កំពង់ចាមៈ អង្គការ​យូណេស្កូ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា បាន​សម្ភោធ​​សម្ភារ​សម្រាប់គ្រូ​​បង្រៀន និង​ការ​សិក្សា​​គណិត​វិទ្យា​​​ថ្នាក់​ដំបូង នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​គ្រូ ក្នុង​ខេត្ត​កំពង់​ចាម។

កញ្ចប់​សម្ភារ​ទាំង​នោះ​រួម​មាន​សៀវភៅ​ណែ​នាំ​សម្រាប់​គ្រូ សៀវភៅ​លំហាត់ សៀវភៅ​គាំទ្រ​ដល់​សិស្ស សម្ភារ​បន្ថែម​សម្រាប់​គ្រូ​បង្រៀន​ និង​សម្រាប់​សិស្ស​រៀន ព្រម​ទាំង​ឃ្លីប​វីដេអូ​ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ធន​ធាន​បន្ថែម​ដល់​ការ​សិក្សា។ សម្ភារ​ទាំង​នេះ​គឺ​ជា​សមិទ្ធផល​នៃ​កម្មវិធី​ពង្រឹង​ការ​អប់រំ​គ្រូ​នៅកម្ពុជា ហៅកាត់​ថា STEPCam របស់​អង្គការ​យូណេស្កូ។

បើ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ កម្មវិធី STEPCam បាន​ចាប់​ផ្ដើម​អនុវត្ត​តាំង​ពី​ឆ្នាំ ២០១៨ ដើម្បី​ពង្រឹង​មូលដ្ឋាន​​គុណភាព​នៃ​ការ​អប់រំ តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្រៀន​ដែល​បង្រៀន​ថ្នាក់​ដំបូង ក្នុង​ផ្នែក​អនក្ខរកម្ម​ខ្មែរ និង​គណិត​វិទ្យា។

យូណេស្កូ​បញ្ជាក់ថា សម្ភារសម្រាប់គ្រូ និង​សម្រាប់​សិស្ស​ទាំង​អស់ ត្រូវ​បាន​ផលិត​ឡើង​​ឆ្លង​កាត់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​ច្រើន​លើក ដែល​នាយកដ្ឋាន​បឋម​សិក្សា​​នៃ​ក្រសួង​អប់រំ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ លោក​គ្រូ​អ្នក​គ្រូ​​ដែល​បង្រៀន​ថ្នាក់​ទី​១ និង​ទី២ ក៏​ជា​អ្នក​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សិក្ខាសាលា​ទាំង​នោះ ដោយ​បាន​ផ្ដល់នូវ​មតិ​ត្រឡប់​ដើម្បីធ្វើ​ឲ្យ​សម្ភារ​សម្រាប់​បង្រៀន​និងសម្រាប់​សិស្ស​រៀន​មាន​ភាព​ទាក់​ទាញ​សម្រាប់​អ្នក​ប្រើ​ប្រាស់ និងអាស្រ័យ​ទៅ​តាមប្រធានបទ។

ការសម្ពោធ​សម្ភារទាំង​នោះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ណាត ប៊ុនរឿន រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​លោក Sardar Umar Alam តំណាង​​អង្គការ​យូណេស្កូ ប្រចាំ​ប្រទេស​កម្ពុជា។

លោក ណាត ប៊ុនរឿន បាន​ថ្លែង​ក្នុង​ពិធី​សម្ភោធ​ថា ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អាន​ ​ការ​សិក្សា​គណិត​វិទ្យា​ ​និង​ការ​គាំទ្រ​ដល់​គ្រូ​តាម​រយៈ​ការ​ចុះ​ណែនាំផ្ទាល់ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​​ការ​សិក្សា​នៅថ្នាក់​ដំបូង។

ចំណែក​លោក Sardar Umar Alam ក៏​បាន​ថ្លែង​ដែរ​ថា មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​ការ​សិក្សា​គណិត​វិទ្យា​នៅថ្នាក់​ដំបូង ពិត​ជា​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ជួយ​ឲ្យ​សិស្ស​ក្មេងៗ​ទទួល​ជោគ​ជ័យ​នៅ​ថ្នាក់​បន្ទាប់ៗទៀត ហើយ​គ្រូ​បង្រៀន​គឺ​ជា​កត្តា​ជំរុញ​សម្រាប់​ការ​ផ្ទេរ​ចំណេះ​ដឹងទាំង​នេះ។

បើ​តាម​យូណេស្កូ ពិធី​សម្ពោធ​នេះ​ក៏​ជា​ការ​ប្រកាស​ចាប់​ផ្ដើម​ការ​សាក​ល្បង​សម្ភារ​សិក្សា​គណិត​វិទ្យា​សម្រាប់​ថ្នាក់​ទី២ នៅ​ឆ្នាំ ២០២១ ដែល​ការ​សាក​ល្បង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប។ បន្ទាប់​ពី​ការ​សាក​ល្បង​នេះ នឹង​មាន​ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​គ្រូ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ផ្សា​ភ្ជាប់​​សម្ភារ​ទាំង​នេះ​ទៅ​នឹង​ការ​បង្រៀន និង​ការ​សិក្សា​ប្រចាំ​ថ្ងៃ។

យូណេស្កូ​បញ្ជាក់​ដូច្នេះ​ថា៖ «ចាប់​តាំង​ពីបើក​ដំណើរ​ការ​ដំបូង កម្មវិធី STEPCam បាន​បំពាក់​ឧបករណ៍ និង​ធន​ធាន​ថ្មី​ដល់​គ្រូ​ថ្នាក់​ដំបូង​ចំនួន ២​ ៨០០ ​នាក់ អំពី​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ដល់​លទ្ធផល​នៃ​ការ​អាន​ និង​ការ​សិក្សា​គណិត​វិទ្យា​សម្រាប់​ថ្នាក់​ទី​១ និង​ទី២»។

ក្នុង​យុគ​សម័យ​ឌីជីថល គណិត​វិទ្យា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​នវានុវត្តន៍ (គំនិត​ច្នៃ​បង្កើត​ថ្មី) និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​​និរន្តរភាព។ ប្រទេស​កម្ពុជា ​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កោត​សរសើ​ក្នុង​ការ​សម្រេច​គោល​ដៅ​អប់រំ។ ទោះ​យ៉ាង​ណា សិស្ស​នៅ​តែបន្ត​តស៊ូ​ ដើម្បី​សម្រេច​បាន​នូវ​កម្រិត​គុណភាព​គណិត​វិទ្យា​មួយ​ដែល​អាច​ទទួល​យក​បាន នៅ​ថ្នាក់​ដំបូង។ នេះ​បើ​តាម​យូនេស្កូ។

លោក រស់ សុវាចារ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​ស្នើ​ឲ្យ​យក​ព័ត៌មាន​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ៕