ភ្នំពេញៈ សង្គម​ស៊ីវិល​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​ករណី​នៃ​ស្ថានភាព​ចាប់រំលោភ​សេពសន្ថវៈ ដែល​បាន​កើត​មាន​ជា​ញឹកញាប់ ដែល​អាច​បណ្ដាល​មកពី​ការខ្វះ​ការអប់រំ​ឱ្យបាន​ទូលាយ​ដល់​តំបន់​នានា​នៅក្នុង​ខេត្ត​មួយចំនួន បញ្ហា​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សតិអារម្មណ៍ និង​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្លូវចិត្ត​នៅក្នុង​សង្គម ជាពិសេស​សម្រាប់​យុវតី និង​ក្មេងស្រី​។

លោក ឯម ឬទ្ធី ប្រធាន​អង្គការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​សេដ្ឋកិច្ច​បាន​ថ្លែង​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ព័ត៌មាន​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេពសន្ថវៈ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ប្រជាពលរដ្ឋ​អាច​ដឹងថា តើ​ការរំលោភ​សេពសន្ថវៈ​ហ្នឹង​មាន​ទោស​ទណ្ឌ​បែបណាខ្លះ​នោះទេ​»​។

លោក ឬទ្ធី បាន​អះអាង​ថា ការរំលោភ​សេពសន្ថវៈ​គឺជា​គុណវិបត្តិ​មួយ​សម្រាប់​សង្គម​ដែល​បង្ក​ភាពអសន្តិសុខ​ដល់​ស្ត្រី​នៅក្នុង​តំបន់​។ មួយវិញ​ទៀត កាលណា​បញ្ហា​នេះ​កើតឡើង​ញឹកញាប់​ក្នុង​សង្គម ឬ​​តំបន់​ណាមួយ​នោះ វា​បង្ក​ហានិភ័យ​ធ្វើឱ្យ​ស្ត្រី​ពេញវ័យ​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​កិច្ចការងារ​ក្នុង​របរ​ចិញ្ចឹមជីវិត​ផ្សេងៗ ចំណែក​ក្មេងស្រី​ក៏​មិន​ហ៊ាន​ចេញ​ដើរ​ម្នាក់ឯង​ជាពិសេស​ពេល​ទៅ​សាលារៀន​។

លោក ម៉ាត់ អាល់ពី ប្រធាន​អង្គការ​អភិវឌ្ឍន៍​សហគមន៍​បាន​ឱ្យដឹងថា ការរំលោភ​សេពសន្ថវៈ​ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ ពិតជា​មាន​ការកើតឡើង​ញឹកញាប់​មែន ហេតុនេះ​អាជ្ញាធរ​មូលដ្ឋាន ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​កិច្ចការងារ​នេះ​ធ្វើ​យ៉ាងណា​ឱ្យមាន​ការថយចុះ​ខ្លះ​។

លោក អាល់ពី ថ្លែងថា​៖ «​នេះ​គឺជា​ការងារ​ដែល​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល ឬក៏​ស្ថាប័ន​រាជរដ្ឋាភិបាល​ក្តី គួរ​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់ ការយល់ដឹង និង​ផលប៉ះពាល់​ជុំវិញ​រឿង​រំលោភ​សេពសន្ថវៈ​នេះ​ឱ្យ​បាន​ទូលំទូលាយ​»​។

លោក សុខ ប្រុសពៅ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ប្រាំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ ថា លោក​មាន​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សុវត្ថិភាព​កូនស្រី​ដែល​ទើប​ពេញវ័យ នៅពេល​សង្កេតឃើញ​មាន​ករណី​រំលោភ​សេពសន្ថវៈ​កើតឡើង​ញឹកញាប់ ជាពិសេស​គឺ​អំឡុង​ពេលដែល​​ពួកគេ​នៅផ្ទះ​ពេលយប់ ហើយ​អាណាព្យាបាល​ជាប់​រវល់​ទៅធ្វើ​ការងារ​នៅ​ឆ្ងាយ​ដូចជា​ទៅ​ធ្វើ​ចម្ការ​។

ទោះយ៉ាងណា​ក៏ដោយ​លោកស្រី ញេប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​មាន​ប្រសាសន៍​ថា ក្នុងនាម​តំណាងឱ្យ​រាជរដ្ឋាភិបាល​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់​ការពារ​ឧត្តមប្រយោជន៍​របស់​កុមារ​ទូទាំង​ប្រទេស មិន​ថា​ផ្តោត​ទៅ​លើ​តែ​អំពើ​បៀតបៀន​ផ្លូវភេទ ឬ​ក៏​យ៉ាង​ណាមួយ​នោះទេ កុមារ​ត្រូវតែ​មាន​សិទ្ធិ​គ្រប់គ្រាន់​។

លោកស្រី សុភាព ថ្លែងថា​៖ «​ជា​ទស្សនៈ​ខ្ញុំ យល់​ឃើញ​ថា​ឪពុកម្តាយ​មិនគួរ​ទុក​កូន​ចោល​មិន​រវីរវល់​កូន​នោះ​ទេ​ព្រោះ​វា​ជា​កំហុសឆ្គង​របស់​ឪពុកម្តាយ​ធ្ងន់ធ្ងរ​ណាស់​»​។

លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ថ្លែង​នាពេល​កន្លងមក​ថា ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​អង្កេត​ឃើញ​ថា មាន​ការបំពាន​ផ្លូវភេទ​លើ​កុមារ​មាន​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ច្រើន​ទៅៗ​។ ចំពោះ​ការបំពាន​ផ្លូវភេទ​លើ​កុមារ​នៅក្រោម​អាយុ​ ១៧ ​ឆ្នាំ ​ហាក់បី​ដូចជា​ច្រើន​ជាង​ស្ត្រី​ដែល​ពេញវ័យ​ទៅទៀត​។

ជា​ការកត់សម្គាល់​របស់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​រយៈពេល​កន្លងមក​ថ្មីៗ​នេះ តាមរយៈ​ការផ្សព្វផ្សាយ​នៃ​សារព័ត៌មាន​នានា​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២៩ ខែ​កញ្ញា ​បុរស​ម្នាក់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ ១៣ ឆ្នាំ រហូត​បាន​សម្រេច​នៅក្នុង​ចម្ការ​ដំឡូង​ស្ថិត​ក្នុង​ភូមិ​ថ្មពូន​កណ្ដាល ឃុំ​ថ្មពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។

នៅ​ខេត្តស្វាយរៀង​ឪពុកចុង​បាន​ចាប់​រំលោភ​កូនស្រី​អាយុ​ ១១ ​ឆ្នាំ ​ក្នុង​រយៈពេល​ ៩ ​ខែ រំលោភ​សម្រេច​ ៨ ​ដង​ទើប​បែកការ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ នៅ​ខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃទី​ ២៧ ​ខែ​កញ្ញា បុរស​ម្នាក់​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​វ័យ​ជាង​ ៥០ ​ឆ្នាំ​ បានសម្រេច​នៅ​ចំណុច​បឹងកំពង់ខ្ទុំ​ស្ថិត​ក្នុង​ភូមិ​កំពង់ខ្ទុំ ឃុំ​បាក់ចិញ្ចៀន ស្រុក​​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​៕

វីដេអូ៖