ភ្នំពេញៈ អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​ចំនួន​ ២ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដ៏ល្បី​មាន​ជំនាញ​ខាង​សង្កេតការណ៍​លើ​ដំណើរការ​បោះឆ្នោត​គឺ​អង្គការ Comfrel និង Nicfec បាន​ប្រកាស​ពី​ម្សិលមិញ​ថា មិន​ចូលរួម​សង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​ជាតិ​ខែ កក្កដា ខាង​មុខ​ទេ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហៅ​អ្នក​ដែល​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ថា​ជា​ជនអគតិ​មាន​បំណង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។

ការធ្វើ​ពហិការ​ក្នុង​ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នេះ បើ​តាម​លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក គឺ​ដោយសារ​តែ​មាន​ការព្រួយបារម្ភ​ប្រឈម​នឹង​ការចោទប្រកាន់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ធ្លាប់​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បន្ទប់​ស្ថានការណ៍​ដែល​ប្រមូលផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​។

លោក​ គន្ធាមី ឲ្យ​ដឹង​ថា អង្គការ​និកហ្វិក​ជា​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ និង​សង្កេតការណ៍​បោះឆ្នោត ដែល​ហៅ​កាត់​ថា​បន្ទប់​ស្ថាការណ៍​មិន​បាន​ចុះ​ឈ្មោះ​ចូលរួម​សង្កេតការណ៍ សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ថ្ងៃ​ ២៩ ខែ​កក្កដា​ដោយសារ​រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ហើយ​ពួកគេ​មាន​ក្ដីបារម្ភ​អំពី​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់​ថា​៖ «​អង្គការ​និកហ្វិក​ចូលរួម​សង្កេតការណ៍​ក្រៅ​ផ្លូវការ​។ យើង​មិន​បញ្ជូន​ឈ្មោះ​អ្នក​សង្កេតការណ៍​ទៅ គ.ជ.ប. ដើម្បី​សុំ​គាត់​ទេ​។ យើង​នៅ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អ្នក​បោះឆ្នោត​ស្តីពី​សិទ្ធិ​បោះឆ្នោត​។ យើង​នឹង​ធ្វើការ​ឈរ​ឃ្លាំ​មើល​ដំណើរការ​អនុវត្ត​សិទ្ធិ​អ្នក​បោះឆ្នោត​ដូចជា​ការគំរាម​កំហែង​ ឬ​អំពើ​ហិង្សា​។ យើង​ឃ្លាំ​មើល​ក្រៅ​ផ្លូវការ​។ ថ្ងៃ​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​យើង​មិន​ចូល​ការិយាល័យ​បោះឆ្នោត​ទេ​តែ​យើង​ឃ្លាំមើល​បរិវេណ​ខាង​ក្រៅ​ពីព្រោះ​យើង​មិន​បាន​បញ្ជូន​ឈ្មោះ​ទៅ គជប​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​យើង​ជួប​បញ្ហា​ប្រឈម​ដោយសារ​អ្នក​សង្កេតការណ៍​របស់​យើង​មាន​ការ​ព្រួយបារម្ភ​ហើយ​ពួកគាត់​មួយ​ចំនួន​សុំ​ដក​ខ្លួន​មិន​ចូលរួម​ដូច្នេះ​យើង​ត្រូវការ​អ្នក​សង្កេតការណ៍​ចំនួន​តិច​ទេ​ដើម្បី​ឃ្លាំមើល​ខាង​ក្រៅ​ដែល​មាន​ចំនួន​ប្រហែល ១០០ នាក់​ជាង​ដើម្បី​ចល័ត​ឃ្លាំ​មើល​តាម​មណ្ឌល​បោះឆ្នោត​...​អ្នក​សង្កេតការណ៍​របស់​យើង​គាត់​មាន​ការ​បារម្ភ​ដោយសារ​ឃើញ​សភាពការណ៍​បច្ចុប្បន្ន​ដោយ​សារ​ឃើញ​មាន​ការ​លើក​ឡើង​ផ្សេងៗ​ឧទាហរណ៍​ថា​អ្នកណា​មិន​ទៅ​បោះឆ្នោត​ និង​មាន​បញ្ហា​ជា​ពួក​បដិវត្តពណ៌ ពួក​ឧទ្ទាម​ដែល​ជា​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ដែល​ធ្វើឲ្យ​អ្នក​សង្កេតការណ៍​របស់​យើង​មាន​ការ​ព្រួយបារម្ភ ដូច្នេះ​ហើយ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​យើង​ច្រើន​អាណត្តិ​ហើយ​គាត់​ក៏​សុំ​ឈប់​ទៅ​»​។

លោក​បន្ថែម​ថា ​ការបោះឆ្នោត​លើក​នេះ​នឹង​រលូន​ដោយសារ​តែ​មាន​កម្លាំង​សមត្ថកិច្ច ៨ ម៉ឺន​នាក់ ហើយ​ថា​កាលពី​ ២០១៣ កន្លង​ទៅ​អង្គការ​លោក​បាន​ដាក់​អ្នក​សង្កេតការណ៍​ចំនួន​ ២៥០០ ​នាក់ និង​ ២០១៧ ​ជាង​ ១ ​ម៉ឺន​នាក់​។ អង្គការ​និកហ្វិក​ធ្វើ​ជា​អ្នក​សង្កេតការណ៍​តាំងពី​ឆ្នាំ​ ១៩៩៨​។

លោក​បន្ត​ថា និកហ្វិក មិន​មាន​សម្ព័ន្ធ​ទៀត​ទេ​ដោយសារ​ថា បន្ទាប់ពី​បោះឆ្នោត​ឆ្នាំ​ ២០១៧ ​ហើយ​ក្រសួង​មហាផ្ទៃ​បាន​ចារ​លិខិត​មក​អង្គការ​និកហ្វិក​ឲ្យ​បញ្ឈប់​បន្ទប់​ស្ថានការណ៍​ពេល​នោះ​ស្ថាប័ន​ដែល​ប្រមូលផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​នោះ​ក៏​បាន​រំសាយ​វិញ​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​យើង​ធ្វើការ​ដោយឡែក​ពី​គ្នា​ហើយ​ភាគច្រើន​អង្គការ​ដែល​ចូលរួម​ពី​មុន​មក​គាត់​ក៏​មិន​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ដូច​មុន​ដែរ​។ តាម​ខ្ញុំ​បាន​ប្រជុំ​ជាមួយ​អង្គការ​ដៃគូ​មិន​មាន​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​បន្ទប់​ស្ថានការណ៍​ចុះ​ឈ្មោះ​សង្កេត​ទេ​ហើយ​អង្គការ ខមហ្វ្រែល ក៏​ធ្វើ​ដូច អង្គការ និកហ្វិក សង្កេត​នៅ​ខាង​ក្រៅ​ដូច​គ្នា​ ខណៈ​ពេល​អង្គការ​លីកាដូ និង​អាដហុក​គាត់​ឃ្លាំ​មើល​តែ​បញ្ហា​សិទ្ធិមនុស្ស​ និង​នយោបាយ​»​។

លោក​ យ៉ង សាំងកុមារ ​ប្រធាន​ក្រុមប្រឹក្សា​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថ្លែង​ថា​លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​ជា​ផ្លូវការ​នៅ​ឡើយ​អំពី​ចំនួន​នៃ​ស្ថាប័ន​ណាខ្លះ​ចូលរួម​សង្កេតការណ៍ ព្រោះ​ថា​ការសង្កេត​ការណ៍​បោះឆ្នោត​គឺជា​រឿង​ស្លាប់​រស់​សម្រាប់​ការបោះឆ្នោត​នាពេល​ខាង​មុខ​នេះ​ហើយ​ថា​បើ​គណបក្ស​របស់​លោក​មិន​មាន​អ្នក​សង្កេតការណ៍​ស្រប​តាម​ចំនួន​ដែល​ចង់​បាន​ទេ​គណបក្ស​នឹង​ពិចារណា​ថា​នឹង​ចូលរួម​បោះឆ្នោត​ ឬ​យ៉ាង​ណា​?

លោក​ថា​៖ «​យើង​ចាំមើល​វាយតម្លៃ​សភាពការណ៍​តទៅ​ទៀត​រហូត​ដល់​ខែ​មិថុនា​យើង​នឹង​ធ្វើការ​សម្រេច​ចិត្ត​ម្តង​ទៀត​ថា​យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឬ​យ៉ាង​ណា​ដែរ​។ ដូច​គណបក្ស​មូលដ្ឋាន​យើង​បាន​​បញ្ជាក់​ជំហរ​របស់​ខ្លួន​ហើយ​ថា​ទោះបី​យើង​បាន​ដាក់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក៏​យើង​មិន​ទាន់​សម្រេច​ថា​យើង​ចូលរួម​ការឃោសនា​ឬ​ក៏​អត់​ទេ​?»​។

លោក​បញ្ចាក់​ថា​៖ «​ប្រសិន​បើ​គណបក្ស​មូលដ្ឋាន​យើង​កំពុង​តែ​ជ្រើសរើស​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដែរ​យើង​មិន​ត្រឹម​តែ​រង់ចាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ទេ​យើង​ត្រូវ​ជួយ​ខ្លួនឯង​ដែរ​។ ខាង​គណបក្ស​យើង​ក៏​រើស​អ្នក​សង្កេតការណ៍​ផ្ទាល់​ខ្លួន​យើង​ដែរ​ប្រសិន​បើ​យើង​មិន​មាន​អ្នក​សង្កេតការណ៍​គ្រប់​ចំនួន​អប្បរមា​ស្តង់ដារ​របស់​យើង យើង​នឹង​មិន​ចូលរួម​ទេ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​បាន​លើក​ឡើង​ថា ទោះបី​មាន​អ្នក​សង្កេតការណ៍​ឬ​អត់​វា​មិន​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​ទេ​។

លោក​ថ្លែង​ថា ​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​ស៊ីសង​ទៅ​លើ​អ្នក​បោះឆ្នោត​មិនមែន​លើ​អ្នក​សង្កេតការណ៍​នោះ​ទេ ហើយ​ថា​ការសម្រេច​មិន​ចូលរួម​ការបោះឆ្នោត​ជា​សិទ្ធិ​របស់​ពួកគេ ហើយ​ទោះបី​អវត្តមាន​អង្គការ​ ២ ​នោះ​ក៏​មាន​អង្គការ​ជាច្រើន​ទៀត​ចូលរួម​ដូច្នេះ​មិន​ប៉ះពាល់​លទ្ធផល និង​ដំណើរការ​បោះឆ្នោត​ទេ​ពីព្រោះ​ពួកគេ​ចូលរួម​កន្លង​ទៅ​មិន​ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​រលូន​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​មាន​កន្លែង​ខ្លះ គាត់​ធ្វើ​មាន​ការ​រាំងស្ទះ ឬ​មួយ​ធ្វើឲ្យ​មាន​បញ្ហា​ខាង​សតិអារម្មណ៍​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។ គ្មាន​ការស្ទង់មតិ បញ្ចេញមតិ ឬ​វាយតម្លៃ​ផ្សេង​ក្រៅ​ផ្លូវការ​អត់​ទេ​គឺ​ខុស​ច្បាប់​ហើយ ហើយ​បើ​ចង់​និយាយ​ត្រូវ​តែ​ចុះ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​»​។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំពាក្យ គ.ជ.ប បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន កាលពី​ម្សិលមិញ​ថា​ច្បាប់​បោះឆ្នោត​មាត្រា ១០ នៃ​ការជ្រើសតាំង​តំណាងរាស្ត្រ​ចែង​ថា​អ្នក​សង្កេតការណ៍​អាច​ដាក់​ពាក្យ​ជា​អ្នក​សង្កេតការណ៍​ក៏​បាន​មិន​ដាក់​ក៏​មិន​មាន​ចាប់​បង្ខំ​ទេ ការបោះឆ្នោត​នៅ​តែ​ទៅ​រួច​។

លោក​បន្ថែម​ថា​៖ «​អត់​មាន​បញ្ហា​អី​ទាល់​តែ​សោះ​។ ការបោះឆ្នោត​នៅ​តែ​ស្រប​ច្បាប់​ដដែល​មិន​ត្រឹម​អង្គការ​ខមហ្វ្រែល​អង្គការ​និកហ្វិក ឬ​អង្គការ​ដទៃ​ទៀត​ទេ​បើ​មិន​ដាក់​ពាក្យ​សង្កេតការណ៍​ក៏​ការបោះឆ្នោត​ហ្នឹង​នៅ​តែ​ស្របច្បាប់​ និង​ទទួល​យក​បាន​ហើយ​ត្រូវ​ចាំ​ថា​អង្គការ អ្នក​សង្កេតការណ៍​ និង​ស្ថាប័ន​នានា​ត្រូវ​តែ​មាន​ជំហរ​អព្យាក្រឹត​»​។

លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​សង្កេតការណ៍​ជាង​ ៤០០០ ​នាក់​ក្នុង​នោះ​មាន​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ត្រូវ​ប្រកាស​ទទួល​រួច​ហើយ​ដែល​មាន​ចំនួន​ជាង ២០០០ ​នាក់​ និង​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា មាន​អ្នក​សង្គេតការណ៍​ជាង ២០០០ ​នាក់​ទូទាំង​ប្រទេស​។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook កាលពី​ម្សិលមិញ​ថា​៖ «​ច្បាស់​ណាស់​គឺ​គ្មាន​មេដឹកនាំ​ណា​មួយ​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ទៅ​បោះឆ្នោត​ទេ មាន​តែ​ជន​អគតិ​ដែល​មាន​បំណង​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ ទើប​ពួកគេ​អាច​ធ្វើ​ដូច្នេះ​»​។

លោក​ ហ៊ុន សែន បាន​ប្រៀបធៀប​ភាគរយ​នៃ​ការចូលរួម​បោះឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​រវាង​ប្រទេស​កម្ពុជា និង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​គឺ​កម្ពុជា​នៅ​តែ​មាន​អត្រា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​បណ្តា​ប្រទេស​ទាំង​នេះ​។

លោក​បញ្ជាក់​ថា​អឺរ៉ុប​មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្នុង​រង្វង់ ៣០% ក៏​អាច​ទទួល​យក​បាន រីឯ​សហរដ្ឋអាមេរិក​គឺ​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​តែ​ក្នុង​រង្វង់​ ៤០% ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំពោះ​កម្ពុជា​គឺ​មាន​ពលរដ្ឋ​ជាង ៦៩% ​ទៅ​បោះឆ្នោត​។ នេះ​គឺ​បង្ហាញ​ច្បាស់​អំពី​ការរីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​មិន​ដូច​ការ​បកស្រាយ​ដោយ​ជន​អគតិ​មួយ​ចំនួន​ឡើយ​៕