ភ្នំពេញ៖ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៤ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ​មាន​សមត្ថកិច្ច និង​មន្ត្រី​ទទួល​បន្ទុក​ទាំង​អស់​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ការពារ ទប់ស្កាត់​ការ​បៀតបៀន ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​យេនឌ័រ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ និង​នៅ​តំបន់​បិទ​ខ្ទប់។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ការពារ និង​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់ដឹង​អំពី​ករណី​នៃ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ អំពើ​ហិង្សា​លើ​ស្ត្រី កុមារ និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដែល​អាច​កើត​មាន​នៅ​ក្នុង​អំឡុង​ពេល​នោះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បាន​លើក​ឡើង​ថា «ជា​ការ​ពិត​ណាស់ ការ​ធ្វើ​ចត្តាឡីស័ក គឺ​មាន​ការ​ចាំបាច់​នៅ​ក្នុង​ការ​កាត់​បន្ថយ និង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ប៉ុន្តែ​ការណ៍​នេះ​ក៏​មាន​ការ​ប្រឈម​នឹង​ផល​វិបាក​ខាង​ផ្លូវ​ចិត្ត និង​ផល​រំខាន​នៃ​សង្គម​ផង​ដែរ»។

នៅ​ក្នុង​ស្ថានភាព​នេះ គេ​ហៅ​ថា​ ជា​ស្ថានភាព​ប្រតិកម្ម​នៃ​ការ​ធ្វើ​ចត្តាឡីស័ក ដែល​នៅ​ក្នុង​នោះ​អាច​រាប់​បញ្ចូល​ទាំង​ករណី​កើន​ឡើង​នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង​យេនឌ័រ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជាដើម។

សេចក្តី​ថ្លែង​ការណ៍​នេះ បាន​បន្ត​ទៀត​ថា ស្ត្រី កុមារ និង​ក្រុម​អ្នក​ប្តូរ​ភេទ គឺ​ជា​ក្រុម​ដែល​ចាត់​ទុក​ថា ងាយ​រងគ្រោះ​ជាង​គេនៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​នេះ។ កម្រិត​នៃ​ភាព​តានតឹង​ផ្លូវ​ចិត្ត​របស់​ឪពុក​ម្តាយ បាន​នាំ​មក​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផ្លូវ​កាយ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​កុមារ។

អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា «ស្ត្រី និង​កុមារ​ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​បៀតបៀន​ផ្លូវ​ភេទ ការ​រំលោភ​បំពាន នៅ​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ទីតាំង​នៃ​ការ​បិទខ្ទប់ និង​ទីតាំង​ធ្វើ​ចត្តាឡីស័ក ឬ​កន្លែង​សម្រាក​ព្យាបាល​រួម ដែល​អំណោយផល​ដល់​អ្នក​ប្រព្រឹត្ត ខណៈ​ពេល​ដែល​ការ​យល់ដឹង​អំពី​ការ​បៀតបៀន​ផ្លូវ​ភេទ ឬ​ការ​រំលោភ​បំពាន និង​ការ​ផ្តល់​កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​នៅ​មាន​កម្រិត»។

ចំណែក​ឯ​ក្រុម​អ្នក​ប្តូរ​យេនឌ័រ/ភេទ អាច​ទទួល​រង​នូវ​ការ​មាក់​ងាយ​ធ្ងន់ធ្ងរ​ជាង​មុន​នៅ​ពេល​ដែល​គាត់​ស្ថិត​ក្នុង​តំបន់​ទីតាំង​ធ្វើ​ចត្តាឡីស័ក​រួម ឬ​កន្លែង​សម្រាក​ព្យាបាល​រួម​នេះ។

អង្គការ​សង្គម​ស៊ីវិល​សុំ​ឱ្យ​រដ្ឋាភិបាល លើក​កម្ពស់​បន្ថែម​ក្នុង​ការ​ដាក់​បញ្ចូល​សារ​ផ្សព្វផ្សាយ​ទប់ស្កាត់​អំពើ​ហិង្សា ការ​រើសអើង និង​ការ​មាក់​ងាយ​ផ្អែក​លើ​យេនឌ័រ នៅ​ក្នុង​តំបន់​ចត្តាឡីស័ក និង​តំបន់​បិទ​ខ្ទប់ ដែល​បង្ហាញ​ថា អំពើ​ហិង្សា​គ្រប់​ទម្រង់​ គឺ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ជា​ដាច់​ខាត ហើយ​អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​រួមមាន រ៉ាក់ (RHAC), គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្រ្តី (NGO-CEDAW), មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR), គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធ​ម៌នៅ​កម្ពុជា, យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC), សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត៕