ភ្នំពេញ៖ សមាគម អង្គការ​សង្គម​ស៊ីវិល​ជិត ៤០ ស្ថាប័ន បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បិទ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​រូប​ភាព​ជា​អចិន្ត្រៃយ៍ ខណៈ​ស្ថាប័ន​ទាំង​នេះ​គាំទ្រ​រដ្ឋាភិបាល ចំពោះ​ការ​អនុវត្ត​បម្រាម​នេះ​បាន​ជោគជ័យ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ១៩។

កាល​ពី​ខែ​មេសា រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ទូរទស្សន៍ វិទ្យុ​គ្រប់​ប្រព័ន្ធ និង​តាម​អនឡាញ​ទាំង​អស់ រហូត​ដល់​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ រួម​ទាំង​ហាម​ឃាត់​ការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​ក្នុង​ពេល​កំពុង​រឹត​បន្ដឹង​វិធានការ​រដ្ឋបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩។

សេចក្តី​ថ្លែងការណ៍​រួម​របស់​សមាគម​អង្គការ​សង្គម​ស៊ីវិល​ចុះ​ថ្ងៃទី ៤ ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា សមាគម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​គ្រឿងស្រវឹង សុខភាព យុវជន សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ ធនធាន​ធម្មជាតិ ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ព័ត៌មាន​ដែល​បាន​ដាក់​ចេញ​វិធានការ​ទាំង​នេះ។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​បន្ត​ថា បច្ចុប្បន្ន​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​បង្ក​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ព្រោះ​ជំងឺ​នេះ​កំពុង​រីក​រាលដាល និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដោយ​មាន​អត្រា​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​កាន់​តែ​ខ្ពស់។ ជាក់ស្តែង​នៅ​ថ្ងៃ​ទីថ្ងៃទី ២ ខែ​ ឧសភា ឆ្នាំ ២០២១ កន្លង​មក​នេះ មាន​អ្នក​ឆ្លង​កូវីដ ១៩ រហូត​ដល់ ៨៤១ នាក់ ចំណែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ រហូត​មក​ទល់​ពេល​នេះ សរុប​មាន​ជាង ១០០ នាក់។

ស្ថាប័ន​ទាំង​នេះ​បាន​សង្កត់​ធ្ងន់​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ព្រម​ទាំង​បង្ក​ផល​ប៉ះពាល់ អវិជ្ជមាន​យ៉ាង​ច្រើន​ដល់​សុខភាព និង​សុខុមាលភាព​សង្គម ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា និង​ជា​បន្ទុក​ជំងឺ​ជាង ២០០ មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ឆ្នាំ ២០១២។

ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​សមាគម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បិទ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​គ្រប់​រូបភាព​ជា​អចិន្រ្តៃយ៍ ដើម្បី​លើក​ស្ទួយ​សុខភាព និង​សុខុមាលភាព​សង្គម ព្រម​ទាំង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ ជាមួយ​នេះ​ សមាគម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​លើក​ទឹក​ចិត្ត​ផង​ដែរ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បន្ត​រឹតត្បិត​ទៅ​លើ​ការ​លក់ដូរ និង​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​ជា​កត្តា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការ​ឆ្លង​ជំងឺ​កូវីដ ១៩។

ស្ងាប័ន​ទាំង​នោះ​បាន​បញ្ជាក់​ថា «ការ​បិទ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ជា​អចិន្ត្រៃយ៍​នឹង​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ផង និង​ជួយ​ដល់​ប្រជាពលរដ្ឋ​បន្ទាប់​ពី​ជំងឺ​កូវីដ​ ១៩ ​ផុត​រលត់​ផង​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​លើក​កម្ពស់​សុខភាព និង​សុខុមាលភាព​សង្គម ក៏​ដូចជា សន្សំ​ថវិកា​ដោះស្រាយ​វិបត្តិ​បំណុល ក៏​ដូចជា ការ​កាត់​បន្ថយ​កំណើន​នៃ​ភាព​ក្រីក្រ​នៅ​ក្នុង​សង្គម»។

លោក មាស សោភ័ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​លើក​ឡើង​នៅ​ថ្ងៃ​នេះ​ថា ពាក់ព័ន្ធ​នឹ​ងសំណើ​របស់​ស្ថាប័ន​ទាំង​នេះ ក្រសួង​ព័ត៌មាន​មិន​ទាន់​អាច​អនុវត្ត ឬ​សម្រេច​ទៅ​បាន​នៅ​ឡើយ​ទេ ដោយសារ​តែ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង។

ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា ដោយសារ​វិធានការ​របស់​ក្រសួង​នាពេល​កន្លង​មក​អនុវត្ត​បាន​ជោគជ័យ​ក្នុង​ការ​ផ្អាកផ្សាយ និង​លក់​គ្រឿង​ស្រវឹង​នោះ ក្រសួង​នឹង​ពិចារណា​ដាក់​ចេញ​វិធានការ​នេះ​បន្ត​ទៀត​ក្នុង​អំឡុង​ពេល​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ មិន​ទាន់​ត្រូវ​បាន​បញ្ចប់។

លោក​បាន​បញ្ជាក់​ថា៖ «ដោយសារ​តែ​មាន​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក៏​ដូច​ជា​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​នេះ ក្រសួង​កំពុង​ពិនិត្យ​ទៅ​លើ​ស្ថានភាព​នេះ ហើយ​ប្រសិន​បើ​មាន​អ្វី​ត្រូវ​អនុវត្ត​បន្ត​ទៀត ក្រសួង​នឹង​ជូន​ដំណឹង​ជា​បន្តបន្ទាប់​ដល់​សាធារណ​ជន​យើង»៕