
ក្រុមឧទ្យានុរក្ស កំពុងដើរល្បាតព្រៃ កាលពីពេលកន្លងមក។ Wildlife Alliance Cambodia
ភ្នំពេញៈ អាស៊ីអាគ្នេយ៍ ក្នុងនោះរួមទាំងកម្ពុជាផងដែរ គឺជាតំបន់ចំណុចកណ្ដាលនៃការកើនឡើងនូវការគំរាមកំហែង និងវិបត្តិនៃការផុតពូជនូវជីវចម្រុះ និងប្រភេទសត្វកម្រជាច្រើនទៀតរបស់ពិភពលោក ហើយប្រសិនបើគ្មានក្រុមឧទ្យានុរក្សទេ នោះក៏គ្មានសង្ឃឹមថា ជីវចម្រុះដែលកំពុងតែរងគ្រោះថ្នាក់ និងគំរាមកំហែងទាំងនេះ នឹងអាចគេចផុតពីការផុតពូជនោះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។
អង្គការនេះបន្តថា នៅក្នុងប្រទេស កម្ពុជា ក្រុមឧទ្យានុរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំនួន ១១០ នាក់ ដែលជាមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានកងរាជអាវុធហត្ថ និងមន្ត្រីរបស់អង្គការកំពុងបំពេញការងារមិនគិតពីការហត់នឿយស្ថិតនៅបន្ទាត់ជួរមុខ ដោយប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតជារៀងរាល់ថ្ងៃ ដើម្បីប្រមូលយកអន្ទាក់សម្លាប់សត្វព្រៃខុសច្បាប់ ការចុះឃាត់អ្នកកាប់បំផ្លាញព្រៃឈើ ដែលកំពុងបំផ្លាញដល់ជីវិតសត្វព្រៃ និងជម្រករបស់សត្វ និងការបញ្ឈប់ការទន្ទ្រានយកដីខុសច្បាប់ស្ថិតក្នុងដែនជម្រកសត្វព្រៃតំបន់ជួរភ្នំក្រវាញដែលចាប់ពីឆ្នាំ ២០១០ មានការធ្លាក់ចុះចំនួន ៧៥០%។
អង្គការនេះព្រមានថា៖ «ប្រសិនបើគ្មានវីរជនឧទ្យានុរក្សទាំងនេះទេ ទេសភាពព្រៃទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ព្រៃដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ នឹងអាចក្លាយជាឧទ្យានដែលមានតែនៅលើក្រដាស ដូចទៅនឹងតំបន់ការពារភាគច្រើនទៀតនៅក្នុងតំបន់។ ក្រុមឧទ្យានុរក្សរបស់យើង កំពុងចេញការពារដោយផ្ទាល់នូវជីវចម្រុះដែលរងការគំរាមកំហែង ៥៥ ប្រភេទលើផ្ទៃដីព្រៃប្រហែល ៤ សែនហិកតា»។
ការលើកឡើងរបស់អង្គការ Wildlife Alliance នេះ ធ្វើឡើងខណៈមានការប្រារព្ធទិវាឧទ្យានុរក្សពិភពលោក (World Ranger Day) ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ ដែលត្រូវបានគេប្រារព្ធឡើងដើម្បីរំឭក និងទទួលស្គាល់ស្នាដៃ និងការបំពេញការងារ របស់ក្រុមឧទ្យានុរក្ស នៅជុំវិញពិភពលោក ដែលពួកគេបានលះបង់ជីវិតការពារធនធានធម្មជាតិ ដោយខ្លះបានប្រឈមនឹងការស្លាប់ និងរងរបួស។
យោងតាមតាមអង្គការអភិរក្សធនធានធម្មជាតិ (IUCN) បានចុះផ្សាយកាលពីថ្ងៃពុធថា ក្នុងឆ្នាំ ២០១៩ នេះ ឧទ្យានុរក្សចំនួន ១៤៩ នាក់ នៅជុំវិញពិភពលោក បានបាត់បង់ជីវិត ដោយសារតែពួកគេមួយចំនួន កំពុងប្រឈមនឹងលក្ខខណ្ឌដ៏គ្រោះថ្នាក់ ដូចជាគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ ជំងឺផ្សេងៗសត្វកាចសាហាវ និងកត្តាគ្រោះថ្នាក់ជាច្រើន ដោយពួកគេបានយកជីវិតទៅប្រថុយជារៀងរាល់ថ្ងៃនៅតំបន់ជួរមុខ ក្នុងការអភិរក្សធនធានធម្មជាតិ។
មន្ត្រីក្រសួងបរិស្ថានធ្លាប់បញ្ជាក់ថា កម្ពុជាមានផ្ទៃដីដើម្បីការពារធម្មជាតិ ឧទ្យានជាតិចំនួន ៧ លាន ៥ សែនហិកតា ស្មើនឹង ៤១% នៃផ្ទៃដីសរុប និងមានមន្ត្រីឧទ្យានុរក្សកំពុងចុះល្បាតការពារតំបន់ទាំងនោះមានចំនួន ១២២០ នាក់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា កម្ពុជាចាប់ផ្ដើមមានមន្ត្រីឧទ្យានុរក្សតាំងពីឆ្នាំ ១៩៩៣ ហើយកម្ពុជាចាប់ផ្ដើមប្រារព្វទិវាឧទ្យានុរក្សពិភពលោក គឺចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីទិវានេះត្រូវបានគេប្រារព្ធឡើងដំបូងកាលពីឆ្នាំ ២០០៧។
លោកបន្តថា កម្ពុជាប្រារព្ធទិវានេះ ដើម្បីផ្ដល់គុណតម្លៃ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្ត្រី និងជំរុញលើកទឹកចិត្តសាធារណជនចូលរួមជាមួយមន្ត្រីឧទ្យានុរក្សដើម្បីការពារ និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។
លោកថា៖ «សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ ២០១៧ ដោយមានការចូលរួមពីបណ្ដាស្ថាប័នពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិ និងស្ថាប័ន សិស្សានុសិស្ស សហគមន៍មូលដ្ឋានសាធារណជន និងស្ថាប័នឯកជននានាយ៉ាងច្រើន»។
កាលពីចុងខែមករាឆ្នាំមុន អ្នកចុះល្បាតព្រៃចំនួន ៣ នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងមន្ត្រីអង្គការ WCS ត្រូវបានមន្ត្រីប៉ូលីស និងមន្ត្រីយោធាការពារព្រំដែន ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីបាញ់សម្លាប់ ខណៈពួកគេកំពុងចុះបំពេញការងារដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ។
អង្គការ Wildlife Alliance បញ្ជាក់ថា ក្រុមអនុរក្សតែងស្នាក់នៅឆ្ងាយពីគ្រួសារ និងដេកនៅក្នុងព្រៃដើម្បីការពារធនធានធម្មជាតិ និងបានអំពាវនាវឱ្យមានបរិច្ចាគជាថវិកាដើម្បីជួយទៅដល់ជីវភាពរបស់ក្រុមអនុរក្ស និងគ្រួសាររបស់ពួកគេ ដែលការបរិច្ចាគនេះ គឺការមិនទុកឱ្យក្រុមអនុរក្សទាំងនោះត្រូវចេញប្រយុទ្ធការពារព្រៃឈើ និងសត្វព្រៃតែឯង និងដើម្បីធានាថា ព្រៃទឹកភ្លៀងជួរភ្នំក្រវាញ នឹងនៅតែជាឋានសួគ៌ដ៏មានសុវត្ថិភាពសម្រាប់សត្វដំរី ពង្រូល ខ្លាពពក និងជីវចម្រុះជាច្រើនផ្សេងទៀត៕