
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នឹងក្រុមការងារ នៅឯក្រសួងមហាផ្ទៃ។ ផា លីណា
ភ្នំពេញៈ ក្រុមអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីពជាង ៦០ បានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ បង្ហាញក្តីបារម្ភជាថ្មីទៀត រឿងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ខណៈពេលដែលប្រតិភូសហភាពអឺរ៉ុបកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាពាក់ព័ន្ធនឹងរឿងនេះ។
សេចក្តីថ្លែងការណ៍សរសេរថា៖ «ក្នុងនាមជាអ្នកលើកស្ទួយ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន និងសិទ្ធិការងារ យើងយល់យ៉ាងច្បាស់អំពីគោលជំហរ និងការសម្រេចរបស់សហភាពអឺរ៉ុប។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង លើការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងជះផលអវិជ្ជមាន ដោយផ្ទាល់ និងប្រយោលដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជាទាំងមូល»។
សេចក្តីថ្លែងការណ៍បន្តថា ការដកប្រព័ន្ធនេះ អាចត្រូវបានបញ្ចៀស ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការសមរម្យដើម្បីបំពេញតួនាទីសម្រាប់ពលរដ្ឋ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវរដ្ឋធម្មនុញ្ញ ជាពិសេស ពាក់ព័ន្ធនឹងការប្ដេជ្ញាចំពោះកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តកតិកាសញ្ញាអន្តរជាតិពាក់ព័ន្ធ និងសេរីភាព សម្រាប់ការជួបជុំគ្នាជាដើម។
សេចក្តីថ្លែងការណ៍បន្តថា៖ «ដូច្នេះយើងជាអង្គការសង្គមស៊ីវិល សមាគម សហជីព និងប្រជាពលរដ្ឋខ្មែរសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការជាក់ស្ដែង និងហ្មត់ចត់ក្នុងការស្ដារ និងការពារនិងបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីធានាសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
អង្គការដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ក៏មានសមាគមអាដហុក អង្គការខុមហ្រ្វែល និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ផងដែរ។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ិង សែនករុណា ថ្លែងថា៖ «យើងបង្ហាញការព្រួយបារម្ភរបស់យើងទៅសាធារណជន និងភាគីពាក់ព័ន្ធ ដូចជាសហភាពអឺរ៉ុប និងរដ្ឋាភិបាល ដើម្បីឲ្យពួកគាត់ដឹង ពីការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលអំពីការដំណើរការដក EBA តាំងពីថ្ងៃទី ១២ ខែកុម្ភៈ»។
លោកបញ្ជាក់ថា៖ «លក្ខខណ្ឌដែលសហភាពអឺរ៉ុប ដែលបានដាក់នោះ មិនទាន់ឃើញរដ្ឋាភិបាល បានដោះស្រាយនូវលក្ខខណ្ឌណាមួយជាដុំកំភួនទេ ដើម្បីឆ្លើយតប។ អ៊ីចឹងយើងបារម្ភថា បើបាត់ EBA វាប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសខាងកម្មករ ហើយប៉ះពាល់ជាប្រព័ន្ធដល់សេដ្ឋកិច្ចរបស់កម្ពុជា»។
លោកថ្លែងថា ការលើកឡើងពីការអនុវត្តច្បាប់របស់រដ្ឋាភិបាល គឺមានលក្ខណៈរឹតត្បិតបើធៀបនឹងបទដ្ឋានអន្តរជាតិ។ «ច្បាប់ហ្នឹងមានភាពចម្រូងចម្រាស។ ពេលចេញមកមានលក្ខណៈរឹតត្បិត ទៅលើភាគីមាននិន្នាការនយោបាយ ដែលជំទាស់ទៅនឹងការដឹកនាំរបស់រដ្ឋាភិបាល។ អ៊ីចឹងយើងឃើញថា វាបម្រើទៅដល់ភាគីម្ខាង ដើម្បីវាយប្រហារ ឬផ្ដួលរំលំទៅលើភាគីម្ខាងទៀត»។
លោកករុណា បញ្ជាក់ថា គេមិនអាចយកប្រទេសកម្ពុជាទៅប្រៀបធៀបជាមួយប្រទេសផ្សេងទៀតបានទេ។ «ការអនុវត្តនិងការអភិវឌ្ឍប្រទេសមួយ វាមានលក្ខណៈ និងការទទួលខុសត្រូវ ចំពោះមុខអន្តរជាតិខុសគ្នា។ កម្ពុជាយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងមានសមាជិកជាច្រើន ដែលចូលរួមក្នុងកិច្ចព្រមព្រៀងហ្នឹង ហើយយើងស្ថិតក្រោមការឃ្លាំមើលពីអន្តរជាតិ»។
លោកថា៖ «ដល់ពេលគេ (អន្តរជាតិ) លើកឡើងពីការរំលោភបំពាន យើងបែរជាចោទប្រកាន់ថា ជាការរំលោភអធិបតេយ្យអីហ្នឹង វាអត់មានន័យអីទេ ព្រោះគេលើកឡើងគឺជាការគិតគូរ ពីសុខទុក្ខរបស់ពលរដ្ឋកម្ពុជា ជាពិសេសគេចង់ឃើញរដ្ឋាភិបាលគោរពសិទ្ធិពលរដ្ឋខ្លួនឯង»។
ប៉ុន្តែ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា អ្វីដែលបានកើតឡើង នៅកម្ពុជា កន្លងមកគឺជាការអនុវត្តច្បាប់របស់កម្ពុជា ហើយមិនមែនជាការរំលោភបំពានសិទ្ធិមនុស្ស ឬការមិនបំពេញកាតព្វកិច្ចអន្តរជាតិនោះដែរ។
លោកថ្លែងថា ការអនុវត្តច្បាប់នោះ គឺដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គមទប់ទល់ទៅនឹងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល តាមបែបអនាធិបតេយ្យ។
លោកថ្លែងថា៖ «សម្រាប់ជំហររបស់រដ្ឋាភិបាល យើងនឹងធ្វើការចរចាឲ្យអស់លទ្ធភាពជាមួយនឹង EU ដើម្បីធ្វើការពន្យល់បកស្រាយ ដើម្បីឲ្យគាត់យល់ថា ទាំងអស់នេះ គឺជាយន្តការ នៃការអនុវត្តច្បាប់។ យើងមិនបោះបង់ចោលយន្តការអនុវត្តច្បាប់ អធិបតេយ្យភាព គោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ដើម្បីជាថ្នូរនឹងជំនួយនោះទេ។ ប៉ុន្តែយើងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីកុំឲ្យមានការកាត់ផ្ដាច់នូវការអនុគ្រោះពន្ធទាំងអស់នេះ»។
លោកថ្លែងថា សង្គមស៊ីវិល មិនគួរដាក់បន្ទុកនេះមករាជរដ្ឋាភិបាលទេ តែផ្ទុយទៅវិញ ពួកគេគួរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីស្នើឲ្យ EU ធ្វើការពិចារណាដោយផ្អែកលើប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនជាធំ ជាជាងដើម្បីប្រយោជន៍នយោបាយរបស់ក្រុមអ្នកនយោបាយប្រឆាំង ហើយឲ្យអន្តរជាតិដាក់សម្ពាធលើប្រជាជាតិខ្លួនឯង។
ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលធ្វើឡើងខណៈប្រតិភូសហភាពអឺរ៉ុប កំពុងបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅកម្ពុជា ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ក្នុងដំណើរការត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់នាំទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ ចូលទៅកាន់ទីផ្សារនៃប្លុកដែលមាន ២៨ ប្រទេស។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ថ្លែងថា លោកមិនទាន់អាចអត្ថាធិប្បាយលើដំណើរទស្សនកិច្ចនេះបាននៅឡើយ។
លោកថ្លែងតាមសារអេឡិចត្រូនិកកាលពីម្សិលមិញថា៖ «សហភាពអឺរ៉ុបមានភាពច្បាស់លាស់ថា ខ្លួននឹងបន្តពិភាក្សា ជាមួយអាជ្ញាធរកម្ពុជា នៅក្នុងប៉ុន្មានខែតទៅមុខទៀត អំពីបញ្ហា EBA និងបញ្ហាពាក់ព័ន្ធ។ទស្សនកិច្ចនៅសប្ដាហ៍នេះ គឺជាផ្នែកមួយនៃដំណើរការនេះ»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា ក្រសួងរបស់លោកនឹងជួបជាមួយប្រតិភូអឺរ៉ុប នៅថ្ងៃពុធនេះហើយថា «វាជាផ្នែកមួយ នៃកិច្ចសន្ទនានយោបាយ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងដែរថា ប្រតិភូសហភាពអឺរ៉ុបនឹងជួបក្រសួងមហាផ្ទៃ នៅថ្ងៃពុធនេះដែរ។
កាលពីខែកុម្ភៈគណៈកម្មការអឺរ៉ុប បានចាប់ផ្ដើមនីតិវិធីផ្អាក EBA សម្រាប់កម្ពុជា ដែលជានីតិវិធីមានរយៈពេល ១២ ខែ។ ដំណាក់កាល ៦ ខែដំបូង ត្រូវគេហៅថា ដំណាក់កាល «តាមដាន និងវាយតម្លៃ» ជាពេលដែលមានទំនាក់ទំនងជិតដិត រវាងភាគីកម្ពុជា និងគណៈកម្មការអឺរ៉ុប ដើម្បីស្វែងរកដំណោះស្រាយរក្សា EBA៕