ភ្នំពេញៈ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​ ដែល​ហាម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ស្លាក​ប៉ាណូ​នៅ​ភូមិសាស្ត្រ​ខេត្ដ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​អះអាងថា ការអនុញ្ញាត ឬ​មិន​អនុញ្ញាត​ផ្សាយ​ស្រាបៀរ គឺជា​ការសម្រេច​របស់​អាជ្ញាធរ​មូលដ្ឋាន​។

កាលពី​ថ្មីៗ​នេះ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់​ក្នុង​នោះ​ក៏បាន​ទុកពេល​ ១ ​សប្តាហ៍​ ឱ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ខេត្ត​រុះរើ​ចេញ​ជាបន្ទាន់​នូវ​ស្លាក​ប៉ាណូ​ដែល​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​នៅតាម​ទីសាធារណៈ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ជាពិសេស​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ និង​រក្សាបាន​សោភណភាព​ក្នុង​ខេត្ត​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​គាំទ្រ​ការហាម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​របស់​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា ចុះ​ថ្ងៃទី ២៤ ឧសភា​នេះ ចាត់ទុក​ចំណាត់ការ​របស់​ខេត្តកំពង់ស្ពឺ​នេះ ថា​ជា​ការចាប់ផ្ដើម​ដ៏ល្អ​មួយ​ក្នុង​ការកាត់បន្ថយ​ការជួបជុំ ដែល​ផ្ទុយ​នឹង​វិធានការ​ ៣ កុំ ៣ ការពារ របស់​រាជរដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

អង្គការ​នេះ​បាន​លើកឡើង​ទៀតថា ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជំរុញ និង​ទាក់ទាញ​ឱ្យមាន​អ្នកប្រើប្រាស់​​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន​។ ​ដូច្នេះ​ដើម្បីឱ្យ​វិធានការ​នេះ​មាន​និរន្តរភាព និង​ប្រសិទ្ធភាព កម្ពុជា​គួរ​មានច្បាប់​​ ឬ​លិខិត​គតិយុត្តិ​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។

អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​ការហាមឃាត់​មិនឱ្យ​ផ្សាយពាណិជ្ជកម្ម​តាមរយៈ​ស្លាក​សញ្ញា​មិន​គ្រប់គ្រាន់​សម្រាប់​បង្ការ​ពលរដ្ឋ​ពី​ការអូសទាញ​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទេ ព្រោះ​ពលរដ្ឋ​នៅតែ​រង​ឥទ្ធិពល​នៃ​ការផ្សាយ​​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​មធ្យោបាយ​ផ្សេងទៀត​ដូចជា ទូរទស្សន៍ វិទ្យុ​សារព័ត៌មាន បណ្ដាញ​សង្គម​»​។

បើតាម​អង្គការ​នេះ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ អំពើហិង្សា​គ្រប់​ប្រភេទ ភាពក្រីក្រ និង​បង្កឱ្យមាន​ជំងឺ​ជាង​ ២០០ ​មុខ​។ ក្រៅពី​នោះបាន​បង្ក​ការគំរាមកំហែង​ដល់​សុខភាព​របស់​ប្រជាជន និង​ទាមទារ​ឱ្យមាន​ការឆ្លើយតប​ពី​រាជរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​។

កាលពី​ថ្ងៃទី​ ២០ ខែឧសភា លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ខេត្ត ហើយ​បាន​ដាក់ចេញ​វិធានការ​នេះ ដោយ​ចាត់​អភិបាលរង​ខេត្ត​ម្នាក់​ ដើម្បី​ដឹកនាំ​អនុវត្ត​បទបញ្ជា​ថ្មី​ក្នុង​ការហាម​ផ្សាយ​​ពាណិជ្ជកម្ម​ស្រាបៀរ​តាម​ស្លាក​ប៉ាណូ​។

ជាមួយ​គ្នា​នេះ លោក វ៉ី សំណាង បាន​ព្រមាន​ថា បើ​ផុតកំណត់​ ១ ​សប្តាហ៍​​ គ្រប់​ម្ចាស់​អាជីវកម្ម​ ឬ​ក្រុមហ៊ុន​ចែកចាយ​ស្រាបៀរ​ពុំទាន់​បាន​រុះរើ នោះ​រដ្ឋបាលខេត្ត​នឹង​ចាត់​នីតិវិធី​រដ្ឋបាល​រុះរើ​ដោយ​បន្ទុក​ចំណាយ និង​រាល់​ការខូចខាត គឺ​ម្ចាស់​អាជីវកម្ម​ជា​អ្នក​ទទួលខុសត្រូវ​។

លោក​អភិបាលខេត្ត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្តេចព្រះសង្ឃរាជ ជួន ណាត ជា​អ្នក​ដើមកំណើត​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​ចាត់ជា​អ្នកប្រាជ្ញ​ដែល​បាន​ចងក្រង​ស្នាដៃ​និពន្ធ​ជាច្រើន​រួមទាំង​វចនានុក្រម​ខ្មែរ​សម្រាប់​កូនចៅ​គ្រប់​ជំនាន់​ក្រោយៗ​ប្រើប្រាស់ ហើយ​ព្រះអង្គ​ជា​កូន​កសិករ​រស់នៅ​ខេត្តកំពង់ស្ពឺ​រហូត​រៀង​មក​។

លោក​ថា​៖ «​អ្នក​ខេត្តកំពង់ស្ពឺ គឺ​មិនមែន​ជា​អ្នក​ដែល​ខ្ជិលច្រអូស ដូច​ពាក្យ​គេ​តែង​និយាយ​បង្អាប់​ថា​ (​អ្នក​​កំប៊ុងប៊ឺ រលាក់​កងជើង​) ​ដូច​មុន​ទៀត​ទេ មួយវិញទៀត ក៏​មិនមែន​ជា​អ្នកផឹកស៊ី​អួទីនួ​នោះដែរ​។ ការទទួល​ទាន​ស្រា​គ្រឿង​ស្រវឹង ឬ​ទឹក​ប្តូរ​និស្ស័យ គឺ​ធ្វើឱ្យ​មនុស្ស​ប្រែ​អត្តចរិត ប្រែ​និស្ស័យ នាំឱ្យមាន​ហិង្សា​ក្នុង​គ្រួសារ និង​នាំឱ្យមាន​ការជួបជុំ​ដែល​ប៉ះពាល់​ដល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩»​។

យ៉ាងណា លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​​ ទំនិញ​ស្រាបៀរ ភេសជ្ជៈ​គ្រឿង​ស្រវឹង​គឺ​នៅ​មិនទាន់​ចាត់​ចូល​ជា​ទំនិញ​ហាមឃាត់​ទេ គឺ​ផ្ទុយ​ពី​បារី​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​មិនឱ្យ​ផ្សាយពាណិជ្ជកម្ម​។

ក៏ប៉ុន្តែ​លោក​បាន​អះអាងថា ចំពោះ​ការអនុញ្ញាត​ ឬ​មិន​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ស្លាក​ប៉ាណូ​ស្រាបៀរ គ្រឿងស្រវឹង​គឺជា​ការសម្រេច​របស់​អាជ្ញាធរ​មូលដ្ឋាន ដោយ​សំអាង​លើ​មូលហេតុ​សមស្រប ព្រោះ​ថា​កម្ពុជា​ក៏​មិនទាន់​មានច្បាប់​ផ្លូវការ​ក្នុង​ការហាមឃាត់ ឬ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នោះដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​​បានដឹង​បំណង​របស់​អាជ្ញាធរ​ដែនដី​​លោក​ធ្វើ​ក្នុងការ​រុះរើ​បដា​ស្អីៗ​នេះ​ ដើម្បី​ការរៀបចំ​សោភណភាព​ទីក្រុង​ ឬ​ក៏​បំណង​របស់លោក​មិន​ចង់ឱ្យ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​? ​ដូច្នេះ​យើង​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​។ ចំពោះ​ការរៀបចំ​សោភណភាព​ទីក្រុង​​ចំពោះ​ការផ្សព្វផ្សាយ​តាម​ប៉ាណូ​នេះ គឺ​អាជ្ញាធរ​ដែនដី លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការរៀបចំ​នេះ​»​។

លោក យាន សៅលិញ ពលរដ្ឋ​ម្នាក់​​រស់នៅក្នុង​ស្រុក​គងពិសី​ដែល​បាន​​ស្ម័គ្រចិត្ត​ចូលរួម​ការរុះរើ​ស្លាក​ប៉ាណូ​ផ្សាយ​គ្រឿង​ស្រវឹង​ចេញពី​មុខផ្ទះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពីម្សិលមិញ​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ម្នាក់ លោក​ពិតជា​សប្បាយចិត្ត​ដែល​ថ្នាក់ដឹកនាំ​ដាក់ចេញ​វិធានការ​នេះ​។

លោក​ថា​៖ «​មួយរយៈ​នេះ ប្រទេស​​យើង ដូចជា​យក​រូបភាព​ស្រាបៀរ​យកមក​ធ្វើជា​បង្គោល​អ៊ីចឹង​។ ​សម្រាប់​​មនុស្ស​ម្នាក់ៗ អ្នកណា​ក៏​ចេះ​ហូប​ស្រា​ដែរ ប៉ុន្តែ​បើ​យើង​យក​វា​មក​តាំង​ជា​ធំ​​អ៊ីចឹង​មើលទៅ មិនល្អ​មើល​ទេ​»​។

បើតាម​លោក យាន សៅលិញ បន្ទាប់ពី​រដ្ឋបាលខេត្ត​ប្រកាស​ជា​បន្តបន្ទាប់​មក មាន​ពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​​រុះរើ​ស្លាក​ប៉ាណូ​ស្រាបៀរ​ទាំងនេះ​។ ​លោក​​រំពឹងថា ខេត្ត​នានា​នឹង​អនុវត្តតាម​ដោយ​ដាក់ជំនួស​មកវិញ​នូវ​រូប​សញ្ញា​តំណាង​ខេត្ត តំណាង​វប្បធម៌ ឬ​បង្ហាញ​​ពី​គុណ​តម្លៃ​ផ្សេងៗ​របស់​ប្រទេស​៕