ភ្នំពេញៈ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) អំពាវនាវជាថ្មីឲ្យរាជរដ្ឋាភិបាលបង្ហាញឲ្យបានពេញលេញនូវចំនួនដីសម្បទានទាំងអស់ ដែលត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន ខណៈដែលអង្គការនេះបានរកឃើញថា ដីសម្បទានទំហំជាង ២ លានហិកតានៃដីសម្បទាន ២៧២ កន្លែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។
នៅក្នុងទិន្នន័យអំពីដីសម្បទានរបស់អង្គការលីកាដូ ដែលបានចងក្រងក្នុងរយៈពេល ៥ ឆ្នាំនៃការស៊ើបអង្កេតទៅលើវិស័យដីធ្លី ហើយចេញផ្សាយជាសាធារណៈកាលពីថ្ងៃម្សិលមិញ បានរកឃើញថា ដីសម្បទានទាំងអស់នៅក្នុងប្រទេសកម្ពុជាមានចំនួន ២៧២ កន្លែង លើផ្ទៃដីទំហំដី ២.១៤១.១៤៦ ហិកតា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនក្នុងស្រុក និងបរទេស ក្នុងនោះ ក្រុមហ៊ុនរបស់កម្ពុជា ១១៣ កន្លែង វៀតណាម (សម្បទានធំៗ ) ចំនួន ៥៤ ចិន ៤០ ម៉ាឡេស៊ី ១២ ថៃ ១០ កូរ៉េខាងត្បូង ៩ សិង្ហបុរី ៧ ផ្សេងៗ ១៤ និងមិនស្គាល់ ១៣ កន្លែង។
ទិន្នន័យដដែលបន្តថា ផលពីដីសម្បទានមាន ដំណាំកៅស៊ូ ស្ករ ដើមឈើសម្រាប់ធ្វើក្រដាស ដំឡូងមី ដូងប្រេង ដំណាំផ្សេងៗ ដំណាំមិនស្គាល់មុខ និងដំណាំមិនមែនកសិឧស្សាហកម្ម។ លីកាដូ បានអំពាវនាវជាថ្មីម្តងទៀតឲ្យរាជរដ្ឋាភិបាលបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃដីសម្បទានទាំងអស់ដែលត្រូវបានផ្តល់។ «ការពិនិត្យត្រឹមត្រូវមួយអាចនឹងត្រូវបានអនុវត្តប្រសិនបើរាជរដ្ឋាភិបាលបង្ហាញឲ្យបានពេញលេញនូវការផ្តល់ដីសម្បទានរបស់ខ្លួនទាំងអស់ជាសាធារណៈ»។
លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ ថ្លែងថា ដីសម្បទានទំហំធំៗ ធ្លាប់មានប្រវត្តិប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងធនធានធម្មជាតិ និងប៉ះពាល់ដល់ការអនុវត្តគម្រោងនានាផងដែរ។ «ប្រសិនបើរាជរដ្ឋាភិបាលតាំងចិត្តធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយទៅលើវិស័យដីធ្លីនោះ ត្រូវតែប្តេជ្ញាចិត្តក្នុងការអនុវត្តការងារប្រកបដោយតម្លាភាពទៅលើការផ្តល់ដីសម្បទានរបស់រដ្ឋ»។
តំណាងប្រជាពលរដ្ឋនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន លោក ប្រាក់ ធួក បានថ្លែងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ពីសំណាក់រាជរដ្ឋាភិបាលនោះ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធ្លាក់ដុនដាបថែមទៀត។
លោកថា៖ «គេថា កាត់បន្ថយភាពក្រីក្រឲ្យពលរដ្ឋមានការងារធ្វើ តែតាមពិតរឹតតែក្រថែមទៀតព្រោះតែការបណ្តេញចេញហើយមិនបានប្រកបរបររកស៊ីឲ្យបានពេញលេញទេព្រោះខ្លាចគេរុះរើផ្ទះ»។
កាលពីឆ្នាំ ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជាមួយដោយផ្អាកនូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត និងបានប្រកាសឲ្យពិនិត្យឡើងវិញជាប្រព័ន្ធលើដីសម្បទានសេដ្ឋកិច្ចពីមុន។ ប៉ុន្តែមកទល់ពេលនេះ ក្រសួងកសិកម្ម បានចេញផ្សាយនូវបញ្ជីឈ្មោះក្រុមហ៊ុនដែលមានលក្ខណៈមិនពេញលេញ ស្របពេលដែលក្រសួងបរិស្ថាន គ្រាន់តែបង្ហាញចំនួនក្រុមហ៊ុនសរុបដែលពាក់ព័ន្ធនឹងចំនួនសរុបដីសម្បទានដែលត្រូវបានផ្តល់ ដោយមិនបានបង្ហាញទីតាំងជាក់លាក់នៃដីចំនួន ២ លានហិកតា ដែលជាដីសម្បទានសេដ្ឋកិច្ចនោះទេ។ នេះបើតាមអង្គការលីកាដូ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងនឹងបង្ហាញនូវរបាយការណ៍ជាផ្លូវការនៅពេលដែលគណៈកម្មការត្រួតពិនិត្យ វាស់វែង និងវាយតម្លៃដីធ្លីបញ្ចប់ការចុះទៅត្រួតពិនិត្យលើដីសម្បទានសេដ្ឋកិច្ចទាំងអស់។ ចំពោះដីសម្បទានសេដ្ឋកិច្ចណាដែលមិនបានអនុវត្តតាមកិច្ចសន្យា និងបង្កផលប៉ះពាល់ ក្រសួងនឹងដកហូតយកមកវិញ។
លោកថា៖ «ក្រសួងគង់តែបង្ហាញ [របាយការណ៍] ទេ នៅពេលដែលគេធ្វើការចប់សព្វគ្រប់ ប៉ុន្តែឥឡូវនេះកំពុងតែធ្វើការ អ្វីដែលកំពុងដំណើរការ បើយើងបង្ហាញទៅវាខុសដដែលហ្នឹង គេថាយើងភូតកុហកទៀត»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មិនអាចសុំការអត្ថាធិប្បាយបានទេ។
បើតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ ២០១៣-២០១៤ បង្ហាញឲ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មសរុបចំនួន ១២១ ក្រុមហ៊ុនលើផ្ទៃដីកិច្ចសន្យាចំនួន ១២៣០ ៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៧ ដែលនៅក្នុងនោះក្រុមហ៊ុនមកពីបរទេសមានចំនួន ៨២ ហើយកាន់កាប់លើផ្ទៃដីសរុបចំនួន ៦២០៩៨៧ ហិកតា៕