ភ្នំពេញៈ អង្គការ​យូណេស្កូ ប្រកាស​ធ្វើ​យុទ្ធនាការ​បែប​សិល្បៈ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ការរើសអើង​ជនបរទេស ការមាក់ងាយ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បន្ទាប់ពី​បាន​ដំណើរការ​សាកល្បង​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ​រយៈពេល ២ ​ខែ​រួចមក​។

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ ដោយ​មាន​មន្ត្រី យុវជន និង​អ្នកសារព័ត៌មាន​ជាច្រើនរូប ដើម្បី​ចូលរួម​គូស​រូប​ចេញ​ពី​បេះដូង​របស់​ពួកគេ ដោយ​ដីស​បង្ហាញ​នៅលើ​ផ្ទាំង​ពណ៌​ខ្មៅ ក្នុង​ន័យ​រួមគ្នា​ទប់ស្កាត់​ការរើសអើង និង​ការភ័យខ្លាច​អ្នកមាន​ជំងឺ​កូវីដ​ ១៩​។

យូណេស្កូ ឱ្យដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា យុទ្ធនាការ​នេះ​គឺ​នឹង​ធ្វើឡើង​ដោយ​ប្រើប្រាស់​សិល្បៈ​មួយ​ដែល​ប្រើ​ដីស​គូស​ជា​គំនូរ​បង្កប់​នូវ​អត្ថន័យ​ដ៏ធំធេង ឬ​ប្រើប្រាស់​ជា​រូប​ផ្កា​រីក​ពាក្យ​ខ្លីៗ​មានន័យ​មួយចំនួន​ទាំង​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​រូប​សញ្ញា​ផ្សេងៗ​។

យូណេស្កូ​បន្ត​ថា​៖ «​ពាក្យពេចន៍​ដែល​ប្រើ​នេះ​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​ពី​ការប្រឈម​ដែល​កំពុង​កើតមាន​ក្នុងអំឡុង​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ពាក្យពេចន៍​វិជ្ជមាន និង​លើក​ទឹកចិត្ត​មួយចំនួន​ពី​ប្រធានបទ​នៃ​យុទ្ធនាការ បើក​បេះដូង​អ្នក​»​។

កញ្ញា វន មករា មន្ត្រី​កម្មវិធី​ផ្នែក​សារគមនាគមន៍ និង​ព័ត៌មាន​នៃ​អង្គការ​យូណេស្កូ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា អង្គការ​យូណេស្កូ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​សាកល្បង​បែប​សិល្បៈ​នេះ​អស់​រយៈពេល​ ២ ​ខែ​មក​ហើយ ដោយ​សង្កេត​ឃើញ​ថា មាន​ក្រុម​មនុស្ស អង្គការ ស្ថាប័ន​មួយចំនួន​បាន​ស្ម័គ្រចិត្ត​នៅក្នុង​ការចូលរួម​សហការ​ដើម្បី​ផ្សព្វផ្សាយ​ពី​ការសន្ទនា​បែប​អន្តរវប្បធម៌ ការយោគយល់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក​នេះ​។

យុទ្ធនាការ​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​ការយោគយល់​គ្នា​ទៅវិញ​ទៅមក ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ជាមួយ​នឹង​ការរើសអើង និង​ការខ្លាច​ជនបរទេស​ដែលមាន​ជំងឺ​កូវីដ​ ១៩ និង​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឱ្យ​ជំងឺ​នេះ​កាន់តែ​រីករាលដាល​បន្តទៀត​នៅ​ទូទាំង​សកលលោក និង​ប្រទេស​កម្ពុជា​។

កញ្ញា មករា ​ថា​៖ «​ធម្មជាតិ​របស់​ដីស​គឺ​ងាយ​នឹង​រលុប​ដូច្នេះ​យើង​សង្ឃឹមថា ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សង្គម ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​១៩​នឹង​រសាត់​បាត់ទៅ​នៅ​ចុងបញ្ចប់​នៃ​រដូវវស្សា​នេះ​»​។

បើតាម​អង្គការ​យូណេស្កូ​យុទ្ធនាការ​នេះ​ទទួល​បាន​ការសហការ​ពី​បណ្តា​ហាង​ល្បីៗ​មួយ​ចំនួន​ដូចជា ហាង​កាហ្វេ​ប្រោន អគារ​រ៉េនទ្រី​កម្ពុជា ហាង Farm to Table និង​ហាង​កាហ្វេ Dutch&Bean ក្នុងការ​ផ្តល់នូវ​ទីតាំង ដើម្បី​ដាក់​បង្ហាញ​នូវ​រូបគំនូរ​ដីស និង​ការ​គូររូប​លើ​ជញ្ជាំង​របស់​ហាង​កាហ្វេ​ប្រោន សាខា Roastery ដែល​ស្ថិត​នៅ​លើផ្លូវ​ ៥៧ និង​ខណ្ឌ​ទួលគោក​។

លោក លីវ ឈួង ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ​ប្រោន បាន​និយាយថា ហាង​កាហ្វេ​ប្រោន តែងតែ​ផ្តល់​ការគាំទ្រ​ស្មារតី​របស់​សហគមន៍​នៅ​គ្រប់​កាលៈទេសៈ ព្រោះ​លោក​យល់​ថា សហគមន៍​គឺជា​កន្លែង​របស់​យើង​គ្រប់គ្នា ដោយ​មិន​ប្រកាន់​ពី​ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​សូម្បីតែ​ភេទ​នោះឡើយ​។ «​ក្នុងពេល​ដ៏លំបាក​នេះ​ការជួយ​គាំទ្រ​ទៅដល់​ស្មារតី​របស់​សហគមន៍ គឺ​កាន់តែ​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ជាមួយ​គ្នា​មិនមែន​ជា​ការប្រយុទ្ធ ឬ​រើសអើង​បុគ្គល​ជាមួយ​នឹង​សហគមន៍​នោះឡើយ​។ ដូច្នេះ​យើង​ពិតជា​គាំទ្រ​យុទ្ធនាការ “​បើក​បេះដូង​អ្នក​” ដើម្បី​ចែករំលែក ក្តី​ស្រឡាញ់ ទៅកាន់​សហគមន៍​របស់​យើង​»​។

តាមរយៈ​យុទ្ធនាការ​អង្គការ​យូណេស្កូ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាង ៦២៦ ៧២៨ ​នាក់​ បានដឹង​ពី​របៀប​នៅក្នុង​ការស្វែងរក និង​ទទួលយក​ព័ត៌មាន​ពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត​បាន​នៅលើ​ប្រព័ន្ធ​អនឡាញ និង​ការប្រើប្រាស់ និង​ចែករំលែក​ព័ត៌មាន​ទាំងនោះ​បាន​ត្រឹមត្រូវ​។ គំនិត​ផ្តួចផ្តើម​ទាំងអស់​នេះ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ដ៏មាន​តម្លៃ​របស់​អង្គការ​យូណេស្កូ ដើម្បី​ពង្រឹង​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​៕