ភ្នំពេញៈ ​យុវ​ជន​ និង​ស្ត្រី​ប្រ​មាណ ​៤០០​ ​នាក់​ មក​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១២ ដែល​ធ្វើការ​ពាក់​ព័ន្ធ​ជា​មួយ​ស្ត្រី​បាន​ប្រមូល​​ផ្ដុំ​គ្នានៅ​ក្នុង​សណ្ឋា​គារ​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​ ២​ ខណ្ឌ​មាន​ជ័យ​ ដើម្បី​ប្រារព្ធសិទ្ធិរបស់​ពួក​គេ​ ដែល​មិន​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៨​ ដែល​ជា​ទិ​វានារី​អន្តរជាតិ។

ក្នុង​ពិធី​នេះ​ពួក​គេ​បាន​រំ​ឭក​ពី​ការតស៊ូ​មតិ​របស់​ស្ត្រី​មកពី​ចម្រុះ​វិស័យ​នៅ​កម្ពុជា ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ ​ដោយ​ការ​រើស​អើង ​រំលោភ​បំពាន​ផ្លូវភេទ​ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​។​ យុវ​ជន ​និង​ស្ត្រី​ទាំងនោះ​មក​ពីអង្គការ​ សីល​ការ​ អង្គការ​យេន​ឌ័រ​ និង​ដើម្បី​អភិវឌ្ឍ​កម្ពុជា បណ្តាញ​ការងារ​ស្ត្រី​រួមគ្នា​ សមាគម​មណ្ឌល​ព័ត៌​មាន​កម្មករ​ សមា​គម​ឥន្ទ​ធ​នូ​កម្ពុជា​ អង្គ​ការ CCHR ​ជា​ដើម ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​គោរព​នូវ​សិទ្ធិ​បុគ្គល​ ដែល​កើត​មានឡើង​ក្នុង​ទម្រង់​នៃ​អំពើ​ហិង្សា។

​លោក​ស្រី ​ប៊ិច ​ប៉ូ​ឡែ​ត​ នាយិកា​ប្រតិ​បត្តិ​អង្គការ​បណ្តាញ​ការងារ​ស្ត្រី​រួបរួម​ បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​ព្រឹត្តិ​ការណ៍​នេះ ​បាន​បង្ហាញ​ពី​សិល្បៈ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ និង​ការ​ចែក​រំ​លែក​នៃ​រឿងរ៉ាវ​ បទ​ពិសោធជាក់​ស្តែង​របស់​ស្ត្រី​រងគ្រោះ​មកពី​គ្រប់វិស័យ​នៅ​កម្ពុជា ដូចជា​ស្ត្រី​សកម្ម​ជន​ អ្នក​ប្រកប​របរ​​ផ្លូវភេទ​ កម្ម​ការ​ិនី​រោងចក្រ​កាត់​ដេរ​ សកម្ម​ជន​ដីធ្លី​ ជន​ពិការ​ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​ពួកគេ​បាន​ជួប​ប្រទះ​កន្លង​មក​ជុំវិញ​ជីវិត​នៃ​ការ​តស៊ូ ​និង​ការ​រំលោភ​បំពាន​ និង​អំពើ​ហិង្សា។​

​​លោក​ស្រី ប៊ិច​ ប៉ូ​ឡែ​ត​ អះ​អាង​ថា ​អំពើ​ហិង្សា​ផ្លូវកាយ ​ចិត្ត​ សេដ្ឋ​កិច្ច​ និង​អំពើ​ហិង្សា​ផ្នែក​យេន​ឌ័រ​ នៅ​តែ​បន្ត​កើត​លើ​ស្ត្រី ​កុមារី ​ដែល​ចេញ​ពី​ផ្នត់​គំនិត​ និង​បទដ្ឋាន​សង្គម ហើយ​វា​ក្លាយ​ជា​ឧប​សគ្គ​រារាំង​ដល់​ការអភិ​វឌ្ឍ ​និង​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី ​នៅ​កម្ពុជា។​ ដូច្នេះ ព្រឹត្តិការណ៍​នេះ ​នឹង​ជួយ​ឲ្យ​សាធារណជន​ ជាពិ​សេស​រាជ​​រដ្ឋាភិ​បាល​ ឲ្យ​មាន​ការ​ចូល​រួម ដោះស្រាយ​ បញ្ហា​ស្ត្រី ​និង​ទាមទារ​សិទ្ធិ​​ស្ត្រី ​ហើយ​បញ្ឈប់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី​នៅ​កម្ពុជា។​

​លោក​ស្រី​ថ្លែង​ថា៖ ​«​តាំង​ពីដើម​រហូត​ដល់​ឥឡូវ ​មិនទាន់​មាន​ការផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ ​ដោយ​សារតែ​ការ​រើសអើង​នៅ​តែ​បន្ត​មាន ​មិន​ថា​ ក្នុង​វិស័យ​ណា​ទេ ​រហូត​ដល់​ប្រជា​ពលរដ្ឋ​ធម្មតា​។​ ​ដូច្នេះ​យើង​ចង់​ផ្ញើ​សារ​ទៅ​កាន់​សាធារ​ណ​ជន​ រដ្ឋាភិ​បាល​ឲ្យ​គាត់​បាន​មើលឃើញ​ថា​អ្វី​ជា​បញ្ហាដែល​ស្ត្រី​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុ​ប្បន្ន ​ហើយ​បញ្ហា​ហ្នឹង​ត្រូវតែ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់​»​។​

អ្ន​ក​ស្រី ​ស្រី​ទី​ម ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​បង្ហាញ​សក្ខី​កម្ម​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ក្នុង​ព្រឹ​ត្តិ​​ការណ៍​នោះ ​បាន​និយាយ​ថា​ មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះក្នុង​អំឡុង​ពេល​ប្រកប​របរ​ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ខារ៉ាអូខេ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ការបម្រើ​​ការ​នៅ​ខា​រ៉ា​អូ​ខេ​ មិន​មែន​អាក្រក់​ទេ ​តែ​ទទួល​រង​នូវ​ការ​ប្រមាថ មើល​ងាយ​ និង​បៀតបៀន​ផ្លូវ​ភេទ​ ដែល​នាំ​ឲ្យ​ខ្ញុំ​ទទួល​រង​នូវ​ការ​ឈឺចាប់»។

​លោក​ អ៊ុក​ វុទ្ធី​ ជា​យុវជន​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​អះ​អាង​ដោយ​​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​ ក៏​ដូច​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិ​បាល​មក​លើ​​ស្ត្រី ដែល​កំពុង​រងគ្រោះ​នានា។​ ស្ត្រី​គួរតែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ដោយ​សារ​នៅ​ក្នុង​ជីវិត​ពួក​គេ​ជា​ច្រើន​ត្រូវ​បាន​រង​គ្រោះ​ដោយ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ។

លោក​បញ្ជាក់​ថា​៖​ «នៅ​ពេល​នេះ​ ខ្ញុំ​​គ្រាន់​តែ​ចូល​រួម​លើក​ទឹក​ចិត្ត​ ហើយ​ចង់ឲ្យ​រដ្ឋាភិ​បាល​ឃើញ​ដល់​ទុក្ខ​លំបាក​ដល់​ស្ត្រី​ឲ្យ​បាន​ច្រើន​ និង​ខ្វល់ខ្វាយ​ពី​ស្ត្រី ​និង​ធ្វើ​យ៉ាង​ណា​រៀប​ចំ​គោល​នយោ​បាយ​ជួយ​ដល់​ស្ត្រី​ឲ្យ​បាន។​ ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា​ រដ្ឋាភិ​បាល​ហាក់​មិន​សកម្ម​សោះ ​ក្នុង​ការ​ជួយ​ស្ត្រី​ឲ្យ​រស់នៅ​ដោយ​ភាព​ថ្លៃថ្នូរ​ និង​ការ​ទទួល​បាន​ការងារ​ល្អ»។

​លោក​ស្រី ​ម៉ាន ចិន្តា អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី​​មិន​អាច​ទាក់​ទង​បាន​ទេ​ កាល​ពី​ម្សិលមិញ។

ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​លោក​ស្រី ​អឹុង ​កន្ថា​ផាវី​ ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ ធ្លាប់​ទទួលស្គាល់​ថា​ អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​​លើ​ស្ត្រី ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​បញ្ហានេះ​កំពុង​សិក្សា​រៀបចំ​យុទ្ធ​សាស្ត្រ​ទប់ស្កាត់​ដែល​យុទ្ធ​សាស្ត្រ​ទប់ស្កាត់​នេះ​នឹង​ចេញ​ផ្សាយ​ជា​សាធារ​ណៈ​ក្នុង​ពេល​ឆាប់ៗ​ ស្រប​ពេល​ក្រសួង​ក៏​កំពុង​អនុវត្ត​ផែន​ការ​មួយ​ចំនួន​ ក្នុង​ការ​លើក​កម្ពស់​ដល់​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា៕​