​មាន​ទំហំ​តែ​ ៤ ទៅ ៥ ហិកតា​អីទេ​។ បើ​ជា​ប្រជាពលរដ្ឋ​គាត់​មិន​ហ៊ា​ន​នឹង​មិន​មាន​សិទ្ធិ​ទៅ​កាន់​កាប់​នៅ​​តំបន់​ដី​ព្រៃ​អភិរក្ស​នេះ​ទៅ​ទៀត​។ ប៉ុន្ដែ​ការ​ទន្ទ្រាននេះ បាន​មក​ធ្វើ​របង​ព័ទ្ធ​យក​ដី​មាន​ ៤ ទៅ​ ៥០០​​ បង្គោល​ទៅហើយ​»។

លោក​បន្ដថា​៖ «​​គឺ​វា​មាន​ការ​ឃុប​ឃិត​គ្នា​លក់​ដី​នេះទៅ​ឲ្យ​ឈ្មួញ ដល់​ពេល​យើង​ចុះ​អនុវត្ដ​ច្បាប់ទៅ ប្រធាន​សហគម​ន៍​​គាត់​យក​ប្រជាជន​តវ៉ា ​ដើម្បី​ធ្វើ​ជា​សំអាង ដើម្បី​ដោះ​បន្ទុក​។ ប្រជា​ជន​គាត់​គ្មាន​លទ្ធភាព​ទៅ​ធ្វើ​បង្គោល​ព័ទ្ធ​​​លើ​ដី ៥០ ទៅ ៦០​ ហិកតា​បែប​នេះ​ទេ»។

លោក ម៉ារ៉ា បាន​លើក​ឡើង​ថា នឹង​ប្ដេជ្ញា​ដោះ​ស្រាយ​បញ្ហា​ទន្ទ្រា​ន​យក​ដី​រដ្ឋ​នេះនិង​ធ្វើ​របាយ​ការ​ណ៍​ដាក់​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ស្ពឺ ដើម្បី​ដាក់​ឡើង​ទៅ​ក្រសួង​បរិស្ថាន។

​លោក​ វ៉ី សំណាង​ អភិបាលខេត្ដ​កំពង់​ស្ពឺ​ ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​ទទួល​បាន​ព័ត៌មាន​ជុំ​វិញ​បញ្ហា​នេះ​ហើយ ប៉ុន្ដែ​ជាវិធាន​ការ​ គឺ​យើង​ឲ្យ​មន្រ្ដី​យើង ​ព្យាយាម​ធ្វើ​ការ​ដុត​​បំផ្លាញ​នូវ​បង្គោល​ហ៊ុមព័ទ្ធ​​ដីព្រៃ​ទាំង​នោះ​ហើយ»។

លោក មួង ធី អភិបាល​ស្រុក​ឱរ៉ាល់ថ្លែង​ថា រដ្ឋ​បាល​ស្រុក​បា​ន​អនុវត្ដវិធាន​ការ​ជាបន្ដ​បន្ទា​ប់​ចំពោះ​ជន​ខិល​ខូច​ដែល​ទៅ​ទន្ទ្រាន​ដី​ព្រៃ​​អភិរក្ស​របស់​រដ្ឋ​ដោយ​មាន​ការដក​ហូត​ដីមកវិញក៏មាន ហើយ​បច្ចុប្បន្ន​ក៏​កំពុង​បន្ដថា​ ដែរ។

ទាក់ទង​នឹងសហគមន៍ និង​ពលរដ្ឋ​ទៅ​តវ៉ា​មិន​ឲ្យ​មន្រ្ដី​ឧទ្យា​​នុរក្ស​អនុវត្ដ​ដីកា​របស់​រដ្ឋ​បាល​ខេត្ដ​ដើម្បី​ដក​ហូត​ដី​រដ្ឋ​វិញ​​នេះ លោក​​បន្ដថា​៖ «នេះ​គាត់​ទើប​តែ​ចូល​ទន្រ្ទាន​កាន់​កាប់​ក្រោយ​ទេ​ ដី​ដែល​ស្រប​ច្បាប់​ គឺ​ពលរដ្ឋ​មាន​បណ្ណ​កម្មសិទ្ធិ​​រួចរាល់​អស់​ហើយ»។

លោក នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ថ្លែង​ថា ដី​ដែល​តំណាង​សហគមន៍ និង​ពលរដ្ឋ​ទៅ​ទន្ទ្រាន​នោះ គឺ​ជា​តំបន់​អភិរក្ស​ មិន​មាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ណាមួយ​ទទួល​ស្គាល់​ជាដី​ឯកជន​ទេ។​

លោក​បន្ដថា​៖ «ការ​តវ៉ា ការ​ទាម​ទារ​ គឺ​ជា​សិទ្ធិរបស់​ពួកគាត់ ប៉ុន្ដែ​ក្នុង​នាម​ភ្នាក់ងារ​អភិរក្ស​ យើង​ត្រូវ​តែ​អនុវត្ដ​ទៅ​តាម​ច្បាប់នៃ​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ»។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​អាច​ទំនា​ក់​ទំនង​សុំ​ការ​បក​ស្រាយ​​ពី​ប្រធា​ន​​​សហគមន៍ឧត្ដម​ស្រែ​ខ្ពស់ និង​សមាជិកបានទេ​កាល​ពី​​ថ្ងៃ​ចន្ទ។

ក្រ​សួង​បរិស្ថាន​ធ្លាប់​​ប្រកាស​ បដិសេធ​មិន​​ទទួល​ស្គាល់​បណ្ណ​សម្គា​ល់​កម្មសិទ្ធិ​ឬ​លិខិត​លក់​ដូរ​ដី ដែ​ល​បាន​មក​ពី​ការ​កាប់​រុក​រាន​ទន្ទ្រា​ន​​​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ ដោយ​ខុស​ច្បាប់​ឡើយ​ បើ​ទោះ​បី​​ជា​មាន​ការ​ទទួល​ស្គាល់​ពី​ភូមិ ឃុំ ឬស្រុក​ក្តី៕