ភ្នំពេញៈ អង្គការ​សប្បុរសធម៌​របស់លោក Mark Zuckerberg និង​លោក Bill Gates មហាសេដ្ឋី​ពិភពលោក​កំពុង​ជួយ​អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​មួយក្រុម​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Business Inside ដែល​បាន​ដកស្រង់​សម្ដី​របស់លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ហ្វេសប៊ុក (NASDAQ: FB) កាលពី​ថ្ងៃ​ពុធ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក​លោក Mark Zuckerberg បាន​និយាយថា អង្គការ​សប្បុរសធម៌​របស់​គាត់​គឺ​លោកស្រី Chan Zuckerberg Initiative បាន​ជួយ​សម្រាប់​ការស្រាវជ្រាវ​មួយ​ដែល​អាចជួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ​ដោយមាន​ភាពជា​ដៃគូ​ជាមួយ​មូលនិធិ​របស់លោក បៀល ហ្គេតស៍ (Bill Gates Foundation)​។

នៅក្នុង​ការបង្ហោះ​តាម​ហ្វេសប៊ុក​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​លោក Zuckerberg បាន​រៀបរាប់​លម្អិត​អំពី​វិធានការ​ដែល​ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​ចាត់​វិធានការ ដើម្បី​ជួយ​បញ្ឈប់​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា​ (coronavirus) ដូចជា​ការផ្តល់​កន្លែង​ផ្សាយពាណិជ្ជកម្ម​ឥតគិតថ្លៃ​ដល់​អង្គការ​សុខភាព​ពិភពលោក​ (WHO) និង​ការតាមដាន​មើល​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទាក់ទង​នឹង​មេរោគ​។

លោក​បាន​បន្ថែមទៀតថា​៖ «​តាមរយៈ​ភាពជា​ដៃគូ​រវាង​មូលនិធិ​សប្បុរសធម៌​របស់​យើង និង​មូលនិធិ Bill Gates អ្នកស្រាវជ្រាវ​នៅ​កម្ពុជា​អាច​មាន​លទ្ធភាព​តម្រង់​ហ្ស៊ែន​ពេញលេញ​នៃ​វីរុស​ដែល​បង្ក​ឲ្យ​កើតមាន​ជំងឺ​កូវីដ​ ១៩ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ វា​នឹង​ធ្វើឲ្យ​មាន​ភាពកាន់តែ​ងាយស្រួល និង​លឿន​សម្រាប់​ពួកគេ ដើម្បី​កំណត់​ភាពច្បាស់លាស់ ប្រសិន​បើ​ពលរដ្ឋ​មាន​ផ្ទុកមេរោគ​នេះ​»​។

លោក Zuckerberg បានសរសេរ​ថា​៖ «​ក្រុម​នេះ​បាន​បង្កើត​ឧបករណ៍​សាធារណៈ​ថ្មី​មួយ​ឈ្មោះ IDSeq ដូច្នេះ​អ្នកវិទ្យាសាស្ត្រ​នៅ​គ្រប់​ទីកន្លែង​អាច​សិក្សា​ពី​ហ្ស៊ែន​ពេញលេញ​នៅក្នុង​បរិបទ​ទូលំទូលាយ​នៃ​ជំងឺឆ្លង​កូវីដ​ ១៩ ដែល​ត្រូវបាន​ផ្ទុក​នៅ​ជុំវិញ​ពិភពលោក​» ។

ឧបករណ៍ អាយឌីអេស (IDSeq) ​គឺជា​ឧបករណ៍​ស្វែងរក​មេរោគ​បង្ក​រោគរាតត្បាត​ដែល​ត្រូវ​បានបង្ហាញ​ជា​លើកដំបូង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោកស្រី Chan Zuckerberg នៅ​ឆ្នាំ​ ២០១៨ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​មូលនិធិ Bill Gates​។

យ៉ាងណាក៏ដោយ ភ្នំពេញ-ប៉ុស្តិ៍ មិនអាច​ស្វែងរក​ការទាក់ទង ដើម្បី​ស្នើសុំ​ការអធិប្បាយ​បន្ថែម​ពី​លោក Zuckerberg បានទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចំណែក​ខាង​ក្រុមហ៊ុន CZI ឬ មូលនិធិ Gates Foundation ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានដែរ​។

យោងតាម​អត្ថបទ​របស់ Business Inside ការបន្ត​ហ្ស៊ែន​សម្រាប់​វីរុស​កូរ៉ូណា​ថ្មី អនុញ្ញាត​ឲ្យ​អ្នកស្រាវជ្រាវ​សិក្សា​ពី​ដើមកំណើត​របស់​វា តើ​ជំងឺ​អ្វី​ផ្សេងទៀត ដែល​ទាក់ទង​នឹង​វា និង​របៀប​ដែល​វា​អាច​ត្រូវបាន​បញ្ឈប់​។

អត្ថបទ​នោះ​សរសេរ​ទៀតថា អ្នកស្រាវជ្រាវ​កម្ពុជា​ដែល​បាន​លើក​ឡើង​នៅក្នុង​អត្ថបទ​របស់លោក Zuckerberg គឺមាន​គំនិត​មិន​ងាក​ឆ្ងាយ​ពី​អ្នកវិទ្យាសាស្ត្រ​នោះទេ​ដោយបាន​ផ្ដោត​សំខាន់​ទៅលើ​ការងារ​តែ​ ១ ​គត់​នៅ​ក្នុង​ការស្រាវជ្រាវ​តម្រង់​ទៅរក​ហ្ស៊ែន​កូវីដ​ ១៩ ​ចាប់តាំងពី​លំដាប់​ទី​ ១ ​ត្រូវបាន​ផលិត​ដោយ​អ្នក​ស្រាវជ្រាវ​ចិន​នៅ​ថ្ងៃទី​ ១០ ខែមករា​។

យោងតាម​លោក Zuckerberg ក្រុមហ៊ុន​ហ្វេសប៊ុក​កំពុង​ផ្គត់ផ្គង់​ទិន្នន័យ​សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ​ដែលមាន​ជំងឺឆ្លង​។ ​«​អ្នកស្រាវជ្រាវ​កំពុង​ប្រើប្រាស់​ទិន្នន័យ​ហ្វេសប៊ុក​ដែល​ប្រមូលបាន​ពី​ប្រភព​ផ្សេងៗ និង​រួម​ទាំង​ប្រភព​អនាមិក ព្រមទាំង​ទិន្នន័យ​អំពី​ភាព​ចល័ត និង​ផែនទី​ដង់ស៊ីតេ​ប្រជាជន​ដើម្បី​យល់​កាន់តែច្បាស់​ពី​របៀប​ដែល​មេរោគ​កំពុង​រីក​រាលដាល​»​។

មិនអាច​ទាក់ទង​លោកស្រី​​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដើម្បី​សុំ​ការបញ្ជាក់​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕