ភ្នំពេញៈ អង្គការ Good Neighbors Cambodia កាលពី​ម្សិលមិញ​បានបង្ហាញ​របាយការណ៍​នៃ​ការស្ទង់មតិ​ទៅ​លើ​កុមារ​មួយ​ចំនួន​ក្រោម​អាយុ​ ១៨ ​ឆ្នាំ​ បាន​ឲ្យ​ដឹងថា កុមារ​ ៤,៩% ត្រូវបាន​គេ​លួងលោម​ និង​បង្ខំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ពី​មិត្តភក្ដិ​ និង​អ្នកជិតខាង និង​កុមារ​ ៣,៤% ធ្លាប់ប្រើប្រាស់​គ្រឿងញៀន​។

ការស្ទង់មតិ​នេះ​បាន​ធ្វើ​ឡើង​ពី​ខែ​ឧសភា​ដល់​ខែ​ កក្កដា ឆ្នាំ​ ២០១៩ ដោយ​ក្រុម​យុវជន​អង្គការ Good Neighbors Cambodia ដែល​បាន​ចុះ​សម្ភាស​កុមារ​ ២៨៣ ​នាក់​ដែល​មាន​អាយុ​ចាប់ពី​ ១៣ ​ឆ្នាំ​ ដល់​ ១៨ ​ឆ្នាំ​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ជា​​តំបន់​ដែល​អង្គការ​នេះ​កំពុង​ជួយ​ឧបត្ថម្ភ​ដើម្បី​គាំពារ​កុមារ​ចំនួន ១២ ​ពាន់​នាក់​។

របាយការណ៍​ស្ទង់​មតិ​នេះ​បាន​ឲ្យ​ដឹងថា​ ក្នុង​ចំណោម​កុមារ​ ២៨៣ ​នាក់ ​ផ្ដល់​បទសម្ភាស​គឺ ១៥,៩% បាន​រាយការណ៍​ថា ធ្លាប់​ឃើញ​ការជួញដូរ​គ្រឿងញៀន​នៅក្នុង​សហគមន៍​រស់នៅ​របស់​ពួកគេ ហើយ​ពួកគេ​ភាគច្រើន​មិន​ហ៊ាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឡើយ​ដោយសារ​ភ័យខ្លាច​អំពី​សុវត្ថិភាព ខណៈ​ប្រមាណ​ ៨១,១% ​ទៀត ធ្លាប់​បាន​ឃើញ​ផ្ទាល់​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​មាន​អាយុ​ចម្លោះ​ពី​ ១៨ ​ឆ្នាំ​ដល់​ ៣០ ​ឆ្នាំ​។

កញ្ញា ចែម នីតា រស់នៅ​ក្នុងភូមិ​ដីឡូត៍ ឃុំ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​ជា​សិស្ស​វិទ្យាល័យ​ហ៊ុនសែន ខ្លា​កូន​ដែល​ជា​យុវជន​ម្នាក់​ចូលរួម​ក្នុង​ក្រុមយុវជន​សិក្សា​ស្ទង់​មតិ​បាន​លើកឡើង​ថា អ្នកប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិ​កញ្ញា​គឺ​មាន​អាយុ​ ១៨ ​ឆ្នាំ​ទៅ​ ២៥ ​ឆ្នាំ ហើយ​ភាគច្រើន​ជា​អ្នក​បោះបង់​ការសិក្សា​។ ​សិស្ស​រូបនេះ​បន្ត​ថា​ក្នុង​ចំណោម​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ គឺ​ភាគច្រើន​ជា​កូនអ្នកក្រីក្រ ហើយ​កូន​អ្នកមាន​ជីវភាព​ធូរធារ​គឺ​មាន​តិចតួច​ប៉ុណ្ណោះ​។

កញ្ញា នីតា បាន​ថ្លែង​ថា​៖ «​ការប្រើប្រាស់​គ្រឿងញៀន​គឺ​ភាគច្រើន​តាម​គ្នា​ហើយ​នៅពេល​ពួកគេ​ដើរលេង​ជាមួយ​គ្នា​គឺ​ច្រើន​តែ​ជក់​តាម​គ្នា​។ នៅពេល​ប៉ូលិស​ចាប់ ហើយ​ដោះលែង​មក​វិញ​គឺ​ភាគច្រើន​នៅ​ដដែល ហើយ​មាន​អ្នកខ្លះ​កាន់តែ​ខ្លាំង​ជាង​មុន​»​។

ការ​ថ្លែង​របស់​កញ្ញា ចែម នីតា ធ្វើ​ឡើង​នៅក្នុង​វេទិកា​យុវជន​ថ្នាក់ជាតិ​ស្ដីពី​ការទប់ស្កាត់​គ្រឿងញៀន​ និង​ការអភិវឌ្ឍ​យុវជន​​រៀបចំ​ឡើង​ដោយ​អង្គការ Good Neighbors Cambodia នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មាន​យុវ​សិស្ស​ចំនួន​ ១២៥ ​នាក់​​ចូលរួម រួម​ទាំង​មន្ត្រី​អាជ្ញាធរ​ជាតិ​គ្រឿងញៀន មន្ត្រី​ក្រសួង​អប់រំ មន្ត្រី​ក្រសួង​សង្គមកិច្ច គ្រូបង្រៀន​ និង​អាជ្ញាធរ​ភូមិ​ឃុំ​។

លោក ជេកយ៉ុន រ៉ូ នាយក​ប្រចាំ​ប្រទេស​អង្គការ Good Neighbors Cambodia បាន​ថ្លែង​ថា​កម្ពុជា​គឺជា​ប្រទេស​រងគ្រោះ​មួយ​ក្នុង​ចំណោម​ប្រទេស​រងគ្រោះ​នានា ហើយ​ប្រជាជន ជាពិសេស​កុមារ​ និង​យុវជន​បាន​ទទួល​ផលប៉ះពាល់​ពី​ថ្នាំញៀន​»​។

លោក​បន្ថែម​ថា​៖ «​សេចក្ដី​រីករាយ​មិនមែន​កើត​ចេញ​ពី​ថ្នាំញៀន​នោះ​ទេ​។ គ្រឿងញៀន​មិន​ដែល​នាំមក​នូវ​ភាព​មាន​បាន​កេរ្តិ៍ឈ្មោះ និង​សុភមង្គល​នោះ​ទេ ផ្ទុយទៅ​វិញ​វា​ធ្វើឱ្យ​អ្នក​អាប់ឱន​កិត្ដិយស​នៅក្នុង​សង្គម​តែ​ប៉ុណ្ណោះ​»​។

អង្គការ Good Neighbors Cambodia បាន​ជួយ​បណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត​ចំនួន​ ៤០ ​នាក់​ អំពី​របៀប​រៀបចំ​កម្រង​សំណួរ ការសម្ភាស និង​ការប្រមូល​ទិន្នន័យ​នៅក្នុង​ការចុះ​សិក្សា​ស្ទង់​មតិ​ដែល​បាន​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​ខេត្ត​មណ្ឌលគិរី​ជា​រាជធានី​ខេត្ត​ដែល​អង្គការ​នេះ​កំពុង​ជួយឧបត្ថម្ភ​ដើម្បី​គាំពារ​កុមារ​ជាង​ ១ ​ម៉ឺន​ ២ ​ពាន់​នាក់​។

នៅក្នុង​ការ​ស្ទង់មតិ​ដដែល​នេះ ក្រុមយុវជន​ក៏បាន​រកឃើញ​ថា គ្រឿងញៀន​បាន​បង្ក​ឱ្យ​មាន​អំពើ​លួច​ប្លន់​ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​លើ​អ្នកដទៃ ក្មេង​ទំនើង ការបែកបាក់​គ្រួសារ ការធ្វើ​អត្តឃាត និង​ការប្រព្រឹត្ត​អំពើ​ពេស្សាចារ​ជាដើម​។

លោក ថោង សុគន្ធា អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​គាំទ្រ​ចំពោះ​ការសិក្សា​ស្ទង់​មតិ​ដោយ​យុវជន​នេះ ព្រោះ​លោក​ថា​វា​ជា​ការសិក្សា​ដ៏សំខាន់​មួយ​ជួយ​ទៅ​ដល់​អាជ្ញាធរ​ជំនាញ​ប្រើប្រាស់​ក្នុង​ការចុះ​ទៅ​អប់រំ​ទប់ស្កាត់​អំពី​បញ្ហា​គ្រឿងញៀន​ឱ្យចំ​គោលដៅ​។

ប៉ុន្តែ​លោក​យល់​ថា ការ​ស្ទង់មតិ​នេះ​គួរ​ធ្វើឡើង​ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​កាត់បន្ថយ​ភាពលម្អៀង​បាន​ច្រើន​នៅក្នុង​ការប្រមូល​ព័ត៌មាន ហើយ​លោក​ស្នើ​ឱ្យ​មាន​ការស្ទង់មតិ​លើក​ក្រោយ គួរ​ធ្វើឡើង​ដោយ​គ្របដណ្ដប់​ចំនួន​ខេត្ត​ឱ្យ​បាន​ច្រើន​ជាង​នេះ​។

លោក សុគន្ធា បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​ការសិក្សា​ហ្នឹង​ល្អ​មែនទែន ហើយ​ក្នុង​នាម​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ គឺ​គាំទ្រ​មែនទែន ហើយ​សុំឱ្យ​ពិនិត្យ​ដើម្បី​ពង្រីក​វិសាលភាព​បាន​អត់​? ព្រោះ​ការ​ស្ទាបស្ទង់​នេះ គឺ​យើង​បាន​ធ្វើ​ត្រឹមតែ​ទីកន្លែង​គោលដៅ​ក៏​វា​នៅ​តិច​ដែរ​ហើយ​អត់​ទាន់​អាច​តំណាង​ឱ្យ​ព័ត៌មាន​ទូលំទូលាយ​កើត​ទេ​»​។

លោក ថោង សុគន្ធា បន្ថែម​ថា​រយៈពេល​ ៨ ​ខែ​ ឆ្នាំ​ ២០១៩ ​នេះ​មាន​អ្នកប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​ចាប់ខ្លួន​មាន​ជាង ៩ ពាន់​នាក់ ខណៈ​លោក​ថា​បច្ចុប្បន្ន​តួលេខ​អ្នកប្រើប្រាស់​គ្រឿងញៀន​ និង​ជួញដូរ​មិនទាន់​ថយចុះ​នៅ​ឡើយ និង​កំពុង​ក្លាយ​ជា​បញ្ហា​ក្ដៅ​ដែល​រដ្ឋាភិបាល​ត្រូវខិតខំ​ដោះស្រាយ​។ ​

នៅក្នុង​ការស្ទង់មតិ ក្រុមយុវជន​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ការពង្រឹង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​សហគមន៍ ការពង្រឹង​អនុវត្ត​ច្បាប់​លើ​អ្នក​ផលិត​ និង​ជួញដូរ ការពង្រឹង​ត្រួតពិនិត្យ​សារធាតុ​ញៀន​ក្នុង​ចំណោម​សិស្ស និង​អាជ្ញាធរ​ខ្លួនឯង និង​ការលើក​ទឹកចិត្ត​ឱ្យ​យុវជន និង​សហគមន៍​រាយការណ៍​អំពី​បញ្ហា​គ្រឿងញៀន​ជាដើម​៕