ភ្នំពេញៈ អង្គការ​សង្គ្រោះកុមារ (save the children) ដាក់​ដំណើរការ​គម្រោង REACT មាន​ទឹក​ប្រាក់ ៣ លាន​អឺរ៉ូ (ប្រហែល ៣,៣៦ លាន​ដុល្លារ) ដើម្បី​ធានា​ថា កុមារ​កម្ពុជា​ត្រូវបាន​ការពារ​ដោយ​ច្បាប់​ក្នុង​ការ​ទទួល​បាន​សេវា​ប្រកប​ដោយ​គុណភាព​ក្នុង​គ្រួសារ ខណៈ​អង្គការ​នេះ​រក​ឃើញ​ថា កុមារនៅ​តាម​មណ្ឌល​ថែទាំ ៨០ ភាគរយ មាន​អាណា​ព្យាបាល តែ​ការ​រស់នៅ​ទីនោះ​ដែល​ជា​ការ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កុមារ។

លោកស្រី អេ​លីហ្សា​ប៊ែ​តភៀស នាយិកា​របស់​អង្គការ Save the Children ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកាស​គម្រោង​កាលពី​ម្សិលមិញ​ថា គម្រោង​រយៈពេល ៣ ឆ្នាំ​នេះ​នឹង​បង្ការ​កុមារ​កុំ​ឲ្យ​បែក​បាក់​ពី​គ្រួសារ​និង​បង្កើត​ចំនួន​កុមារ​ដែល​ត្រូវបាន​ធ្វើ​សមា​ហរណ​កម្ម​ដោយ​ជោគជ័យ​និង​សុវត្ថិភាព​ពី​មណ្ឌល​ថែទាំ​កុមារ​ទៅក្នុង​គ្រួសារ​វិញ។លោក​ស្រី​បន្ត​ថា ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​លើ​កិច្ច​ការពារ​កុមារ​ក្នុង​វិស័យ​នានា ប៉ុន្តែ​នៅ​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​ឡើយ​សម្រាប់​កុមារ។

លោកស្រី​បញ្ជាក់ថា៖ “យើងខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​ពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល ហើយ​ស្រប​ទៅ​នឹង​សេចក្តី​ណែនាំ​របស់​អង្គការ សហ​ប្រជាជាតិ​សម្រាប់​ការ​ថែទាំ​ជំនួស​និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ឆ្នាំ ២០១៩-២០២៣ ដោយ​ផ្តល់ អាទិភាព​ទៅ​ដល់​ការ​ជួបជុំ​គ្រួសារ ការ​ផ្តល់​ជូន​នូវ​សេវា​ថែទាំ​ជំនួស និង​ការ​បង្ការ​ការ​បែក​បាក់​រវាង​កុមារ និង​គ្រួសារ»។

នៅ​ឆ្នាំ ២០១៧ មាន​កុមារ​ជាង ១៦ ពាន់​នាក់​ រស់នៅក្នុង​មណ្ឌល​ថែទាំ​កុមារ​ទូទាំង​ប្រទេស ហើយ​ប្រមាណ​ជា ៨០ ភាគរយ​នៃ​ពួកគេ​មាន​ឪពុក​ឬ​ម្តាយ​ឬ​មាន​ទាំង​ឪពុក​និង​ម្តាយ​ដែល​នៅ​រស់។លោកស្រី អេលីហ្សា​ប៊ែត បាន​បន្តថា ទោះ​យ៉ាង​ណា កុមារ​ទាំង​នេះ នៅ​តែ​ត្រូវ​បាន​អាណា​ព្យាបាល​បញ្ជូន​មក​មណ្ឌល​ថែទាំ​ដែល​តាមរយៈ​ការ​ស្រាវជ្រាវ​អន្តរជាតិ​បាន​រក​ឃើញ​ថា ការ​ថែទាំ​កុមារ​ក្នុង​មណ្ឌល​ថែទាំ អាច​ផ្តល់​ផល​ប៉ះពាល់​រយៈពេល​វែង​ដល់​ការ​អភិវឌ្ឍ​ផ្នែក​រាងកាយ សង្គម អារម្មណ៍ និង​សតិ​បញ្ញា​របស់​កុមារ។

លោក ហ្វង់​គ័ វី​យោ ជាទីប្រឹក្សា​និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​នា​ឱកាស​នោះ​ដែរ​ថា ការ​វិនិយោគ​លើ​ការ​លើក​កម្ពស់​កិច្ច​ការពារ​សិទ្ធិ​កុមារ ដោយ​រួម​ទាំងឧត្តមភាព​របស់​កុមារ​គឺជា​អាទិភាព​របស់​សហភាព​អឺរ៉ុប។

លោក​បាន​បន្តថា៖ «តាងនាម​ឱ្យ​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ខ្ញុំបាទ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ឃើញ​គម្រោង​ដែល​យើង​ខ្ញុំ​គាំទ្រ​ស្រប​ទៅ​នឹង​គោល​ការណ៍​ណែនាំ​ស្តីពី​ការ​ថែទាំ​ជំនួស​ចំពោះ​កុមារ ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១០ របស់​អង្គការ​សហ​ប្រជាជាតិ​និង​ចូលរួម​ទៅដល់​ការ​អនុវត្ត​ផែនការ​សកម្មភាព​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ថែទាំ​កុមារ​ក្នុង​ប្រទេស​កម្ពុជា»។

បើតាម លោក ហ្វង់​គ័ វី​យោ គិតពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០២០ សហភាព​អឺរ៉ុប​ត្រូវ​ចំណាយ​ថវិកា ជាង ៤០០ លាន​អឺរ៉ូ ដើម្បី​ជួយ​កុមារ​នៅ​កម្ពុជា ក្នុង​នោះ គម្រោង REACT នេះ ក៏​ជា​ចំណែក​មួយ​ដែល​បាន​ចូលរួម​ផងដែរ ព្រោះ​បញ្ហា​នេះ នៅតែ​ជាការ​ប្រឈម​របស់​កុមារ​កម្ពុជា។

លោក នឹម ថូត រដ្ឋលេខាធិ​ការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ថ្លែង​ថា នេះ​គឺជា​ការ​ចូលរួម​ចំណែក​មួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សង្គម​កិច្ច​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​កុមារ​មាន​ភាព​ល្អប្រសើរ​ដែល​វា​នៅ​តែ​ជា​បញ្ហា​មួយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

លោក​បាន​បញ្ជាក់ថា៖ «ការអនុវត្ត​កន្លងមក នៅ​មិនទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែលម្អ និង​ការ​បង្កើត​ការ​វិភាជ​ថវិកា​បន្ថែម​ទៀត សម្រាប់​គាំទ្រ​ដល់​កុមារ ដែល​ពួកគេ​ភាគ​ច្រើន ងាយ​នឹង​រង​គ្រោះ»។

គម្រោង​ដែលមាន​ទឹកប្រាក់​ជាង ៣ លាន​អឺរ៉ូ​នេះ​នឹង​អនុញ្ញាតឱ្យ​អង្គការ Save the Children ផ្សារ​ភ្ជាប់​បណ្តាញ​ការពារ​កុមារ​ឈាន​មុខ​ទាំង ២ គឺ​បណ្តាញ​ថែទាំ​កុមារ​ក្នុង​គ្រួសារ​ជា​អាទិភាព​ចម្បង (Family Care First) និង​បណ្តាញ​ភាព​ជា​ដៃគូ​ដើម្បី​ការពារ​កុមារ (3PC) ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​មិត្ត​សំឡាញ់ អង្គការ​ទំនុក​ចិត្ត​កុមារ​កម្ពុជា ព្រមទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន ១៣ ផ្សេង​ទៀត ក្នុងការ​ចាប់ដៃ​គ្នា​ដើម្បី​លើក​កម្ពស់ និង​គាំទ្រ​កិច្ចការពារ​កុមារ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ព្រះសីហនុ កណ្តាល និង​សៀមរាប៕