The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​ពន្យារពេល​សង់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ




អង្គការ​សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​ពន្យារពេល​សង់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

Content image - Phnom Penh Post
កិច្ចប្រជុំ​នៅ​ខេត្តកំពង់ចាម​កាលពី​ខែមីនា ជុំវិញ​គម្រោង​ទំនប់​នៅ​ឡាវ​។ រូបថត សហការី

អង្គការ​សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​ពន្យារពេល​សង់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

ភ្នំពេញ: អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៥ ​នៅ​កម្ពុជា​ដែល​ធ្វើការ​ទាក់ទង​ទន្លេ​មេគង្គ និង​ទន្លេសាប​បាន​ជំរុញ​ឲ្យ​ពន្យារពេល​សង់​ទំនប់​វារីអគ្គិសនី​លួងប្រាបាង​ក្នុង​ប្រទេស​ឡាវ​ដោយ​អះអាង​ថា ឡាវ​​នៅ​ខ្វះ​ការសិក្សា និង​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​បន្ថយ​ផលប៉ះពាល់​ដល់​ប្រទេស​នៅ​ខាងក្រោម​ទន្លេមេគង្គ​។

សេចក្តីប្រកាស​ព័ត៌មាន​រួម​ស្ដីពី​ «​ការពិគ្រោះ​យោបល់​ទំនប់​វារីអគ្គិសនី​លួងប្រា​បាងគួរ​ពន្យារពេល​» ​ចុះ​ថ្ងៃទី​ ២ ខែ​មិថុនា​ បាន​ឲ្យ​ដឹងថា កង្វះ​ការសិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​ដល់​បណ្តា​ប្រទេស​នៅ​ផ្នែក​ខាងក្រោម​ទន្លេមេគង្គ ត្រូវបាន​រកឃើញ​ថា ជា​បញ្ហា​ចម្បង​ក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​មុន​សង់​ទំនប់​វារីអគ្គិសនី​មួយ​នេះ​។

ការកត់សម្គាល់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ចូលរួម​ក្នុង​ដំណើរការ​ពិគ្រោះ​យោបល់​លើ​បញ្ហា​នេះ​កាលពី​ចុង​ឆ្នាំ​មុន ហើយ​បាន​ស្នើឲ្យ​មាន​ការសិក្សា​បន្ថែម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​អាច​ផ្តល់យោបល់​ជាក់លាក់​ទៅលើ​គម្រោង​នេះ​បាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា​​ការសិក្សា​វាយតម្លៃ​ផលប៉ះពាល់​ឆ្លងដែន​នេះ អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​យល់ថា នៅ​មាន​ភាពខ្វះ​ចន្លោះ​លើ​ការបំផ្លាស់ទី​របស់​ត្រី លំហូរ​ជលសាស្ត្រ លំហូរ​ដីល្បាប់ និង​ផលប៉ះពាល់​លើ​បឹង​ទន្លេសាប​។ កង្វះ​ការសិក្សា​លម្អិត​​នឹង​ធ្វើឲ្យ​ការកំណត់​នូវ​វិធានការ​បន្ធូរបន្ថយ​លើ​ផលប៉ះពាល់​អាច​មិនមាន​ ឬ​មាន​តិចតួច​ដែល​ធ្វើឲ្យ​ផលប៉ះពាល់​ជាក់ស្តែង​មាន​ទំហំ​កាន់តែ​ធំ​។

លោក ម៉ក់ ប៊ុនធឿន អ្នក​សម្របសម្រួល​បណ្ដាញ​សម្ព័ន្ធ​ទន្លេ​កម្ពុជា​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​បាន​ថ្លែង​ពីថ្ងៃ​អង្គារ​ថា ការប្រែប្រួល​នៃ​លំហូរ​ធម្មជាតិ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​បឹង​ទន្លេសាប ប៉ះពាល់​ដល់​ការលូតលាស់​របស់​ត្រី និង​សន្តិសុខ​ស្បៀង​របស់​កម្ពុជា​។ ​ម្យ៉ាងទៀត ការវាយតម្លៃ​លើ​ផលប៉ះពាល់​បឹង​ទន្លេសាប​គឺ​ផ្អែកលើ​ឯកសារយោង​ចាស់ៗ​តាំងពី​ឆ្នាំ​ ២០១៤ ទោះបី​ជា​មាន​ការសិក្សា​ថ្មីៗ​ក៏ដោយ​។

លោក​បន្តថា ទំនប់វារីអគ្គិសនី​ជា​ថ្នាក់ៗ​តាម​ទន្លេមេគង្គ​នឹង​ស្ទាក់​យក​ដីល្បាប់​យ៉ាងច្រើន​ពី​អាង​ប្រជុំ​ទឹកភ្លៀង​នៅ​ខ្សែទឹក​ខាងលើ​។ លំហូរ​ទឹកនឹង​ប្រែប្រួល​ខ្លាំង ហើយ​កាត់បន្ថយ​លំហូរ​ដីល្បាប់​យ៉ាងច្រើន​មក​ខ្សែទឹក​ខាងក្រោម​ដែល​នាំឲ្យ​មាន​ការបាក់​ដី និង​ការប្រែប្រួល​នានា​ដូច​រុក្ខជាតិ និង​សត្វ​នៅ​តាម​កន្លែង​នានា​ក្នុង​ដែនទឹក និង​លើដី​គោក​។

លោក​ថា​៖ «​ដោយសារ​ហានិភ័យ​មាន​កាន់តែ​ខ្ពស់ បង្ក​ដោយ​ទំនប់​ជាច្រើន​នៅ​ទន្លេមេគង្គ​ដែល​អាច​ផ្តល់​ផលប៉ះពាល់​ដល់​សហគមន៍​នៅ​កម្ពុជា​ដែល​ពឹង​អាស្រ័យ​លើ​ទន្លេមេគង្គ សម្រាប់​ការចិញ្ចឹម​ជីវិត អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​អភិបាលកិច្ច​ទឹក​នៅ​កម្ពុជា ស្នើឲ្យ​ពន្យារពេល​ដំណើរការ​ពិគ្រោះ​យោបល់​លើ​ការសង់​ទំនប់​លួងប្រាបាង​ដោយ​ផ្តល់​ពេលវេលា​បន្ថែម​ដល់​ម្ចាស់​គម្រោង​សិក្សា​ផលប៉ះពាល់​ឆ្លងដែន​ឲ្យ​បាន​ល្អិតល្អន់ ស៊ីជម្រៅ​...​ដើម្បី​និរន្តរភាព​ទន្លេមេគង្គ​»​។

តំណាង​ស្ថានទូត​ឡាវ​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​តាម​សារ​អេឡិចត្រូនិក ដើម្បី​សុំ​ការបញ្ជាក់​ពី​បញ្ហា​នេះ​បានទេ​។

លោក កុល វឌ្ឍនា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​លួងប្រាបាង​នេះ​នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា​ជាង​ ១ ​ពាន់​គីឡូម៉ែត្រ ហើយ​ក្នុង​ច្បាប់​ស្ដីពី​ទន្លេមេគង្គ​គឺ​រដ្ឋ​ជា​សមាជិក​មិន​មាន​សិទ្ធិ​ជំទាស់​គម្រោង​នេះ​ទេ តែ​ភាគី​ឡាវ​ក៏​គ្មាន​សិទ្ធិ​អភិវឌ្ឍន៍​ដោយ​មិន​គិតពី​ផលប៉ះពាល់​ប្រទេស​ដទៃ​ដែរ​។

លោក​បន្តថា មុន​ឈាន​ដល់​ការសិក្សា​គម្រោង​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ពី​ផលប៉ះពាល់ និង​ផលប្រយោជន៍​នានា​ដែរ​។ ​ក្នុងនោះ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​បានទទួល​យក​អនុសាសន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ច្រើន​ដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ឲ្យ​ពួកគាត់​ (​សង្គម​ស៊ីវិល​) ​ប្រមូល​បញ្ហា​ទាំងអស់​មក​យើង​នឹង​ទទួលយក​ដើម្បី​ទុកជា​ឯកសារ និង​គំនិត​បន្ថែម​។ ​ធម្មតា​អង្គការ​សង្គម​ស៊ីវិល​គាត់​តែងតែ​ធ្វើបែបនេះ ធ្វើ​បែប​នោះ​ហើយ ព្រោះ​គាត់​ទទួល​ជំនួយ​ពី​បរទេស ប៉ុន្ដែ​ក្នុងន័យ​អភិវឌ្ឍន៍ ឬ​អភិរក្ស​ហ្នឹង​គឺ​យើង​យល់​ហើយ គឺ​មិន​មាន​បញ្ហា​អ្វី​ទេ​»​។

គួររំឭកថា ទំនប់​វារីអគ្គិសនី​លួងប្រាបាង​ដែល​ស្ថិតនៅ​ខាងជើង​ប្រទេស​ឡាវ ខាង​លើ​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ុរី និង​ខាងក្រោម​ទំនប់​ប៉ាក់បេង គឺជា​គម្រោង​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​វៀតណាម​រួមទាំង​សាជីវកម្ម​ប៉េត្រូ​វៀតណាម​។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​ចុង​ឆ្នាំ​ ២០២០ ​នេះ​ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៧​។ ទំនប់​វារីអគ្គិសនី​នេះ​អាច​ផលិត​ថាមពល​អគ្គិសនី​ទំហំ​ ១ ៤៦០ ​មេហ្គាវ៉ាត់ ​សម្រាប់​លក់​ឲ្យ​ប្រទេស​ថៃ និង​វៀតណាម​៕

អត្ថបទគួរចាប់អារម្មណ៍