ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល ពលរដ្ឋ ៥០ នាក់ និង​ស្ថាប័ន ដែល​កំពុង​ធ្វើការ​ដើម្បី​លើកកម្ពស់ សិទ្ធិមនុស្ស​របស់​ស្ត្រី និង​សមភាព​យេនឌ័រ​នៅ​កម្ពុជា បាន​ដាក់​លិខិត​ចំហ​មួយ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ចំនួន ៣ ស្នើ​សូមឱ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​មនុស្ស​ចំនួន ៣ នាក់​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ការបៀតបៀន និង​ការប្រើ​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រី។

ការស្នើ​ឱ្យមាន​ចំណាត់ការ​នេះ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​លើកឡើងថា ជា​ការដើរតួ​ជំនួស​តុលាការ។

យោងតាម​លិខិត​ចំហ​មួយ​ដែល​មាន​រាយ​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៦ ស្ថាប័ន និង​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​ ៥០ នាក់​បាន​ផ្ញើជូន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី និង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ស្នើសុំ​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​ករណី​លោក ឧកញ៉ា ហេង សៀ អតីត​ឧកញ៉ា ឌួង ឆាយ និង លោក អ៊ុក កុសល អតីត​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លើ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ការបៀតបៀន និង​ការប្រើ​អំពើហិង្សា​ផ្លូវភេទ​លើ​ស្ត្រី។

លិខិត​នេះ​បាន​លើកឡើង​ថា៖ «យើងខ្ញុំ​មាន​ការខកចិត្ត​ជាខ្លាំង ដែល​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​តាម​គោលការណ៍​ច្បាប់​ទៅលើ​ករណី​ហិង្សា និង​ការបៀតបៀន​ផ្លូវភេទ​កន្លងមក»។

ប្រភព​ដដែល​បាន​បន្ថែមថា៖ «វា​ជា​ការសង្វេគ​ណាស់​ទៅហើយ ដែល​ស្ត្រី​រងគ្រោះ​ត្រូវ​រស់នៅ​ជាមួយ​នឹង​អតីតកាល​ដ៏អាក្រក់​នេះ​អស់​មួយជីវិត​របស់គាត់ នៅពេល​ដែល​ស្ត្រី​ខំជម្នះ​និយាយ​ចេញមក​នូវ​រូបភាព និង​បទពិសោធ​ដ៏ឈឺចាប់​នេះ ក្នុង​គោលបំណង​តែមួយគត់​ គឺ​ដើម្បី​ទទួលបាន​យុត្តិធម៌​សម្រាប់​ពួកគាត់»។

លិខិត​ដដែល​បាន​បន្តថា ចំណាត់ការ​ដ៏ត្រឹមត្រូវ និង​យុត្តិធម៌​របស់​ក្រសួង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ នៅពេល​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការឱ្យ​សារ​ទៅ​ស្ត្រី​ជាច្រើន​ទៀត​ដែល​កំពុង​រងគ្រោះ ឱ្យ​មាន​ទំនុកចិត្ត​ និង​ជឿជាក់​ឡើងវិញ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​ជា​សារ​ទៅ​ដល់​សង្គម​ទាំងមូល​ថា កម្ពុជា​ពិតជា​មិន​អត់ឱន​ជាដាច់ខាត​ចំពោះ​អំពើហិង្សា​លើ​ស្ត្រី ហើយ​អ្នកប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ដូច​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ទទួលស្គាល់​លើ​លិខិត​តូបករណ៍ និង វិធានការ​លុបបំបាត់​ហិង្សា​លើ​ស្ត្រី​ និង​ក្មេងស្រី​ទាំង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ។

លិខិត​ចំហ​បន្តថា៖ «យើងខ្ញុំ​ទាំងអស់​គ្នា សង្ឃឹម​ជឿជាក់​ថា សម្តេច​ក្រឡាហោម លោកជំទាវ​បណ្ឌិត និង​ឯកឧត្តម នឹង​អន្តរាគមន៍​លើ​ករណី​ទាំងបី​ខាងលើ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​លើកស្ទួយ​ស្ថានភាព​ប្រសើរឡើង​នៃ​សិទ្ធិមនុស្ស​របស់​ស្ត្រី​កម្ពុជា និង​ឈានទៅ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង និង​ការប្រើ​អំពើហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី​ និង​ក្មេងស្រី»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ ទី ១២ ខែឧសភា នេះ​ថា​ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ កំពុង​ដើរតួ​ជំនួស​តុលាការ​ដោយ​បាន​ធ្វើការ​វាយតម្លៃ​អ្នកណា​ខុស​អ្នកណា​ត្រូវ អ្នកណា​គួរ​ទទួលទោស ឬ​មិនគួរ​ទទួលទោស ខណៈ​ពេល​ដែល​ខ្លួន​មិនបាន​ពាក់ព័ន្ធ​នឹង​អង្គហេតុ ហើយ​ក៏​មិនបាន​ដឹងថា អង្គហេតុ​ហ្នឹង​យ៉ាងណា​ដែរនោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ដូចនេះ ជាគោលការណ៍​ច្បាប់​គួរតែ​ទុក​ការងារ​នេះ​ឱ្យ​តុលាការ​ដែលជា​ស្ថាប័ន មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ​ថា អ្នកណា​ខុស​អ្នកណា​ត្រូវ ដោយសារ​ភាគី​ទាំងពីរ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់»។

លោក ជិន ម៉ាលីន បាន​បញ្ជាក់ថា សង្គម​ស៊ីវិល​គួរតែ​ចៀសវាង​ការដើរតួ​ជំនួស​តុលាការ ធ្វើការ​សម្រេច​ក្តី​ជំនួស​តុលាការ ដោយ​ទុកពេល​ឱ្យ​តុលាការ​ជា​អ្នកធ្វើការងារ​នេះ​ ដើម្បី​សម្រេច​តាមផ្លូវ​ច្បាប់។

លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​ហ្វេសប៊ុក​លោកស្រី​ដោយ​ចោទ​សួរថា គ្រាន់តែ​ស្តាប់​សំឡេង​នារី​រៀបរាប់​ពី​បទពិសោធន៍​នៃ​ការរំលោភបំពាន​គឺ​លំបាក​នឹង​ស្តាប់​ទៅហើយ ចុះ​សម្រាប់​រូបនាង ដែល​ត្រូវ​ប្រឈម​ផ្ទាល់​តើ​លំបាក​កម្រិត​ណា? នាង​មិន​ត្រឹមតែ​ពិបាក​ហា​ថ្លែង តែ​នាង​បែរជា​បន្ទោស​ និង​ស្អប់ខ្ពើម​ខ្លួន​នាង​ទៅវិញ ហេតុអ្វី?

លោកស្រី ចក់ សុភាព​បញ្ជាក់ថា៖ «សង្គម​នេះ​ត្រូវតែ​បញ្ឈប់​នូវ​វប្បធម៌​បន្ទោស​ជនរងគ្រោះ សង្គម​នេះ​ត្រូវ​ឆ្លើយតប​ជាបន្ទាន់​នូវ​ការផ្តល់​កិច្ច​គាំពារ​ទាំង​ផ្លូវច្បាប់ សន្តិសុខ​ផ្លូវកាយ និង​ផ្លូវចិត្ត និង​ការរួច​ផុតពី​ការគំរាម​កំហែង​ផ្សេងៗ ឬ​សូម្បីតែ​ការផ្សះផ្សា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដែល​បន្ត​អនុញ្ញាត​ឱ្យ​ជនរងគ្រោះ ត្រូវ​ហែល​ឆ្លង​នូវ​ភាពតក់ស្តុត និង​អំពើ​អយុត្តិធម៌​អស់​មួយជីវិត»។

លោកស្រី​បន្ថែម​ថា សូម​ផ្លាស់ប្តូរ​នៅពេលនេះ សូម​បញ្ឈប់​អំពើ​និទណ្ឌភាព វប្បធម៌​បន្ទោស​ជនរងគ្រោះ និង​វប្បធម៌​ដែល​ទាល់តែ​មាន​ការទាមទារ​ពី​ពលរដ្ឋ​ទើប​ប្រព័ន្ធ​នានា​ឆ្លើយតប៕