The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​មួយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បិទ​ច្រក​ផ្លូវ​ បន្ទាប់ពី​សង្ស័យ​មានការ​ដឹកឈើ​ឆ្លងកាត់




អង្គការ​មួយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បិទ​ច្រក​ផ្លូវ​ បន្ទាប់ពី​សង្ស័យ​មានការ​ដឹកឈើ​ឆ្លងកាត់

Content image - Phnom Penh Post
លោក ជា ហ៊ាន ប្រធាន​អង្គការ ACNCIPO កាលពី​ពេល​កន្លងមក​។ រូបថត ហ្វេសប៊ុក

អង្គការ​មួយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បិទ​ច្រក​ផ្លូវ​ បន្ទាប់ពី​សង្ស័យ​មានការ​ដឹកឈើ​ឆ្លងកាត់

កំពង់ស្ពឺ: ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិពលរដ្ឋ​ (ACNCIPO) ​លោក ជា ហ៊ាន ​បាន​ស្នើឲ្យ​ក្រុមហ៊ុន​អេចអិលអេច​សហការ​បិទច្រក​ផ្លូវ​ដែល​ក្រុម​ជនល្មើស​តែង​ដឹកឈើ​ខុសច្បាប់​តាម​រថយន្ត និង​គោយន្ត​កាត់​ទីតាំង​ក្រុមហ៊ុន ប៉ុន្ដែ​ភាគី​ក្រុមហ៊ុន មិន​ពាក់ព័ន្ធ​នឹង​​បទល្មើស​នេះ​ទេ​។

តាម​លិខិត​របស់​លោក​ ជា ហ៊ាន ​ដែល​ដាក់ជូន​ក្រុមហ៊ុន​អេចអិលអេច​ចុះ​ថ្ងៃទី​ ៧ ខែ​មេសា បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំនេះ​មន្ត្រី​អង្គការ​ ACNCIPO ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​មូលដ្ឋាន​ ១ ​ច្បាប់​អំពី​​សកម្មភាព​ការដឹកជញ្ជូន​ឈើដុល និង​ឈើ​អារ​តាម​រថយន្ត និង​គោយន្ត​កាត់​​តាម​ច្រក​ផ្លូវ​ក្រុមហ៊ុន​ដោយ​បង់លុយ​ឲ្យ​សន្ដិសុខ​យាម​នៅខាងមុខ​ក្រុមហ៊ុន​​ចំនួន​ ៥ ​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការបើកផ្លូវ​។

លិខិត​បន្តថា បន្ទាប់មក​មន្ត្រី​អង្គការ​បាន​ធ្វើ​ដំណើរ​ចុះទៅ​តាម​បឹងថ្លុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដើម្បី​ស៊ើបសង្កេត​បទល្មើស​ព្រៃឈើ​ដល់​ចំណុច​កោះ​ក្របៅ​ក៏​បាន​ជួប​គោយន្ត​ដឹកឈើ​ចេញពី​បឹងថ្លុង​នោះ​មែន ដោយ​ឆ្លងកាត់​តាម​ច្រក​អូរត្រាវ និង​មួយផ្នែក​​ទៀត​ដឹក​ចេញពី​ច្រក​សំរោង​តាម​ច្រក​ក្រុមហ៊ុន​អេចអិលអេច​នេះ​។

លិខិត​បន្ថែមថា មន្ត្រី​អង្គការ​បាន​​សួរ​ក្រុម​អ្នកដឹកឈើ​ទាំងនោះ​ដោយ​ពួកគេ​បាន​អះអាងថា រាល់​លើក​ពួកគេ​បាន​ដឹក​ចេញ​តាម​ច្រក​ផ្លូវ​ក្រុមហ៊ុន​អេចអិលអេច​ដោយ​បង់លុយ​ឲ្យ​សន្ដិសុខ​យាម​មុខ​ក្រុមហ៊ុន​ចំនួន​ ៥ ​ម៉ឺន​រៀល ប៉ុន្ដែ​ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទេ​។

បន្ថែម​ពីនេះ​លោក​ ជា ហ៊ាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា​លោក​ពិតជា​បាន​ដាក់​លិខិត​មួយ​ទៅ​ក្រុមហ៊ុន​អេចអិលអេច​មែន​កាលពី​ថ្ងៃទី​ ៧ ខែមេសា​ដើម្បី​សុំ​កិច្ចសហការ​​ជាមួយ​អង្គការ​លោក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​បិទ​ច្រក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​នេះ​។

ក៏ប៉ុន្តែ​លោក​អះអាង​ថា បន្ទាប់ពី​ដាក់​លិខិត​នេះ​រួច​លោក​មិនទាន់​បាន​ទទួល​ដំណឹង​ពី​ភាគី​ក្រុមហ៊ុន​នៅឡើយ​ទេ ប៉ុន្ដែ​ផ្ទុយទៅវិញ​មន្ត្រី​ក្រុមហ៊ុន​បែរជា​គំរាម​ចង់​ប្ដឹង​លោក​ឡើង​ទៅ​តុលាការ​ទៅវិញ​។ លោក​មាន​ការសោកស្ដោយ បន្ទាប់ពី​ក្រុម​សន្ដិសុខ​ក្រុមហ៊ុន​​បាន​ឃាត់​រថយន្ត និង​ឃាត់ខ្លួន​លោក​ជិត​ ១ ​ម៉ោង​មិន​ឲ្យ​ចេញពី​ក្រុមហ៊ុន​កាលពី​ព្រឹក​ថ្ងៃទី​ ៦ ខែមេសា ក្រោយពី​លោក និង​ក្រុមការងារ​ជិះ​រថយន្ត​​ឆ្លងកាត់​ច្រក​ដឹកជញ្ជូន​ឈើ​នេះ​ដើម្បី​ស៊ើបអង្កេត​រក​បទល្មើស​ជាក់ស្ដែង​។

លោក​ ជា ហ៊ាន បញ្ជាក់ថា​៖​ «​ខ្ញុំ​សង្ឃឹម​​ថា ភាគី​ក្រុមហ៊ុន​អេចអិលអេច​នឹង​សហការ​ជាមួយ​អង្គការ​របស់ខ្ញុំ​ក៏​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​បិទ​​ច្រក​ដែល​ជា​ផ្លូវ​តែមួយគត់ សម្រាប់​ការដឹកជញ្ជូន​ឈើ​ចេញពី​ភ្នំក្រវាញ​ឆ្លងកាត់​ច្រក​ក្រុមហ៊ុន​នេះ​មក​ភ្នំ​ឱរ៉ាល់​​ដើម្បី​ចូលរួមចំណែក​អភិរក្ស​ព្រៃឈើ​​យើង​ឡើងវិញ​។ ក្រុមហ៊ុន​គាត់​មិន​ពាក់ព័ន្ធ​បទល្មើស​ទេ តែ​គាត់​បើក​ច្រក​​ឲ្យ​ដឹកជញ្ជូន​ឈើ​កាត់​ក្រុមហ៊ុន​គាត់​»​។

លោក​ សេង ល័យ ប្រធាន​គ្រប់គ្រង​​ច្រកចេញចូល​របស់​ក្រុមហ៊ុន​អេចអិលអេច​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ទទួល​លិខិត​របស់​លោក ជាហ៊ាន នោះ​ហើយ និង​ពិនិត្យឃើញ​ថា លិខិត​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទេ ដែល​ថា​សន្ដិសុខ​ក្រុមហ៊ុន​ទទួល​លុយ​ ៥ ​ម៉ឺន​រៀល​ពី​ជនល្មើស​ដឹកឈើ​ខុសច្បាប់​នោះ​។

លោក​បន្តថា ក្រុមហ៊ុន​លោក​មាន​វិន័យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការចេញ​ ឬ​ចូល​ក្រុមហ៊ុន​ដោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​​មិន​អនុញ្ញាត​ឲ្យ​ក្រុម​សន្ដិសុខ​ក្រុមហ៊ុន​ទារលុយ​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​​ផ្លូវ​ក្រុមហ៊ុន​ទេ ប៉ុន្ដែ​លោក​ក៏​មិន​បានឃើញ​ករណី​មាន​គោយន្ត​ដឹកឈើ​ឆ្លងកាត់​ទីនេះ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ពួកខ្ញុំ​នេះ មិនដែល​ទារលុយ​ពី​អ្នកដំណើរ​ទេ ទោះ​ដឹកជញ្ជូន​អ្វី​ក៏ដោយ ហើយ​ខ្ញុំ​ក៏​មិនដែល​ឃើញ​គោយន្ត​ដឹកឈើ​តាម​ច្រក​នេះដែរ ប៉ុន្ដែ​ប្រសិនបើ​មាន​ករណី​ដឹកជញ្ជូន​ឈើ​បែបនេះ​មែន ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ និង​អង្គការ​របស់​លោក​ ជា ហ៊ាន ព្រោះ​​យើង​ក៏​ចង់​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែរ​»​។

ករណី​ស្រដៀង​គ្នា​នេះដែរ​កាលពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៥ ខែ​មេសា​លោក​​ ជា ហ៊ាន បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ភ្នំ​ឱរ៉ាល់ និង​មន្ត្រី​ឧទ្យានុរក្ស​ផ្សេងៗ​ទៀត​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​បាន​រឹបអូស​ឈើ​ជាច្រើន​ម៉ែត្រគុប​៕

អត្ថបទគួរចាប់អារម្មណ៍