កោះកុង: អង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) បានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០០ ដុល្លារដល់អ្នកដែលរាយការណ៍ និងអ្នកឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការលួចដុតព្រៃនៅតំបន់ដែនជម្រកសត្វព្រៃតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ក្នុងខេត្តកោះកុង ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា បទល្មើសបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា នឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និងពិន័យប្រាក់មួយចំនួនផងដែរ។
មន្ត្រីម្នាក់នៃ Wildlife Alliance ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា Wildlife Alliance បានជូនដំណឹងទៅសាធារណជនទាំងអស់ដែលបានឃាត់ខ្លួនជនសង្ស័យដែលលួចដុតព្រៃនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ស្ថិតក្នុងដែនដីឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ប្រគល់ជូនមកក្រុមការងារអង្គការលោកនឹងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥០០ ដុល្លារអាមេរិក។
លោកបញ្ជាក់ថា៖ «បងប្អូនណាដែលបានឃើញជនល្មើសលួចដុតព្រៃ ហើយរាយការណ៍មកក្រុមការងារអង្គការដើម្បីធ្វើការឃាត់ខ្លួនហើយបញ្ជូនទៅតុលាការដោយអង្គការនឹងផ្ដល់ប្រាក់ ៥០០ ដុល្លារ ប៉ុន្ដែបើបងប្អូនឃាត់ខ្លួនបានជនសង្ស័យយកប្រគល់ជូនអង្គការកាន់តែល្អថែមទៀត»។
លោកបន្ថែមថានៅក្នុងឆ្នាំនេះករណីដុតព្រៃ និងភ្លើងឆេះព្រៃមានច្រើនករណី ដែលគួរឲ្យព្រួយបារម្ភ និងមានហានិភ័យខ្ពស់ទៅលើសត្វព្រៃគ្រប់ប្រភេទ។ ដូច្នេះលោកសូមលើកទឹកចិត្តឲ្យពលរដ្ឋមូលដ្ឋាន ឬសាធារណជននានាជួយរាយការណ៍មកក្រុមការងារជំនាញ ដើម្បីចាត់វិធានការទាន់ពេលវេលាតាមច្បាប់។ បច្ចុប្បន្ននេះ Wildlife Alliance កំពុងគ្រប់គ្រងគម្រោងនៅដែនជម្រកសត្វព្រៃនៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងពីម្សិលមិញថា ការដុតព្រៃគឺជាបទល្មើសធនធានធម្មជាតិដែលអ្នកប្រព្រឹត្តខុសត្រូវតែប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ចំណែកការផ្តល់ប្រាក់រង្វាន់ចំពោះអ្នកដែលចាប់បានអ្នកដុតព្រៃគឺជារឿងធម្មតា ហើយការលើកទឹកចិត្តចំពោះអ្នកផ្តល់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសមិនមែនជារឿងចម្លែកឡើយគឺគេបានអនុវត្តនៅលើប្រទេសនានាដែរ។
លោកបន្តថាការដុតព្រៃវាធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិហើយការប្រើប្រាស់វិធីសាស្ត្រដុតព្រៃ ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិ។
ក្រសួងបរិស្ថានសូមរំឭកថា អនុលោមតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិមាត្រា ៦២ ចែងថាត្រូវផ្ដន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយ។
លោកបញ្ជាក់ថា៖ «ក្នុងករណីជនដែលបានប្រព្រឹត្តបទល្មើសដូចជា ការកាប់គាស់រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងការបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនានឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ និងពិន័យប្រាក់មួយចំនួនផងដែរ»។
លោក នេត្រ ភក្ត្រា បន្ថែមថាតាមច្បាប់ការប្រព្រឹត្តបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ នេះត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀលដល់ ១៥០ លានរៀល។
លោកបានបញ្ជាក់ថានៅក្នុងករណីបុគ្គលប្រព្រឹត្តបទល្មើសជានីតិបុគ្គលនោះទោសពិន័យជាប្រាក់ពី ១៥០ លានរៀលរហូតដល់ ២៥០ លានរៀល ហើយវត្ថុតាងទាំងអស់នោះនឹងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៕