ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ជាង​ ៧០ ​ស្ថាប័ន ​បាន​ជួប​ពិភាក្សាគ្នា​ជុំវិញ​សំណើ​ដែល​ជា​អនុសាសន៍​បាន​ដាក់​ជូនទៅ​ក្រសួង​មហាផ្ទៃ​ក្នុង​ការដាក់​បញ្ចូល​ទៅក្នុង​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា សំណើ​ទាំងនោះ​ត្រូវ​បាន​ដាក់ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​នៅ​ចុង​សប្តាហ៍​នេះ​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ភីឌីភី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១៤ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្តីពី​សំណើ​អនុសាសន៍​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សកម្មភាព​បន្ត​នា​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ​។

លោក​បន្តថា សិក្ខាសាលា​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥ ខែសីហា​ ​មាន​ការចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ចំនួន​ ៧៥ ​ស្ថាប័ន ដើម្បី​បង្ហាញ​អំពី​លទ្ធផល​ដែល​តំណាង​អង្គការ​បាន​ជួប​ជាមួយ​ក្រសួង​មហាផ្ទៃ​នាពេល​កន្លងមក​ដោយ​ក្នុង​នោះ​មាន​ដូចជា​ការបង្ហាញ​ពី​មតិ​ធាតុ​ចូល​សម្រាប់​ធ្វើ​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ​។

លោក​លើកឡើង​ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចប់ទៅ​ក៏ពិតមែន ប៉ុន្តែ​កិច្ចការ​តស៊ូ​មតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គឺ​មិនទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ ព្រោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​នៅតែ​បន្ត ខណៈ​ការព្រួយបារម្ភ និង​មតិ​ធាតុចូល​របស់​សង្គម​ស៊ីវិល​ក៏​មិនទាន់​ត្រូវបាន​ដឹងថា នឹង​ត្រូវ​បាន​ដាក់​​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ឬ​ក៏​អត់​នៅ​ឡើយ​នោះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ក៏បាន​ជជែក​ជាមួយ​គ្នា​ក្នុង​ចំណោម​អង្គការ​ដែល​បាន​ចូលរួម​ថា កម្មវិធី​អ្វីដែល​យើង​ត្រូវ​ធ្វើ​បន្តទៀត ព្រោះ​នៅពេល​រដ្ឋាភិបាល បញ្ចប់​សេចក្តីព្រាង​វិសោធនកម្ម​របស់​ខ្លួន​ហ្នឹង គឺ​ខាងយើង​នឹង​ដឹង​ព័ត៌មាន​បន្ថែម​ដើម្បី​បាន​ចូលរួម​ជជែក​ពិភាក្សា​បន្ត​»​។

បើ​តាម​លោក គិមអេង តាមរយៈ​មតិ​ធាតុ​ចូល​របស់​ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើ​នៅក្នុង​ខេត្ត​ចំនួន ៥ កន្លងមក​គឺ​មាន​ស្នើឲ្យ​កែប្រែ​នូវ​ចំណុច​មួយចំនួន និង​ដាក់បញ្ចូល​នូវ​ចំណុច​ជាច្រើន​ដោយ​ក្នុងនោះ គឺ​ការស្នើឲ្យ​កាត់បន្ថយ​ភាពស្មុគស្មាញ​នៃ​ការធ្វើ​បែបបទ​ចុះបញ្ជី ការដាក់​របាយការណ៍ ជាពិសេស​នោះ​គឺ​ការរឹតត្បិត​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម​។

លោក​ ឈឹម កាន អគ្គនាយករង​ទទួលបន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្សនយោបាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ ២៥ ​សីហា ​ថា កន្លង​ទៅ​ក្រុម​ការងារ​បច្ចេកទេស​បាន​ជួបពិភាក្សា ជុំវិញ​ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ​រយៈពេល​ ៦ ​លើក​រួចមកហើយ​ក្នុង​នោះ​ក៏​បាន​ទទួល​នូវ​មតិ​ធាតុ​ចូល​ជាច្រើន​ពី​សំណាក់​តំណាង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​យកមក​ពិចារណា​ផងដែរ​។

លោក​ថា​ នៅ​ថ្ងៃទី​ ២៨ ​សីហា ​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​រៀបរៀង​វិសោធនកម្ម​នេះ​ហើយ​ក៏​នឹង​ពិចារណា​ទៅ​លើ​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​។ «​ដូច្នេះ​សំណើ និង​ធាតុ​ចូល​ទាំងអស់​ហ្នឹង​នឹង​យក​មក​ដាក់​បញ្ចូល ហើយ​ក្រុម​ការងារ​នឹង​យក​មក​ពិនិត្យ​ឡើង​វិញ​ទាំងអស់​ទៅលើ​ទិដ្ឋភាព​ហ្នឹង​»​។

ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៥ ដោយមាន​ ៩ ​ជំពូក និង​ ៣៩ ​មាត្រា​តែ​ច្បាប់​នេះ​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​ថា មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិសេរីភាព និង​ការបំពេញ​ការងារ​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​៕