ភ្នំពេញ៖ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ស្ត្រី និង​ការងារ​ចំនួន ៣ រួម​គ្នា​បើក​វគ្គ​បណ្តុះបណ្តល​ជំនាញ​សហគ្រិនភាព​ដល់​ស្ត្រី និង​យុវជ​នប្រមាណ ១ ៥០០ នាក់ ដោយ​អង្គការ​ទាំង​នេះ​រំពឹង​ថា វិធីសាស្រ្ត​បណ្តុះបណ្តាល​នេះ​នឹង​ជួយ​ជំរុញ​កំណើន​អាជីវកម្ម ឬ​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​ស្ត្រី។

សេចក្តី​ប្រកាស​រួម​របស់​អង្គការ​ទាំង ៣ នេះ បាន​ឲ្យ​ដឹង​ថា អង្គការ​ផេក (Pact) ដែល​អនុវត្ត​គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) និង​ផ្តល់​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​ចុះ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​នៅ​រសៀល​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ នេះ។

គម្រោង​នេះ នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សហគ្រិនភាព និង​ជំនាញ​ទន់​ដល់​ស្ត្រី និង​យុវជន​កម្ពុជា​ចំនួន ១ ៥០០ នាក់ ដើម្បី​ជំរុញ​កំណើន​អាជីវកម្ម ឬ​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​ពួក​គេ។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា៖ «វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កម្មវិធី​បណ្តុះបណ្តាល​ការ​អភិវឌ្ឍន៍​សហគ្រាស​តាម​សហគមន៍ (CBED) របស់​អង្គការ ILO ដោយ​ផ្អែក​លើ​សកម្មភាព និង​ការ​ចូលរួម ដែល​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ជា​ភាសាខ្មែរ និង​ស្រប​ទៅ​នឹង​បរិបទ​កម្ពុជា»។

លោកស្រី Veena Reddy នាយិកា​បេសកកម្ម USAID ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា៖ «កិច្ច​ព្រមព្រៀង​នេះ ជួយ​យើង​ឆ្ពោះ​ទៅ​រក​គោល​បំណង​រួម​របស់​យើង ដែល​នឹង​ជួយ​ស្ត្រី និង​យុវជន​ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩។ យើង​សង្ឃឹម​ថា វិធីសាស្រ្ត​ប្រកប​ដោយ​នវានុវត្តន៍​នេះ និង​កិច្ច​សហការ​របស់​យើង​ជាមួយ​អង្គការ ILO និង​អង្គការ​ផេក​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ចំណេះដឹង និង​ជំនាញ​ចាំបាច់​ដើម្បី​កែ​លម្អ​ជីវិត និង​អាជីវកម្ម​របស់​ពួក​គេ»។

លោកស្រី Sabine Joukes នាយិកា​អង្គការ​ផេក​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​នាយិកា​គម្រោង WE Act មាន​ប្រសាសន៍​ថា៖ «យើង​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ ILO ដែល​បាន​រៀបចំ​សម្ភារ​បណ្តុះបណ្តាល​សម្រាប់​បរិបទ​កម្ពុជា ជាជាង​យើង​រៀបចំ​សម្ភារ​បណ្តុះបណ្តាល​ឡើង​វិញ»។

ទាំង​អស់​នេះ​នឹង​ជួយ​ឱ្យ​ដៃគូ​អនុវត្តន៍​គម្រោង អាច​សម្រប​សម្រួល​វគ្គ​បណ្តុះបណ្តាល ដល់​សហគ្រិន និង​យុវជន​ឱ្យ​កាន់​តែ​លឿន និង​មាន​គុណភាព​ខ្ពស់ ដោយ​ធានា​បាន​នូវ​ការ​ទទួល​បាន​ផល​ខ្ពស់ ជាពិសេស​ក្នុង​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ដែល​ពួក​គេ​អាច​មាន​ជម្រើស​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល តាមរយៈ​ប្រព័ន្ធ​អនឡាញ ដើម្បី​កសាង​ជំនាញ និង​ដោះស្រាយ​បញ្ហា​ដែល​សហគ្រិន​តែងតែ​លើក​ឡើង។

លោក Charles Bodwell អ្នក​ជំនាញ​ការ​ផ្នែក​អភិវឌ្ឍ​សហគ្រាស​នៃ​អង្គការ ILO មាន​ប្រសាសន៍​ថា៖ «ការ​បណ្តុះបណ្តាល​ដោយ​ផ្អែក​លើ​សកម្មភាព​របស់​អង្គការ ILO គឺ​ជា​វិធីសាស្ត្រ​បណ្តុះបណ្តាល​ដែល​នាំ​ឱ្យ​មាន​ភាព​រីកចម្រើន​ទៅ​មុខ មាន​និរន្តរភាព និង​ទទួល​បាន​ផល»។

វិធីសាស្ត្រ​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ដៃគូ​ជាង ១៤០ ហើយ ដោយ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ៤០ ម៉ឺននាក់ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

តាមរយៈ​ភាព​ជា​ដៃគូ​នេះ លោក​រំពឹង​ថា សហគ្រិន​ស្ត្រី និង​បុរស​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ឱកាស​បណ្តុះបណ្តាល​អំពី​ជំនាញ​អាជីវកម្ម និង​ជំនាញ​ទន់។

គម្រោង WE Act ធ្វើ​ការ​ជាមួយ​ដៃ​គូ​ប្រមាណ ៣០ ដែល​រួមមាន​ស្ថាប័ន​ធ្វើ​អាជីវកម្ម​ក្នុង​ស្រុក អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម ក្រុមហ៊ុន​ឯកជន និង​ក្រុម​បណ្តាញ​ក្រៅ​ប្រព័ន្ធ ដែល​ផ្តល់​សេវាកម្ម​អភិវឌ្ឍន៍​សមត្ថភាព​ដល់​សហគ្រិន​ស្ត្រី និង​យុវជន។

អង្គការ ILO គឺ​ជា​ទីភ្នាក់ងារ​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ផ្តល់​នូវ​ជំនាញ​បច្ចេកទេស​លើ​ការ​អភិវឌ្ឍ​សហគ្រាស និង​ជំនាញ​ទន់​នៅ​កម្រិត​អន្តរជាតិ បាន​រៀបចំ​សម្ភារ​បណ្តុះបណ្តាល​ជា​ភាសា​ខ្មែរ​សម្រាប់​តម្រូវ​ការ​ក្នុង​ប្រទេស​កម្ពុជា។

ភាព​ជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​គម្រោង WE Act ប្រើប្រាស់ និង​រៀបចំ​សម្រួល​សម្ភារ​កម្មវិធី CBED ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគ្រិន​ស្ត្រី និង​យុវជន ក្នុង​ការ​ពង្រឹង​អាជីវកម្ម ឬ​ការ​ចាប់​ផ្តើម​អាជីវកម្ម។

ដៃគូ​អនុវត្តន៍​គម្រោង​របស់ WE Act ជា​ដំបូង​នឹង​ធ្វើ​ការ​ណែនាំ​វគ្គ​បណ្តុះបណ្តាល​នេះ ដល់​អ្នក​សម្របសម្រួល​ដោយ​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​អង្គការ ILO។

វា​គឺ​ជា​វិធីសាស្រ្ត​បណ្តុះបណ្តាល​ផ្អែក​លើ​សកម្មភាព​ដ៏​រឹងមាំ ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អនឡាញ (Online) និង​ដោយ​ផ្ទាល់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​របស់​អង្គការ​ទាំង ៣៕